កណ្ដាល: នៅតាម​តំបន់​ជនបទ សិស្សស្រី​វ័យក្មេង​នៅតែ​ប្រឈមមុខ​នឹង​បញ្ហា​ក្នុងការ​​ទទួលបាន​ការអប់រំ​កម្រិត​ខ្ពស់ ដោយសារ​កត្ដា​ជាច្រើន រួមមាន ការធ្វើដំណើរ​ឆ្ងាយ និង​គ្មាន​សុវត្ថិភាព ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​រារាំង​ពី​ការរៀន​គួរ​បន្ថែម និង​បញ្ហា​សង្គម​ដែល​ដាក់​កម្រិត​លើ​ជម្រើស​របស់​ពួកគេ​។​

​ទោះបី​ជាមាន​ឧបសគ្គ​ទាំង​នេះ​ក៏ដោយ ក៏​ភាព​ធន់ និង​ការ​តាំងចិត្ត​របស់​ពួកគេ​មាន​ភាព​ភ្លឺស្វាង នៅពេលដែល​ពួកគេ​ខិតខំ​ស្វែងរក​ចំណេះដឹង និង​អនាគត​ដ៏​ល្អប្រសើរ​។ ក្នុង​ថ្នាក់​រៀន​តូច​មួយ​នៃ​អនុវិទ្យាល័យ​ផ្លូវ​ត្រី ដែល​ស្ថិតនៅក្នុង​តំបន់​ជនបទ​នៃ​ខេត្តកណ្តាល​កុមារី ឌី ស្រី​​ណែ​ត អាយុ​​ ១៤ ឆ្នាំ អង្គុយ​អាន​សៀវភៅ​រួមគ្នា​ជាមួយ​មិ​ត្ដ​ភក្តិ​។​

​ការ​សម្លឹងមើល​យ៉ាង​យក​ចិត្ត​ទុកដាក់ និង​កំណត់ចំណាំ​ដ៏​ឧស្សាហ៍​ព្យាយាម​របស់​កុមារី​រូបនេះ​បានបង្ហាញ​ពី​ការផ្លាស់​​ប្តូរ​ដ៏​សំខាន់​នៅក្នុង​ទិដ្ឋភាព​អប់រំ​របស់​ប្រទេស​កម្ពុជា គឺ​ការ​កើនឡើង​នៃ​សមិទ្ធផល​សិក្សា​របស់​ស្ត្រី​។

​សមិទ្ធផល​នេះ​បានបញ្ជាក់​អំពី​វឌ្ឍនភាព​នៃ​ការលើកកម្ពស់​សមភាព​យេនឌ័រ និង​ការគាំទ្រ​ដល់​សិស្សានុសិស្ស​នៅតាម​ជនបទ ជួយ​ផ្សារភ្ជាប់​ការ​បែង​​ចែក​ផ្នែក​អប់រំ ផ្តល់​សិទ្ធិអំណាច​ដល់​ស្ដ្រី​ក្នុង​ការបន្ត​គោលដៅ​របស់​ពួកគេ បើទោះបី​ជាមាន​ឧបសគ្គ​ផ្សេងៗ​ក៏ដោយ​។​

​ឆ្នាំ​សិក្សា​ថ្មី​នេះ ស្រី​ណែ​ត រៀន​ថ្នាក់​ទី​ ៨ ដែល​បច្ចុប្បន្នកំពុង​សិក្សា​នៅ​អនុវិទ្យាល័យ​ផ្លូវ​ត្រី បាន​និយាយថា​៖ «​ខ្ញុំ​នឹង​បន្ដ​ការ​សិក្សា​នៅ​វិទ្យាល័យ​ទឹក​ឃ្លាំង ដែលមាន​ចម្ងាយ​ជិត ១០​ គីឡូ​​ម៉ែត្រ​ពី​ផ្ទះ ដោយ​ជិះ​ម៉ូតូ​ជាមួយ​សាច់ញាតិ​»​។​

​លោកស្រី ឃួន វិច្ឆិកា អ្នក​នាំ​​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ ឆ្នាំ​២០២៣ មាន​បេក្ខជន​ចុះឈ្មោះ ប្រឡង​សរុប​ចំនួន ១៣៥ ០៧២​នាក់ (​ស្រី ៧២ ៣៤៦​ នាក់​)​ សិស្ស​ប្រឡង​ជាប់ ៩៨ ៤៦០ ​នាក់ ឬ ៧២,៨៩ ភាគរយ​។

