ភ្នំពេញៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានអះអាងថា កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចដែលរដ្ឋាភិបាលបានសន្យាកាលពីថ្ងៃទី ២៤ សីហាកន្លងទៅថា នឹងត្រូវដាក់ឱ្យអនុវត្តជាបន្ទាន់ក្នុងឆ្នាំ ២០២៣ នេះបានក្លាយជាការពិតអស់ហើយនៅមុនដំណាច់ឆ្នាំនេះតែម្តង។
លោក ប៉ែន បូណា បានបញ្ជាក់ដូចនេះតាមរយៈហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣ ដោយលោកបានបន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំដែលមិនមែនសន្យាចោល តែបានប្រែក្លាយការសន្យាឱ្យក្លាយជាការពិតទាំងអស់ និងយ៉ាងលឿនរហ័ស។
កម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ចំណុចដែលបានដាក់ឱ្យអនុវត្តជាបន្ទាន់ក្នុងឆ្នាំ ២០២៣ និងបានក្លាយជាការពិតអស់នៅមុនដំណាច់ឆ្នាំនេះ រួមមាន ការផ្តល់សេវាថែទាំសុខភាពឆ្ពោះទៅកាន់ការគ្របដណ្តប់ជាសកល, ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកូនអ្នកក្រីក្រ និងងាយរងហានិភ័យ, ការពង្រឹងកម្មវិធីជាតិជំនួយសង្គម,យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ, យន្តការសម្របសសម្រួល និងកម្មវិធីហិរញ្ញប្បទានដើម្បីជួយកសិករ និងចុងក្រោយការដាក់ពង្រាយមន្ត្រីជំនាញបច្ចេកទេសកសិកម្មតាមឃុំសង្កាត់ទូទាំងប្រទេស។
ដោយឡែកសម្រាប់កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលត្រូវបានប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី ៥ ខែធ្នូ លោក ប៉ែន បូណា បានឱ្យដឹងថា នេះជាកម្មវិធីចុងក្រោយក្នុងចំណោមកម្មវិធីអាទិភាពទាំង ៦។
លោកបានបញ្ជាក់ថា៖ «គោលដៅចុងក្រោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចង់បានគឺមិនទុកឱ្យពលរដ្ឋណាម្នាក់មិនទទួលបានសេវាសុខាភិបាលដោយមូលហេតុគ្មានលុយបង់ថ្លៃសេវា, មិនទុកឱ្យកូនអ្នកក្រខ្វះជំនាញវិជ្ជាជីវៈដោយសារតែគ្មានលុយបង់ថ្លៃសាលា, មិនផាត់ចោលអ្នកប្រកបរបរក្រៅប្រព័ន្ធចេញពីការជួយឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាល និងមិនទុកឱ្យកសិករជួបការលំបាកនៅក្នុងការប្រកបរបរកសិកម្មដោយមិនទទួលបានការគាំពារឡើយ»។
លោកបានសង្កត់ធ្ងន់ថា នេះជាដំណើរយ៉ាងស្វាហាប់នៃរាជរដ្ឋាភិបាលបន្តវេននៅលើគ្រឹះដ៏រឹងមាំដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដើម្បីក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយភាពប្រាកដនិយម និងជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានថ្លែងកាលពីថ្ងៃទី ៥ ខែធ្នូថា ការអនុវត្តកម្មវិធីជាតិជំនួយសង្គមកន្លងមក រាជរដ្ឋាភិបាលបានរៀបចំធ្វើសមាហរណកម្មកម្មវិធីជាតិជំនួយសង្គមដែលមានស្រាប់ និងបន្ថែមរបបគោលនយោបាយមួយចំនួនទៀតឱ្យទៅជាកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងបានបង្កើតឱ្យមានកម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបគ្រោះអាសន្ន។
