ក្រចេះៈ​ អគ្គ​លេខាធិ​ការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​លោក ​នាក់ យុ​ទ្ធា​ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​ក្រចេះ​រៀបចំ​ចុះស្ថិតិ​ចំនួន​អ្នក​ប្រើ​គ្រឿង​ញៀន​ នៅតាម​ភូមិ ​ឃុំ សង្កាត់​ ក្នុង​ខេត្ត​ ដើម្បី​លើក​ផែន​ការ​និង​វិធាន​ការ​សម្រាប់​ព្យា​បាល ​ស្តារនីតិ​សម្ប​ទា​ ឬ​ដោះ​ស្រាយ​បញ្ហា​ឱ្យ​បាន​សម​ស្រប​និង​មាន​ប្រសិទ្ធ​ភាព ។​

​សំណើ​នេះ​បាន​ធ្វើ​ឡើង​អំឡុងពេ​ល​លោក ​នាក់ យុ​ទ្ធា និង​លោក​ទុយ ​ប៊ុន​សេរី​រ័ត្ន​មុនី អភិបាលរ​ង និង​ជា​ប្រធាន​លេខាធិ​ការ​ដ្ឋាន​គណៈ​កម្មាធិ​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ខេត្ត​ក្រចេះ​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​បទ​បញ្ជាគោលការណ៍​ណែនាំ​ពាក់​ព័ន្ធ​នានា​ក្នុង​ការងារ​ប្រយុទ្ធប្រ​ឆាំង​គ្រឿង​ញៀន​ដែល​បានដា​ក់​ចេញ​ដោយ​រាជរ​ដ្ឋាភិបាលកន្លង​មក ​និង​ស្តាប់​របាយ​ការណ៍​ស្តីពី​វឌ្ឍន​ភាព​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ក្នុង​ខេត្ត​ក្រចេះ ​កាល​ពី​ថ្ងៃទី​៦ ​ខែធ្នូ​ ឆ្នាំ​២០២៣​។ ​នេះ​បើ​យោង​តាម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​។​

​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា ​ក្នុង​កិច្ច​ប្រជុំ​នេះ​លោក ​នាក់ យុ​ទ្ធា បាន​ស្នើ​សុំ​គណៈ​កម្មាធិ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​ក្រចេះ​បន្ត​យក​ចិត្ត​ទុកដាក់​និង​ពិចារ​ណា​រលើ​ការ​ចាត់ចែ​ង​ដឹក​នាំ​រៀបចំ​កិច្ច​ការ​មួយ​ចំនួនដើម្បី​ឱ្យ​ការ​គ្រប់​គ្រង​បញ្ហា​គ្រឿង​ញៀន​ក្នុង​ខេត្ត​មាន​ប្រសិទ្ធ​ភាព​។ 

​កិច្ច​ការ​ដែល​លោក​បានស្នើ​ទាំង​នោះ​រួម​មាន​ អាជ្ញា​ធរ​ខេត្ត​ត្រូវ​រៀបចំ​ផែនការ​សកម្ម​ភាព​សម្រាប់​ចាត់​តាំង​អនុវត្ត​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ឱ្យបាន​ឆាប់​តាម​ស្មា​រតី​នៃ​ការ​ណែនាំ​​របស់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កាល​ពី​ថ្ងៃទី​១៥ ​ខែកញ្ញា ឆ្នាំ​២០២៣ ​ដែល​ជា​កិច្ច​ការ​សំខាន់​និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់បំផុត​។​

​មួយ​វិញ​ទៀត​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​​ខ្លឹម​សារនៃ​ឯកសារ​គោលកា​រណ៍​ណែ​នាំឱ្យមា​ន​ប្រសិទ្ធភា​ព​ខ្ពស់​លើ​គ្រប់​ចំណុច​ពាក់​ព័ន្ធ និង​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខេត្ត​នីមួយៗ ។​

​លោក ​នាក់ យុ​ទ្ធា បាន​បញ្ជាក់​ថា​៖«​ត្រូវ​រៀបចំ​យន្ត​ការ​គាំទ្រ​និង​តាម​ដាន​ឱ្យ​បាន​ច្បាស់លា​ស់​សម្រាប់​ការប​ញ្ជូន និង​ទទួល​អ្នក​ប្រើ​គ្រឿង​ញៀន​ទៅ​ព្យា​បាល ​ស្តារនី​តិស​ម្បទា និង​សមា​ហរណក​ម្ម និង​ត្រូវ​រៀបចំ​ចុះបញ្ជី​ស្ថិតិ​ចំនួន​អ្នក​ប្រើ​គ្រឿង​ញៀន​ដែលមា​ន​នៅតាម​ភូមិ​ ឃុំ ​សង្កាត់​ ក្នុង​ខេត្ត​ ដើម្បី​លើក​ផែន​ការ​ និង​វិធាន​ការ​សម្រាប់​ព្យា​បាល ស្តារ​នីតិ​សម្ប​ទា ឬ​ដោះ​ស្រាយ ចំពោះ​ឱ្យបាន​សម​ស្រប និង​មាន​ប្រសិទ្ធ​ភាព​» ។ 