លោកស្រីបាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ក្នុងចំណោម​សិស្សានុសិស្ស​ប្រឡង​ជាប់​ទាំង​អស់ មាន​សិស្សស្រី ចំនួន ៥៦ ៤៩២ នាក់ ឬ ៧៨,០៩ ភាគ​រយ ហើយ​ក្នុងចំណោម​សិស្ស​និទ្ទេស A ១ ៦៧៣​ នាក់ មាន​សិស្សស្រី ៩៤៧​ នាក់​»​។​

​ចំនួន​សិស្សស្រី​មានការ​កើន​ឡើង​ជាង​ចំនួន​សិស្ស​ប្រុស គ្មានអ្វី​ចម្លែក​ទេ ដោយសារ​អតីត​​នាយករដ្ឋមន្ដ្រី លោក ​ហ៊ុន សែន អំឡុងពេល​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស​ A  ចំនួន ១ ០៤៩​ នាក់ កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២៣ បានលើកឡើង​ពី​ចំនួន​សិស្សស្រី​ជាប់​រហូតដល់​ជាង ៧០ ​ភាគរយ​។ យ៉ាងណាមិញ លោក​បែរជា​បារម្ភ​ពី​ការធ្លាក់ចុះ​នៃ​ការសិក្សា​របស់​សិស្ស​ប្រុស ដោយបាន​ប្រាប់​ឱ្យ​ក្រសួង​អប់រំ​ធ្វើការ​សិក្សា​ពី​ករណីនេះ​។​

​លោក​បាន​ថ្លែងថា​៖ «​ម្ខាង​យើង​មាន​មោទនភាព អំពី​ការ​កើនឡើង​នៃ​ចំនួន​សិស្ស​ជា​ស្ត្រី​ដែល​បាន​ប្រឡង​ជាប់​នៅ​មធ្យម​​សិក្សា​ទុតិយភូមិ តែ​ម្ខាង​ទៀត​យើង​ក៏​មានការ​កង្វល់​ដែរ កង្វល់​ត្រង់​ថា ហេតុ​អី​បានជា​ក្នុង​ចំនួន​អ្នក​ដែល​ជាប់ ១០០​ នាក់ ៧៧ នាក់​បាន​ទៅ​ស្ត្រី តើ​មកពី​មូល​​ហេតុអ្វី​? យុវជន​ចូលចិត្ត​ដើរ​​លេង ក្នុងពេលដែល​យុវនារី​សម្ងំ​រៀន​នៅផ្ទះ ឬ​យ៉ាងម៉េច​?»​។​

​ស្រី​ណែ​ត ដែល​ទទួលបាន​លិខិត​សរសើរ​ចំនួន​ ១៧ ​សន្លឹក ជាការ​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​​ផ្លាស់ប្តូរ ដែល​ការតស៊ូ និង​ការ​ប្តេជ្ញាចិត្ត​របស់​កុមារី​រូបនេះ​បាន​ឆ្លុះបញ្ចាំង​ពីបទ​ពិសោធន៍​កុមារី​ជាច្រើន​នាក់​នៅ​ជនបទ ដែល​កំពុង​ជម្នះ​ឧបសគ្គ​ប្រពៃណី ដើម្បី​បន្ត​ក្តី​សុបិន​នៃ​ការរៀន​សូត្រ​របស់​ពួកគេ​។​

 អ្នកស្រី វុន វុទ្ធី អាយុ ៣៨ ​ឆ្នាំ ជា​ម្ដាយ​របស់​កុមារី ស្រី​ណែ​ត រស់នៅ​ភូមិ​ថ្ម​គរ ឃុំ​ថ្ម​គរ ស្រុក​​ល្វាឯម ខេត្ដ​កណ្ដាល ដែលមាន​កូន​ ៣ ​នាក់ ស្រី​ ២​ នាក់ និង​ប្រុស​ ១ នាក់ មាន​អារម្មណ៍​ត្រេកអរ​ពេល​ឃើញ​កូនស្រី​រៀន​ថ្នាក់​ទី៧ ហើយ​តែងតែ​ទទួលបាន​បណ្ណ​សរសើរ​ពី​សាលារៀន​។​

​អ្នកស្រីប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​សប្បាយ​ចិ​ត្ដ​ណាស់​! ខ្ញុំ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ស៊ីឈ្នួល​គេ​យ៉ាងដូចម្ដេច​ឱ្យតែ​កូន​បាន​រៀន​។ ទោះបីជា​ពួក​ខ្ញុំ​ខ្វះខាត​យ៉ាងម៉េច ក៏ត្រូវ​ឱ្យ​គាត់​ទៅ​រៀន​ដែរ មិនឱ្យ​គាត់​បោះបង់​ទេ​»​។​

