ភ្នំពេញៈលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលើកឡើងថា សិទ្ធិសេរីភាពនយោបាយ និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា បច្ចុប្បន្ន មានវិសាលភាពធំធេងណាស់ ប៉ុន្តែនៅមានបញ្ហាខ្លះៗពាក់ព័ន្ធនឹងការទទួលខុសត្រូវគឺមិនទាន់ស្របទៅតាមក្របខ័ណ្ឌច្បាប់ដែលអាចនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម។
លោកបានថ្លែងបែបនេះក្នុងកិច្ចពិភាក្សាតុមូលលើប្រធានបទ «សេរីភាពបញ្ចេញមតិ និងការទទួលខុសត្រូវ» ដែលធ្វើឡើងនៅ អគា Diamond Business Center ជិតស្ថានទូតកូរ៉េ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នេះ។
ប្រភពដដែលបានលើកឡើងថា សិទ្ធិនយោបាយនៅកម្ពុជា បច្ចុប្បនមានបក្សនយោបាយរាប់សិបត្រូវបានបង្កើតឡើង និងបានចូលរួមការបោះឆ្នោត ។ មិនតែប៉ុណ្ណោះមានអង្គការក្រៅរដ្ឋាភិបាល ៥ ទៅ ៦ ពាន់ អង្គភាពត្រូវបានបង្កើតឡើង និងធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើនេះ មានសារព័ត៌មានប្រមាណជាង ២ពាន់អង្គភាពកំពុងធ្វើសកម្មភាពផ្សព្វផ្សាយព័ត៌មានទៅដល់ប្រជាពលរដ្ឋ ដោយមានអ្នកសារព័ត៌មាន និងអ្នកធ្វើការក្នុងវិស័យសារព័ត៌មានរាប់ម៉ឺននាក់។
លោក ប៉ែន បូណា បន្ថែមថា ក្រៅពីនេះ បើនិយាយពីបណ្តាញសង្គមនៅកម្ពុជា គឺមានសេរីភាពពេញទី ដែលប្រជាពលរដ្ឋអាចប្រើប្រាស់ហ្វេសប៊ុក តិកតុក តេឡេក្រាម ធ្វីធើរ វាត់ស្អាប់ឡាញ អ៊ីនស្តាក្រាម ពោលគឺគ្រប់ប្រភេទនៃបណ្តាញសង្គម ចំណែកសេរីភាពនៃការដើរហើរ ប្រជាពលរដ្ឋអាចធ្វើដំណើរបានទៅគ្រប់ទីកន្លែង។ ប៉ុន្តែនៅមានបញ្ហាខ្លះៗកើតឡើងពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិសេរីភាពឱ្យត្រូវទៅតាមក្របខ័ណ្ឌច្បាប់ ដែលចំណុចនេះប្រជាពលរដ្ឋគួរតែមានការស្វែងយល់បន្ថែម ជាពិសេសមាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា។
មានត្រា ៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា៖«ប្រជាពលរដ្ឋខ្មែរមានសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពការបោះពុម្ពផ្សាយ សេរីភាពក្នុងការជួបជុំ។ ជនណាក៏ដោយ មិនអាចប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ របបសារព័ត៌មាន ត្រូវរៀបចំឡើងដោយច្បាប់»។
ជាមួយនឹងការបញ្ជាក់អត្ថន័យពេញលេញក្នុងមាត្រា ៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជា លោក ប៉ែន បូណា លើកឡើងថា កន្លងមក មានអង្គការសង្គមស៊ីវិលមួយចំនួនបានលើកយកចំណុចច្បាប់នេះតែពាក់កណ្តាលមកនិយាយ ដែលមិនបានរំលេចអំពីការទទួលខុសត្រូវ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈសង្គម។
លោកថ្លែងថា៖«ខ្ញុំសូមឱ្យទាំងអស់គ្នាសិក្សាអំពីអត្ថន័យនៃមាត្រា៤១ នៃរដ្ឋធម្មនុញ្ញឱ្យបានច្បាស់ ហើយយើងរៀនសូត្រខ្លឹមសារនេះ និងអនុវត្តឱ្យបានត្រឹមត្រូវ ពេលនោះយើងនឹងចេះប្រើប្រាស់សិទ្ធិសេរីភាពរបស់យើងនៅក្នុងក្របខ័ណ្ឌច្បាប់ ដែលជាការលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បានលើកឡើងថា ក្នុងការទទួលខុសត្រូវផ្សេងៗពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិនេះ មានចែងនៅក្នុងច្បាប់ជាច្រើនដូចជាក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាផងដែរ ។ ប៉ុន្តែកន្លងមកការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ពោលគឺការលើកឡើងពីចំណុចអវិជ្ជមានរបស់មន្ត្រីសាធារណៈណាមួយ បែរជារដ្ឋអំណាចមិនមានការទទួលយក ហើយប្រែទៅជាមានវិធានការទៅវិញ។
លោកថ្លែងថា៖«ការរិះគន់ ការបញ្ចេញមតិ លុះត្រាតែករណីនោះមិនពិត មិនត្រឹមត្រូវហើយមិនច្បាស់់លាស់ចេះតែប្រព្រឹត្ត បង្កើតឡើងរឿងរ៉ាវ បង្កបញ្ហាផ្សេងៗ អាហ្នឹងបានជារឿងខុសនឹងគោលការណ៍បញ្ចេញមតិ ប៉ុន្តែរឿងខ្លះបញ្ចេញមតិក្នុងន័យរិះគន់ស្ថាបនា លើមន្ត្រីអសកម្មមួយចំនួន វាទៅជារងការចោទប្រកាន់ គំរាមកំហែង ធ្វើទុក្ខបុកម្នេញទៅវិញ»។
យ៉ាងណាក្ដី លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងថា ការជួបជុំតវ៉ាដោយសន្តិវិធីសហការជាមួយសមត្ថកិច្ចដោយគោរពវិធានការច្បាប់សុវត្ថិភាពសាធារណៈគឺជាការអនុវត្តនូវសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ ប៉ុន្តែ ប្រសិនបើការជួបជុំតវ៉ាសម្តែងមតិដោយមិនមានការសហការ មិនបានជូនដំណឹងដល់អាជ្ញាធរ ហើយប៉ះពាល់ដល់វិធានការសណ្តាប់ធ្នាប់សាធារណៈបង្កហិង្សា ចលាចលផ្សេងៗនោះមិនមែនជាសេរីភាពនៃការបញ្ជេញមតិទេ ប៉ុន្តែគឺជាអំពើល្មើសច្បាប់៕