ភ្នំពេញៈ​ ថ្នាក់​ដឹក​នាំ​រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា ​ឡាវ ​និង​ប្រទេស​វៀត​ណាម​ បាន​ប្តេជ្ញា​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការនិង​ភាព​ជា​ដៃគូ​សភា​ ដើម្បី​លើក​កម្ពស់​ផល​ប្រយោ​ជន៍​រួម​របស់​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់​នៃ​ប្រទេស​ទាំង​៣ (CLV)​។​

​ការ​ប្តេជ្ញា​របស់​ប្រធា​នរ​ដ្ឋសភា​នៃ​ប្រទេស​ទាំង៣​នេះ ​បានធ្វើ​​ឡើង​នៅក្នុង​កិច្ចប្រ​ជុំ​កំពូល​សភា​កម្ពុជា​-​ឡាវ​-​វៀត​ណាម (CLV)ក្នុង​ថ្ងៃ​បញ្ចប់​កាល​ពី​ថ្ងៃទី​៦ ​ខែធ្នូ ឆ្នាំ​២០២៣ ​នៅ​ប្រទេស​ឡាវ ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាននៅ​ថ្ងៃទី​៧ ​ខែធ្នូ ស្តីពី​លទ្ធផល​នៃ​ការ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​សភា​កម្ពុជា​-​ឡាវ​-​វៀ​តណាម​លើក​ទី​១ របស់​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​សភា​កម្ពុជា​នៅ​សា​ធារណរ​ដ្ឋ​ប្រជាធិប​តេយ្យ​ប្រជា​មានិត​ឡាវ​ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​៧ ខែធ្នូ​ ឆ្នាំ​២០២៣​។​

​សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា ប្រធាន​រដ្ឋសភា​នៃ​ប្រទេស​ទាំង​៣ បា​ន​ប្តេជ្ញាចិ​ត្ត​ ​ពង្រឹង​និង​ពង្រីក​បន្ថែម​នូវ​កិច្ច​សហ​ប្រតិ​បត្តិការ​និង​ភាព​ជា​ដៃគូ​សភា​ឱ្យ​កាន់​តែ​ជិតស្និ​ទ្ធ​ដើម្បី​ផល​ប្រយោជន៍​រួម​។ ប្រភព​ដដែល​បាន​បន្តថា ៖ «​រដ្ឋ​សភា​ទាំង​៣​បាន​ប្ដេជ្ញា​អនុវត្ត​ តួនាទី​តាម​ដាន​ ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់ ​និង​ចូលរួ​ម​ដោះ​បញ្ហា​ប្រឈម​ដែល​នៅ​សេស​សល់​ដើម្បី​ជា​ប្រយោ​ជន៍​រួម​របស់​ប្រជា​ជន​ដែល​កំពុង​រស់​នៅក្នុ​ង​តំបន់​ត្រីកោណ​អភិ​វឌ្ឍន៍ ​(CLV-DTA) និង​តំបន់​ដទៃ​ទៀត​»​។​

​ជា​មួយ​គ្នា​នោះ​ដែរ​ ប្រធាន​រដ្ឋ​សភា លោក​ស្រី ​ឃួន សុ​ដា​រី ចង់​ឃើញ​តំបន់​ត្រីកោណ​អភិ​វឌ្ឍន៍​ដើរ​តួនាទី​ជា​យុទ្ធ​សាស្ត្រ ​និង​ជា​កត្តា​ជំរុញ​ឱ្យមាន​ការ​ផ្លាស់ប្ដូ​​រ ក្នុង​ការ​តភ្ជាប់​តំបន់​ឱ្យ​ទៅជា​មជ្ឈ​មណ្ឌល​សេដ្ឋ​កិច្ច​ដ៏​រស់​រវើក ​ដែល​អាច​ទាក់​ទាញ​វិនិ​យោគ ​គាំទ្រ​ដល់​បណ្តាញ​ផលិត​កម្ម ​និង​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់ក្នុង​មហា​អនុ​តំប​ន់ និង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-​សង្គម​ ក្រោយ​ពេល​ងើប​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ​និង​ក្នុង​បរិបទ​សក​ល​មិន​ប្រាកដ​ប្រជា​។​

​លោក​ស្រី ឃួន សុ​ដា​រី បាន​ដឹក​នាំ​គណៈប្រ​តិភូ​ជាន់​ខ្ពស់​សភា​កម្ពុជា ចូ​លរួម​កិច្ចប្រជុំ​កំពូល​សភា​កម្ពុជា​-​ឡាវ​-​វៀត​ណាម ​នេះ ដែល​រដ្ឋ​សភា​ឡាវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ក្រោម​ប្រធាន​បទ «​ការ​ពង្រឹង​តួនាទី​សភា​ក្នុង​ការ​លើក​កម្ពស់​កិច្ច​សហ​ប្រតិ​​បត្តិ​ការ​គ្រប់​ជ្រុង​ជ្រោយ​រវាង​ប្រទេស​កម្ពុជា ​ឡាវ និង​វៀត​ណាម​»​។​

​តាម​រយៈ​លទ្ធផ​ល​នេះ ​លោកស្រី​ បាន​ស្នើ​ឱ្យមាន​ការ​យក​ចិត្ត​ទុកដា​ក់​បន្ថែម​ក្នុង​ការ​ជំរុញ​សេដ្ឋកិ​ច្ច​នៅក្នុង​​តំបន់ ត្រីកោ​ណ​អភិវ​ឌ្ឍន៍​ ដែល​សម្បូរ​ទៅ​ដោយ​ធន​ធានធ​ម្មជាតិ ​និង​ជីវៈចម្រុះ​យ៉ាង​សម្បូរ​បែប ឈរ​លើ​គំនិត​ផ្តួច​ផ្តើម «​ប្រទេស​៣ ​គោល​ដៅ​ទេស​ចរណ៍​តែមួ​យ​»​។​