​ស្ដ្រី​ស៊ីឈ្នួល​ធ្វើ​ចម្ការ ដែល​បាន​សិក្សា​ត្រឹម​ថ្នាក់​ទី​៧ ខណៈ​ប្ដី​បាន​រៀន​ត្រឹម​ថ្នាក់​ទី៦ បាន​និយាយថា ដោយសារ​ខ្លួន​មិនបាន​រៀន​ជ្រៅជ្រះ ទើប​ពួកគេ​ខិតខំ​ប្រឹងប្រែង​ឱ្យ​កូនៗ​បាន​រៀន​។ ដោយសារ​បញ្ហា​ជីវភាព ម្ដាយមីង​របស់​កុមារី ដែល​ទទួលបាន​ប​ណ្ណស​រ​សើរ​ជិត ២០ សន្លឹក​បាន​ថតរូប​បង្ហោះ​តាម​បណ្ដាញ​សង្គម​អំពាវនាវ​ដល់​ស​ប្បុរ​សជន​ដែល​មានទឹក​ចិ​ត្ដ​ចង់​ឧបត្ថម្ភ​ដល់​កុមារី​ក្នុងការ​បន្ដ​ការសិក្សា​ទៅ​ថ្នាក់​វិទ្យាល័យ និង​សាកលវិទ្យាល័យ​។​

​របាយការណ៍​ឆ្នាំ ២០២២ របស់​អង្គការ​យូណេស្កូ​បាន​គូស​​បញ្ជាក់​ពី​ភាពជឿនលឿន​យ៉ាងសំខាន់​ក្នុងការ​អប់រំ​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​នៅ​កម្រិត​វិទ្យាល័យ ខណៈដែល​ការទទួលស្គាល់​បញ្ហា​ប្រឈម​ដែល​កំពុង​បន្ត​។​

​របាយការណ៍​បាន​បង្ហាញថា ទោះបីជា​មានការ​រីកចម្រើន​នៃ​ការចុះឈ្មោះ​ចូលរៀន និង​អត្រា​ជោគជ័យ​ក៏ដោយ សិស្សស្រី ជាពិសេស​នៅតាម​តំបន់​ជនបទ​នៅតែ​ប្រឈមមុខ​នឹង​ឧបសគ្គ ដូចជា​ភាពក្រីក្រ តួនាទី​យេនឌ័រ​ប្រពៃណី និង​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​។​

​ការទទួលបាន​ការអប់រំ​ខ្ពស់ និង​ផលប៉ះពាល់​នៃ​កត្តា​យេន​ឌ័​រ​នៅតែ​ជា​បញ្ហាសំខាន់​។ រាជ​​រដ្ឋាភិបាល​កម្ពុជា និង​អង្គការក្រៅរដ្ឋាភិបាល​កំ​ពុង​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​បង្កើត​បរិយាកាស​អប់រំ​ដែល​រួមបញ្ចូល​កាន់តែច្រើន ប៉ុន្តែ​ការផ្លាស់ប្តូរ​នៃ​ជំងឺ​រាតត្បាត​កូ​វីដ ​១៩ ចំពោះ​ការ​រៀន​តាម​អ៊ី​ន​ធឺ​ណិ​ត​បានបង្ហាញ​ពី​បញ្ហា​ប្រឈម​បន្ថែមទៀត​។ នេះ​បញ្ជាក់​អំពី​តម្រូវការ​សម្រាប់​ការបន្ត​ផ្តោតទៅលើ​ការជំរុញ​ការអប់រំ​ស្ត្រី​នៅ​កម្ពុជា​។​

​លោក កែវ សំ នាយក​សាលា​អនុវិទ្យាល័យ​ផ្លូវ​ត្រី​ទទួលស្គាល់ថា គ្រួសារ​ជាច្រើន​ក្នុង​ឃុំ​ថ្ម​គរ ជួប​ការលំបាក​ក្នុងការ​ចិញ្ចឹមជីវិត ប៉ុន្ដែ​កុមារ​ត្រូវបាន​លើក​​ទឹកចិត្ត​ឱ្យបាន​សិក្សា​តាំងពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ផ្តល់​អាហារូបករណ៍​ជា​រៀង​រាល់​ឆ្នាំ​។

