ភ្នំពេញៈ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានបង្ហាញជំហរបន្ដគាំទ្រដល់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance ) ដែលបានដើរតួនាទីជាមួយរាជរដ្ឋាភិបាលកម្ពុជាអស់ពេលជាង ២០ ឆ្នាំកន្លងមកក្នុងកិច្ចការអភិរក្សជីវចម្រុះ និងការសង្គ្រោះថែទាំសត្វព្រៃ ខណៈអង្គការនេះបានប្តេជ្ញាធ្វើជាដៃគូកម្ពុជាក្នុងបេសកកម្មរបស់ខ្លួនរយៈពេល ៣០ ឆ្នាំទៅមុខទៀត។
ការបង្ហាញឆន្ទៈប្តេជ្ញាចិត្តរួមគ្នានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Suwanna Gauntlett នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣។
យោងតាមហ្វេសប៊ុកក្រសួងមហាផ្ទៃបានឱ្យដឹងថា ក្នុងជំនួបនោះលោកស្រី ស៊ូវណ្ណា ហ្គោនឡែត បានលើកឡើងពីសមិទ្ធផលនានាដែលអង្គការលោកស្រីសម្រេចបាននៅកម្ពុជា ជាពិសេសជោគជ័យក្នុងការអនុវត្តគម្រោងនាពេលកន្លងមក។
លោកស្រីបានបន្តថា៖«ក្នុងនាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមប្ដេជ្ញាចិត្តក្នុងការបន្តជាដៃគូជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជារយៈពេល ៣០ ឆ្នាំទៅមុខទៀត»។
ជាកិច្ចឆ្លើយតបលោក ស សុខា បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃក្នុងរយៈពេលជាង ២០ ឆ្នាំមកនេះដែលបានដើរតួនាទីយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារព្រៃឈើអភិរក្សជីវចម្រុះ, ការសង្គ្រោះ ថែទាំសត្វព្រៃ ព្រមទាំងការជួយជ្រោមជ្រែងដល់សហគមន៍មូលដ្ឋាន។
ជាមួយគ្នានេះលោកបានបង្ហាញការប្ដេជ្ញាចិត្តបន្តគាំទ្របេសកកម្មរបស់អង្គការនេះព្រមទាំងផ្ដល់កិច្ចសហការសម្របសម្រួលបញ្ហានានាក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ។
ក្រោយជំនួបនេះដែរ លោកស្រី ស៊ូវណ្ណា ហ្គោនឡែត បានសរសេរសារលើហ្វេសប៊ុករបស់លោកស្រីដែរថា៖«ខ្ញុំបានជួបជាមួយឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងជំនួបសម្តែងការគួរសមដើម្បីពិភាក្សាពីសារៈសំខាន់នៃដំណើររួមគ្នាជាច្រើនឆ្នាំ និងច្រើនជំនាន់របស់យើងឆ្ពោះទៅរកការការពារ និងអភិរក្សព្រៃឈើប្រកបដោយនិរន្តរភាពនាពេលបច្ចុប្បន្ន និងជីវចម្រុះ និងការងារការគោរពសិទ្ធិជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋានជាដើម»។
សូមរំឭកដែរថា កាលពីខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ តាមរយៈជំនួបរវាងក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ភាគីទាំង ៣ ក៏បានបង្ហាញពីការប្តេជ្ញាថា នឹងរួមគ្នាបន្តពង្រឹងចំណងជាដៃគូអភិវឌ្ឍន៍ និងចូលរួមគាំទ្រក្នុងយុទ្ធសាស្ត្រចក្រារបស់ក្រសួង ដើម្បីឈានទៅលើកកម្ពស់កិច្ចការពារបរិស្ថានឱ្យកាន់តែមាននិរន្តរភាព។
បន្ថែមលើកិច្ចការអភិរក្សជីវចម្រុះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃតាមរយៈគម្រោងរេដបូក ជួរភ្នំក្រវាញខាងត្បូងកំពុងផ្តល់ឱ្យមានការផ្លាស់ប្តូរលើការរស់នៅរបស់ប្រជាពលរដ្ឋជាង ៣ ៩៥៧ គ្រួសារនៅក្នុងតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ។ គម្រោងនេះគឺផ្តល់លទ្ធភាពទទួលបានទឹកស្អាតបរិភាគ ផ្លូវថ្នល់ ស្ពាន សាលារៀន មជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងអាហារូបករណ៍នៅសាកលវិទ្យាល័យផងដែរ៕