​លោក​ស្រី​ បាន​បញ្ជាក់​ថា ៖ ​«​ការ​លើកក​ម្ពស់​ពាណិជ្ជ​កម្ម​ឌីជីថល ​ការ​បង្កើន​សមត្ថ​ភាព និង​ភាព​ធន់​នៃ​សហ​គ្រាស​ធុន​តូច​និង​មធ្យម​(MSMEs) និង​ការ​បង្កើត​មជ្ឈ​មណ្ឌល​ន​វា​នុ​វត្ត​ន៍​CLV ស្រប​តាម​ចក្ខុវិ​ស័យ​របស់​សម្តេច​តេ​ជោ ហ៊ុ​ន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រក្នុង​ការ​ប្រែ​ក្លាយ​តំបន់​ព្រំដែនទៅជា​តំបន់​អភិ​វឌ្ឍន៍​ កិច្ច​សហ​ប្រតិ​បត្តិ​ការ និង​សុខ​ដុម​នីយក​ម្មនៃ​ការ​តភ្ជាប់​ប្រជា​ជន​និង​ប្រជា​ជន​នៅ​លើ​ដង​វិថី​នៃ​សន្តិ​ភាព ​សន្តិ​សហ​វិជ្ជ​មាននិង​វិបុល​ភាព​រួម​»​។​

​សូម​បញ្ជាក់​ថា ​តំបន់​ត្រីកោណ​អភិ​វឌ្ឍន៍​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៩​ ដោយ​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​៣ ​ដែលមាន​ខេត្ត​ចំនួន១៣ ​​ក្នុង​នោះ​ប្រទេស​កម្ពុជា​ មាន​ចំនួន​៤​ខេត្ត​ រួមមាន​ ខេត្ត​រត​គិរី​ មណ្ឌល​គិរី​ ក្រចេះ​ និង​ខេត្ត​ស្ទឹង​ត្រែង​។ ចំណែក​ ប្រទេស​ឡាវ​មាន​ចំនួន​៤​ខេត្ត ​ហើយ​ប្រទេស​វៀត​ណាម​មាន​ចំនួន​៥​ខេត្ត​។ តំបន់​ត្រី​កោណ​អភិ​វឌ្ឍន៍​ជា​ប្រភព​នៃ​សក្តានុ​ពល ​សេដ្ឋ​កិច្ច ទេស​ចរណ៍​និង​វប្បធម៌​។
 
​ប្រធាន​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិនៃ​រាជ​បណ្ឌិត្យស​ភាកម្ពុជា​ លោក គិ​ន ភា​ ធ្លាប់​បាន​ថ្លែង​ថា ​កិច្ច​ប្រជុំ​CLV នេះនឹង​លើក​កម្ពស់​យន្ត​ការ​សភា​នៅ​ក្នុង​ការ​ចូល​រួម​ជា​មួយ​រដ្ឋាភិ​បាល​ប្រទេស​ទាំង៣ ​ក្នុង​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណអភិ​វឌ្ឍន៍​ ​CLV ​ជាពិ​សេស​ការ​ពង្រឹង​ទំនាក់ទំ​នង​រដ្ឋ​សភា ​ប្រជា​ជន​និង​ប្រជា​ជន​នឹង​ត្រូវបា​ន​លើកក​ម្ពស់​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង៣​នៅ​គ្រប់​កម្រិត ​និង​គ្រប់​វិស័យ​។

​លោក​បាន​បន្ត​ថា នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​​ដើម្បី​ទាញ​យក​ផលប្រយោ​ជន៍​ពី​តំបន់​ត្រី​កោណ​អភិ​វឌ្ឍន៍​នេះ ​ដោយ​សារ​តែការត​ភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផ្លូវ ទឹ​ក ភ្លើង ពី​កម្ពុជា​ទៅកា​ន់​តំបន់​ត្រីកោណ​នៅ​មាន​ភាព​លំបាក​ខ្លាំង​ ខណៈ​កម្លាំង​ពលក​ម្ម​ពី​កម្ពុជា​ដែល​ទៅ​ធ្វើ​ការ​នៅ​ក្នុង​តំបន់​នេះក៏​នៅ​មាន​កម្រិត​ដែរ​។​

​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​នៅល្ងាច​ថ្ងៃទី​៦ ខែធ្នូ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ លោក សាយ​សំផន ​ភុម​វិហា​ន ប្រធាន​រដ្ឋ​សភា​ឡាវ​, លោក​ស្រី ឃួន សុដារី ​ប្រធាន​រដ្ឋ​សភា​កម្ពុជា ​និងលោក​ វឿ​ង ឌិ​ញ​ហ្វេ ប្រធាន​រដ្ឋ​សភា​វៀត​ណាម ​ដោយ​បាន​ចុះហត្ថ​លេខា​លើ​សេចក្ដី​ថ្លែង​ការណ៍​រួម ​ដែល​ជា​លទ្ធ​ផ​លនៃ​កិច្ច​ប្រជុំ​កំពូល​សភា ​CLV លើក​ទី​១​។ ​នៅ​ឆ្នាំ​២០២៥ ​រដ្ឋសភា​នៃ​សាធា​រណរដ្ឋ​សង្គ​មនិយម​វៀត​ណាមនឹង​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​កំពូល​សភា​ CLV​លើក​ទី​២៕