លោក សំ និយាយថា សាលារៀន​ដែលមាន​សិស្ស​សរុប​ចំនួន ១៧៥​​ នាក់ និង​សិស្សស្រី​ចំនួន ៧៧​ នាក់​ក្នុង​ឆ្នាំ​ ២០២២-២៣ ស្ថិតនៅ​ទីតាំង​កណ្ដាល ដែល​សិ​ស្សា​-​នុ​សិស្ស​អាចធ្វើ​ដំណើរ​បាន​យ៉ាង​ងាយស្រួល​ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​។​

​អ្នកគ្រូ នាង សុ​ទ្ធី នាយិកា​​វិទ្យាល័យ​ ហ៊ុន សែន ​ទឹក​ឃ្លាំង បាន​និយាយថា នៅ​វិទ្យាល័យ​ហ៊ុនសែន​ទឹក​ឃ្លាំង​ជាទី​ដែល​កុមារី ស្រី​ណែ​ត នឹង​ចំណាយពេល ៣ ​ឆ្នាំ​ទៀត​ពេល​ចូលដល់​ថ្នាក់​ទី ​១០ ​ដែលមាន​ចំនួន​សិស្ស​​ស្រី និង​សិស្ស​ប្រុស​ប្រហាក់​​ប្រហែល​គ្នា ដោយ សិស្ស​សរុប ៨៦០ និង​ស្រី ៤២០​ នាក់ សម្រាប់​ឆ្នាំ​សិក្សា​ ២០២៣​។ ការធ្វើដំណើរ​ទៅ​សាលារៀន ផ្ដល់​អំណោយផល​ដល់​សិស្ស​ស្រី ដែល​ផ្ទះ​របស់​ពួកគេ​មិន​ឆ្ងាយ​ពេក​ទេ​។​

​អ្នកគ្រូបាន​ប្រាប់ ​ភ្នំពេញ​ប៉ុ ស្ដិ៍​ថា​៖ «​សិស្សានុសិស្ស​ធ្វើដំណើរ​ឆ្ងាយ​បំផុត​ចន្លោះ​ពី ​៦ ទៅ ​៧ គីឡូម៉ែត្រ តែដោយសារ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​បេតុង​ស្អាត​ទាំងអស់​។ សាលា​មានការ​លើក​ទឹក​ចិ​ត្ដ​គ្រប់​សិស្ស​ទាំង​​អស់ ហើយ​នៅ​វិទ្យាល័យ​នេះ ភាគច្រើន​ជា​សិស្សស្រី ដែល​រៀន​ពូកែ ដោយ​ពួកគេ​ទទួល​​បាន​រង្វាន់​លើក​ទឹក​ចិ​ត្ដ ដូចជា ថវិកា និង​សម្ភារ​សិក្សា​ជាដើម​»​។​

​ជាមួយគ្នានេះ​លោកស្រី​នា​យិ​​កា បានលើកឡើង​ពី​គុណ​តម្លៃ​នៃ​ការសិក្សា​សម្រាប់​សិ​ស្សា​​នុ​សិស្ស ជាពិសេស​ស្ដ្រី ដែល​ចៀស​ឆ្ងាយ​ពី​បញ្ហា​ឆបោក​ងាយស្រួល​ក្នុង​ការរក​ការងារ​ជួយ​ផ្គត់ផ្គង់​គ្រួសារ និង​មិន​ពឹង​ផ្អែកលើ​បុរស​។​

​ស្រដៀង​គ្នា​នេះដែរ ដំណើរ​រឿង​របស់​យុវតី លេខ ការី បានបង្ហាញ​ពី​ការតស៊ូ និង​ការតាំង​ចិត្ត​នៅ​តំបន់​ជនបទ​។ កាលពី​អាយុ ​១៤ ​ឆ្នាំ ការី បាន​បដិសេធ​យ៉ាង​ក្លាហាន​នូវ​អាពាហ៍ពិពាហ៍​ដែល​បានរៀបចំ​ដោយ​ឪពុក​​ម្តាយ​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្រៅ នៅក្នុង​ខេត្ត​រតនគិរី​។ ផ្ទុយទៅវិញ ការី បានជ្រើសរើស​យក​ការសិក្សា​រៀន​​សូត្រ​ដោយ​ប្រឈមមុខ​នឹង​ការ​លំបាក​យ៉ាងខ្លាំង​ដើម្បី​បាន​ចូលរៀន​។ នាង​បាន​ស៊ូទ្រាំ​នឹង​ការធ្វើដំណើរ​ដ៏​គ្រោះថ្នាក់ និង​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​ខ្លាំង ហើយ​ជារឿយៗ គឺ​ខ្វះ​អាហារ​ហូបចុក​គ្រប់គ្រាន់​ពេល​ស្នាក់​នៅក្នុង​អន្តេវាសិកដ្ឋាន​។​