លោកបានឱ្យដឹងដែរថា ការអនុវត្តកម្មវិធីកិច្ចគាំពារសង្គមកន្លងមក រាជរដ្ឋាភិបាលបានចំណាយថវិកាអស់ជាង ១ ៣០៥ លានដុល្លារលើកម្មវិធីកិច្ចគាំពារសង្គមចំនួន ៥ រួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំគិតចាប់ពីខែមិថុនា ឆ្នាំ ២០១៩ ដល់ចុងខែតុលា ឆ្នាំ ២០២៣ មានអ្នកចុះឈ្មោះចូលកម្មវិធីសរុប ៣៤៤ ៦៧៤ នាក់ និងបានចំណាយថវិកាចំនួន ២៨,៨៧ លានដុល្លារ។
លោក ជា សុមេធី បានបន្តថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ គិតត្រឹមថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ មានអ្នកចុះឈ្មោះចូលកម្មវិធីសរុបចំនួន ៦៩៨ ៥៨៥ គ្រួសារ និងចំណាយថវិកាឧបត្ថម្ភ ស្មើនឹង ១ ២១២,៦៩ លានដុល្លារ។
លោកបានថ្លែងទៀតថា៖ «ចំណែកកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ចប់សម្រាប់ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព គ្រួសារមានអ្នកឆ្លងជំងឺកូវីដ ១៩ និងគ្រួសារមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ គិតចាប់ពីខែមិថុនា ឆ្នាំ ២០២១ និងបានបញ្ចប់នៅខែតុលា ឆ្នាំ ២០២១ អ្នកទទួលផលសរុបចំនួន ១២៩ ៦៦៦ គ្រួសារ និងចំណាយថវិកាឧបត្ថម្ភសរុប ៨,៤៧ លានដុល្លារ»។
រីឯកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យពីផលប៉ះពាល់ធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់គិតចាប់ពីខែធ្នូ ឆ្នាំ ២០២២ និងបានបញ្ចប់នៅខែកុម្ភៈ ឆ្នាំ ២០២៣ មានគ្រួសារទទួលផលសរុបចំនួន ៩៩ ១៦៩ គ្រួសារ និងចំណាយថវិកាឧបត្ថម្ភស្មើនឹង ១១,៧៨ លានដុល្លារ។
លោករដ្ឋមន្ត្រីសង្គមកិច្ចបានបញ្ជាក់ថា សម្រាប់កម្មវិធីកិច្ចគាំពារសង្គមទី ៥ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាគិតចាប់ពីខែធ្នូ ឆ្នាំ ២០២២ ដល់ខែកក្កដា ឆ្នាំ ២០២៣ មានគ្រួសារទទួលបានការឧបត្ថម្ភចំនួន ៤៩៥ ៣០៧ គ្រួសារ និងចំណាយថវិកាស្មើនឹង ៤៤ លានដុល្លារ។
ទាក់ទងនឹងរឿងនេះដែរ លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានថ្លែងថា ជារួមមិនទាន់អាចវាស់វែងពីប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំងនេះថាសម្រេចបានលទ្ធផលបែបណានៅឡើយទេ ដោយគ្រាន់តែថា រាជរដ្ឋាភិបាលបានសន្យា ហើយបានធ្វើពិតមែនតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «កម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ចំណុចដែលបានដាក់ចេញនៅនីតិកាលទី ៧ នេះ បច្ចុប្បន្នឃើញថា រដ្ឋាភិបាលបានធ្វើ មិនមែនគ្រាន់តែចេញក្រដាសស្នាមទេ តែបានអនុវត្តពិតប្រាកដ ដូចជា មូលនិធិសង្គម ការពង្រាយមន្ត្រីជំនាញបច្ចេកទេសកសិកម្មតាមឃុំ-សង្កាត់ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជន គឺត្រូវបានធ្វើរួចរាល់ហើយ ប៉ុន្តែប្រសិទ្ធភាពនៃការអនុវត្តបែបណាមិនទាន់អាចវាស់វែងបានទេ គឺនៅរង់ចាំមើលបន្តទៀត»៕