​លោក​បន្ត​ថា ​អាជ្ញាធ​រខេត្ត​ក៏ត្រូវ​រៀបចំ​ និង​ពង្រឹង​យន្តការ​សម្រាប់​ការងារ​ប្រយុទ្ធប្រ​ឆាំង​គ្រឿង​ញៀន​ពី​ថ្នាក់​ខេត្ត ដល់​ ឃុំ ​សង្កាត់​ ដោយ​ផ្អែក​លើ​លិខិតប​ទដ្ឋាន​ណែនាំ​នា​ដែល​មាន​កន្លង​មក ​សំដៅ​ចូលរួម​អនុវត្ត​ឱ្យមានប្រសិទ្ធ​ភាព​នូវ​ការ​អនុវត្ត​គោល​នយោ​បាយ​ ភូមិ ​ឃុំ ស​ង្កាត់​ មាន
​សុវត្ថិ​ភាព ។​

​ក្នុង​នាម​គណៈ​កម្មា​ធិកា​រ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ខេត្ត​ក្រចេះ ​លោក​  ទុយ ប៊ុន​សេរី​រ័ត្ន​មុនី បាន​លើក​ឡើង​អំពី​ការ​ចាត់​តាំង​អនុវត្ត​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ស្រប​តាម​ផែនកា​រ បទ​បញ្ជា ​និង​គោល​ការណ៍​ណែ​នាំ​នានា​ដែល​បាន​ដាក់​ចុះ​កន្លង​មក ដូចជា ​ការ​អប់រំ បង្ការ​ ទ​ប់ស្កាត់ ​បង្ក្រាប ​ព្យាបា​ល ស្តារនីតិ​សម្ប​ទា ត្រួត​ពិនិត្យ​សារ​ធាតុ​គីមី​ផ្សំ សំដៅ​សុខុ​មាល​ភាព​របស់​ប្រជា​ពលរដ្ឋ​ចៀស​ផុតពី​បញ្ហា​គ្រឿង​ញៀន​ស្រប​តាម​ឆន្ទ​:​របស់​រាជ​រដ្ឋាភិ​បាល​នីតិ​កាល​ទី​៧ នៃ​រដ្ឋ​សភា​។ 

​ពាក់​ព័ន្ធ​គ្រឿង​ញៀ​នេះ​លោក​ អំ សំអាត ​នាយក​ទទួលប​ន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកា​ដូ​ធ្លាប់​ថ្លែង​ថា បញ្ហា​គ្រឿ​ងញៀន​ត្រូវ​ផ្តើម​ចេញពី​បុគ្គល​នីមួយៗ ​ពោល​គឺ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ទាំង​មន្ត្រី​អនុវត្ត​ច្បាប់ ​ក៏ដូចជា​ពលរដ្ឋ​ខ្លួន​ឯង​។ លោក​ថា​៖«​ប្រសិន​បើ​កងក​ម្លាំង​ទាំ​ងអស់​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្រឿង​ញៀន​គឺជា​ការ​ចាប់​ផ្តើម​មួយ​ក្នុងការ​ទប់​ស្កាត់ហើយ​វា​ជា​គុណ​តម្លៃ​នៃ​កង​កម្លាំង​គ្រប់​ប្រភេទ​ប្រសិន​បើ​នៅ​ឆ្ងាយ​ពី​គ្រឿង​ញៀន​។ដូច្នេះ​រាល់​ការ​ដាក់​វិធាន​ការទាំង​អស់​គឺជា​រឿង​មួយ​ដើម្បី​ចូលរួម​ទប់​ស្កាត់​គ្រឿង​ញៀន​ព្រោះ​គ្រឿ​ងញៀន​បំផ្លាញ​សង្គម​ជាតិនិង​ធន​ធាន
ម​នុស្ស​»​។​

​គួរ​ជម្រាប​ថា លទ្ធ​ផល​នៃការបង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ទូទាំង​ប្រទេស​ថ្ងៃទី៦​ ធ្នូ ​មានចំនួន​២២​ករណី ​ឃាត់​ខ្លួន​ជន​ពាក់​ព័ន្ធ​ចំនួន​៧១​នាក់ដែល​រឹបអូស​វត្ថុ​តាង​បាន​រួម​មាន​មេ​តំ​ហ្វេ​តា​មីន​(Ice)៥៥,០៦​ក្រាមនិង​៥​កញ្ចប់​តូច​ និង​មេ​តំ​ហ្វេ​តា​មីន​(Wy)​ចំនួន​០,១៥​ក្រាម​៕