​យុវតី ការី បច្ចុប្បន្ន​អាយុ ១៩ ឆ្នាំ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​នៅ​អន្តេវាសិកដ្ឋាន​ខ្ញុំ​មាន​កន្លែង​ស្នាក់នៅ តែ​ខ្ញុំ​ញ៉ាំ​តែ​អំបិល និង​ម្រេច​ជា​រៀងរាល់ថ្ងៃ​។ ដោយ​សារ​តែ​ការហូប​អាហារ​បែប​នោះ​ហើយ​ជា​មូល​ហេតុដែល​ធ្វើឱ្យ​ខ្ញុំ​ឧស្សាហ៍​ឈឺ​។ កាល​ខ្ញុំ​រៀន​ថ្នាក់​ទី​៨ ក៏​ខ្ញុំ​មិនមាន​លុយ​ហូប​ដែរ​។ រៀងរាល់​ ១ ​សប្តាហ៍ ឬ​ ២​ សប្តាហ៍ ខ្ញុំ​បាន​ទៅលេង​ផ្ទះ​។ សម្រាប់​មិត្តភក្តិ​របស់ខ្ញុំ ឪពុក​ម្តាយ​គាត់​ឱ្យប្រាក់​ ១​ ម៉ឺន ឬ​ ២​ ម៉ឺន​រៀល ហើយ​គ្រួសារ​ខ្លះ​ឱ្យ​កូន ៥ ​ម៉ឺន ឬ ១០ ម៉ឺន​រៀល ប៉ុន្តែ​សម្រាប់​ខ្ញុំ​វិញ​មិនបាន​សូម្បី​​តែ ១ ០០០ ឬ ២ ០០០ ​រៀល​ផង​»​។​

​បើទោះបី​ជាមាន​ឧបសគ្គ​យ៉ាង​​ណាក៏ដោយ ក៏​ការប្ដេជ្ញាចិត្ត​របស់ ការី ក្នុងការ​រៀនសូត្រ​មិន​ប្រែប្រួល​ឡើយ​។ ការចូលរួម​របស់​ក​ញ្ញា ជាមួយនឹង​អង្គការ Plan International Cambodia បាន​ឆ្លុះបញ្ចាំង​ពី​ការ​យកចិត្តទុកដាក់​មិន​ត្រឹមតែ​ចំពោះ​ការអប់រំ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​សិទ្ធិអំណាច​ដល់​ក្មេងស្រី​ដទៃទៀត​នៅក្នុង​សហគមន៍​របស់​កញ្ញា​ដែល​នៅ​តំបន់​ដាច់ស្រយាល​ផងដែរ​។​

​នៅក្នុង​ប្រទេស​ដែល​តួនាទី​យេនឌ័រ​ប្រពៃណី​បានកំណត់​ពី​បទដ្ឋាន​សង្គម​ជា​យូរ​មកហើយ ភាពជោគជ័យ​ដែល​កំពុង​កើន​ឡើង​របស់​សិស្សស្រី ដូចជា ស្រី​​ណែ​ត និង​ការី​ជាដើម​នេះ គឺជា​ដំណើរ​ផ្លាស់ប្តូរ​ដ៏​ល្អ​។​

​ខណៈដែល ​ស្រី​ណែ​ត ​កំពុងត្រៀមខ្លួន​សម្រាប់​ការសិក្សា​នៅ​ឆ្នាំ​បន្ទាប់​របស់ខ្លួន​ទៅ​វិទ្យាល័យ​ទឹក​ឃ្លាំង វា​ជា​និមិត្តរូប​នៃ​ក្តី​សង្ឃឹម និង​ការផ្លាស់ប្តូរ​។ កុមារី ដែល​ទទួលបាន​ប​ណ្ណស​រ​សើរ​ជាច្រើន​សន្លឹក​ក្នុង​កម្រិត​ថ្នាក់​ទី៧ រូបនេះ បាន​និយាយ​ឱ្យដឹងថា នាង​មានបំណង​ចង់​ក្លាយជា​គ្រូបង្រៀន ដោយសារតែ​ក្ដី​​ស្រឡាញ់​៕