ភ្នំពេញៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) តាមរយៈយន្តការកូវ៉ាក់ដែលជាយន្តការចែកចាយវ៉ាក់សាំងនិងដឹកនាំដោយយូនីសេហ្វ (Unicef) បានផ្តល់វ៉ាក់សាំងកូវីដ ១៩ ប្រភេទ Pfizer ចំនួន ៣០២ ៤០០ ដូស ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការផ្តល់វ៉ាក់សាំងជូនពលរដ្ឋដោយឥតគិតថ្លៃ។
ពិធីប្រគល់វ៉ាក់សាំងជាបានធ្វើឡើងនៅឃ្លាំងឱសថកណ្ដាលកាលពីថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២៣ក្រោមអធិបតីភាពរវាងនាយិកាបេសកកម្មរបស់ USAID លោកស្រី KerryPelzman និងលោកស្រី យក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានវត្តមានរបស់លោក អានៀរបាន ឆាតឺរជី នាយករងរយូនីសេហ្វ។
សេចក្តីប្រកាសព័ត៌មានរួមរវាងUSAID និង Unicefបញ្ជាក់ថា៖«អំណោយនេះបញ្ជាក់អំពីព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងភាពជាដៃគូជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាក្នុងការប្រយុទ្ធនឹងការរាតត្បាតនៃជំងឺកូវីដ១៩និងការស្ដារឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាតនេះមកលើប្រព័ន្ធសុខាភិបាលកម្ពុជា»។
លោកស្រី KerryPelzman នាយិកាបេសកកម្មរបស់ USAID មានប្រសាសន៍ថា៖«សហរដ្ឋអាមេរិកគឺជាដៃគូដ៏សំខាន់ក្នុងការគាំទ្រការប្រយុទ្ធប្រឆាំង និងស្តារឡើងវិញថ្នាក់ជាតិរបស់កម្ពុជាទៅនឹងជំងឺរាតត្បាតកូវីដ។ការបន្តកិច្ចគាំទ្ររបស់យើងដល់ការប្រយុទ្ធប្រឆាំងនិងស្តារឡើងវិញពីជំងឺរាតត្បាតកូវីដនេះ គឺបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តគាំទ្រយូរអង្វែងដល់ប្រព័ន្ធសុខាភិបាល និងសុខុមាលភាពរបស់ប្រទេស និងប្រជាជនកម្ពុជា»។
សេចក្តីប្រកាសដដែលនេះបន្តថាចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមសហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រឥតប្រែប្រួលដល់កម្មវិធីផ្តល់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា។ រួមទាំងវ៉ាក់សាំងដែលបានផ្តល់នៅថ្ងៃនេះ សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងមកប្រទេសកម្ពុជាតាមរយៈយន្តការកូវ៉ាក់ចំនួនជាង ៣,៣ លានដូស។
លោក អានៀរបាន ឆាតឺរជី នាយករងរយូនីសេហ្វមានប្រសាសន៍ផងដែរថា៖«យូនីសេហ្វឆ្ពោះទៅរកការគ្របដណ្តប់ផ្នែកសុខាភិបាលជាសកល ដើម្បីអនាគតមួយដែលកាន់តែមានសុខភាពល្អ និងសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់រូបនៅកម្ពុជា»។
សេចក្តីប្រកាសរួមបញ្ជាក់ថា៖«ប្រទេសកម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងយុទ្ធនាការផ្តល់វ៉ាក់សាំងរបស់ខ្លួន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលហើយកម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសនានា ដែលមានអត្រាទទួលវ៉ាក់សាំងកូវីដ១៩ ខ្ពស់បំផុត។ ជាង ៩៥ភាគរយនៃប្រជាពលរដ្ឋរបស់ប្រទេសនេះ ដែលមានអាយុលើសពី៣ឆ្នាំបានទទួលវ៉ាក់សាំងពេញលេញ»។
យោងក្រសួងសុខាភិបាលនាឱកាសនោះដែរលោកស្រីយ៉ក់សម្បត្តិបានពាំនាំនូវសេចក្តីថ្លែងអំណរគុណរបស់ប្រមុខរាជរដ្ឋាភិបាលដល់អង្គការ UNICEFនិងអង្គការ USAID ដែលបានផ្តល់ជាអំណោយវ៉ាក់សាំងកូវីដ១៩តាមរយៈយន្តការ COVAX។
លោកស្រីក៏បានបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងសុខាភិបាលក្នុងការឆ្លើយតបនិងទប់ស្កាត់ជំងឺកូវី១៩និងជំងឺឆ្លងរាតត្បាតផ្សេងៗទៀត ទទួលបានជោគជ័យនាពេលកន្លងមក ដោយមានការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍នានាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលនៅកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរួមការគាំទ្ររបស់សហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០២០ មកក៏បានជួយពង្រឹងប្រព័ន្ធសុខាភិបាលរបស់កម្ពុជាសម្រាប់បំពេញនូវតម្រូវការអនាគតដូចជាតាមរយៈភាពជាដៃគូរវាង USAIDនិងយូនីសេហ្វ បានពង្រីកការផ្គត់ផ្គង់ប្រព័ន្ធអុកស៊ីសែនសម្រាប់មណ្ឌលសុខភាពដើម្បីធានាឱ្យមានអ៊ុកស៊ីសែនសម្រាប់ការសង្គ្រោះជីវិតអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លើសពីការងារកូវីដ១៩ USAID បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធថែទាំសុខភាព និងសេវានានាដើម្បីលើកកម្ពស់សេវាថែទាំមាតា និងទារក សុខភាពកុមារ និងបន្តពូជ ប្រយុទ្ធនឹងជំងឺឆ្លង និងពង្រឹងគុណភាពនៃសេវាថែទាំសុខភាពទូទៅ។
ការងារទាំងនេះរួមមានការគាំទ្រការពង្រឹងសមត្ថភាពសន្តិសុខសុខភាពដើម្បីបង្ការត្រៀមខ្លួនទុកមុននិងឆ្លើយតបនឹងការគំរាមកំហែងនៃជំងឺឆ្លងនានានៅពេលអនាគត។
ក្នុងសេចក្តីប្រកាសព័ត៌មានរំលេចថា៖«យូនីសេហ្វបន្តធ្វើការងារជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងគុណភាព និងលទ្ធភាព ទទួលបានសេវាថែទាំមាតានិងទារក សម្រាលសុខភាពកុមារ និងអាហារូបត្ថម្ភ ជាពិសេសសម្រាប់ប្រជាជនដែលងាយរងគ្រោះបំផុត»៕