ក្រចេះៈ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងស្ថាប័នពាក់ព័ន្ធបានបើកកិច្ចប្រជុំរួមគ្នាដើម្បីឈានទៅពន្លឿនការរៀបចំបង្កើតក្រុមការងារស្នូលឱ្យបានឆាប់ ដែលក្រុមការងារនេះទទួលបន្ទុកកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភនៅកម្ពុជាឱ្យកាន់តែប្រសើរ។
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ក្រោមជាតិខាងលើនេះបានរៀបចំឡើងនៅខេត្តក្រចេះកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិដែលជាសមាជិកអនុក្រុមការងារបច្ចេកទេស ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធ អង្គការដៃគូពាក់ព័ន្ធនៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងរតនគិរី។
នាឱកាសនោះ លោកជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាសហប្រធានអនុក្រុមការងារបច្ចេកទេសទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ បានឱ្យដឹងថា កិច្ចប្រជុំនេះ ក្នុងគោលបំណងប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយជាមួយផ្នែកពាក់ព័ន្ធលើការរៀបចំសេចក្តីព្រាងឯកសារបង្កើតក្រុមការងារស្នូលទទួលបន្ទុកសម្របសម្រួលកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ។
លោកបានបន្តថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងចំនួន៣តំបន់ រួមមានលើកទី១នៅខេត្តកំពត ដែលមានខេត្តតាកែវ និងកែប ចូលរួម។ លើកទី២នៅខេត្តក្រចេះដែលមានខេត្តស្ទឹងត្រែង និងរតនគិរីនិងលើកទី៣នៅខេត្តសៀមរាប ដែលមានខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ កិច្ចប្រជុំនេះបានពិភាក្សាលើចំណុច២សំខាន់ៗគឺ១ការកំណត់សមាសភាពថ្នាក់ខេត្ត ដែលចូលរួមក្នុងក្រុមការងារស្នូល និង២ តួនាទីនិងភារកិច្ច។
លោកបានបញ្ជាក់ថា៖«ការងារចាំបាច់របស់ក្រុមការងារស្នូលទទួលបន្ទុកសម្របសម្រួលកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ជាយន្តការមួយស្ថិតនៅក្រោមឆត្ររបស់ក្រុមការងារបច្ចេកទេសចំនួន២ គឺក្រុមការងារបច្ចេកទេសសន្តិសុខស្បៀង និងអាហារូបត្ថម្ភនិងក្រុមការងារបច្ចេកទេសទឹកស្អាត និងអនាម័យជនបទ»។
ទន្ទឹមគ្នានេះ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ ក៏បានលើកឡើងដែរថា បច្ចុប្បន្នបញ្ហាអាហារូបត្ថម្ភសុវត្ថិភាពម្ហូបអាហារ ទឹកស្អាត និងអនាម័យ នៅតែមានផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ សង្គមជាតិ សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងកូនចៅជាអន្តរជំនាន់។
លោកបានបន្តថា៖«ហេតុដូច្នេះ យើងត្រូវរួមសហការអនុវត្តទាំងអស់គ្នា ទាំងថ្នាក់ជាតិ ថ្នាក់អន្តរជាតិ និងសកលលោក និងបង្កើតឱ្យមានក្រុមការងារស្នូលដើម្បីកាត់បន្ថយបញ្ហាអាហារូបត្ថម្ភ បញ្ហាប្រព័ន្ធសុវត្ថិភាពស្បៀង និងធានាឱ្យបាននូវការលើកកម្ពស់ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សុវត្ថិភាពម្ហូបអាហារ ទឹកស្អាតនៅកម្ពុជា»។
តាមទិន្នន័យផ្លូវការរបស់អង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជា(CDHS)ឆ្នាំ២០២២បានបង្ហាញថា អត្រាក្រិសក្រិនកុមារក្រោមអាយុ៥ឆ្នាំបានធ្លាក់ចុះចំនួន១០ភាគរយ ពោលពី៣២ភាគរយនៅឆ្នាំ២០០៤មកត្រឹម២២ភាគរយនៅឆ្នាំ២០២២។ប៉ុន្តែអត្រាក្រិសក្រិននៅតែមានតួលេខខ្ពស់បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់។ជាងនេះទៀតអត្រាស្គមស្គាំងហាក់នៅទ្រឹងក្នុងរយៈពេល១០ឆ្នាំគឺនៅត្រឹម១០ភាគរយគិតចាប់ពីឆ្នាំ២០១៤មកដល់២០២២។តាមរយៈការសិក្សាស្រាវជ្រាវខាងលើក៏បានបង្ហាញដែរថាកត្តាកង្វះអនាម័យជាផ្នែកមួយនាំឱ្យកុមារមានបញ្ហាអាហារូបត្ថម្ភ៕