ភ្នំពេញៈ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានសន្យាគាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលបន្ថែមទៀត ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។
ការសន្យាគាំទ្របែបនេះ ធ្វើឡើងតាមរយៈជំនួបរវាងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកJacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងរួមទាំងគណៈប្រតិភូ ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល។ នេះបើយោងតាមក្រសួងសុខាភិបាល បានឱ្យដឹងនៅលើហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។
ក្នុងជំនួបនោះលោក Jacques PELLET បានថ្លែងថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង លើវិស័យសុខាភិបាលនាពេលកន្លងមកដូចជា កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងកិច្ចសហប្រតិបត្តិការគាំទ្រសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយមន្ទីរពេទ្យកាល់ម៉ែត បានទទួលផលល្អប្រសើរ។
លោកបញ្ជាក់ថា៖ «ប្រទេសបារាំង បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង លើវិស័យសុខាភិបាលបន្ថែមទៀត»។
លោក Jacques បានថ្លែងតាមរយៈក្រសួងសុខាភិបាលថា ការបន្តគាំទ្រប្រទេសកម្ពុជានេះ គឺដោយសារតែប្រទេសនេះទទួលបានសន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សជាពិសេសបន្តនិរន្តរភាពការអភិវឌ្ឍ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាកិច្ចឆ្លើយតប លោក ឈាង រ៉ា បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលបារាំង តាមរយៈស្ថានទូតបារាំងប្រចាំកម្ពុជា ដែលកន្លងមកតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលតាមរយៈជំនួយអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល និងគម្រោងសិក្សាស្រាវជ្រាវសុខភាពសាធារណៈជាច្រើន ក្រោមម្លប់សុខសន្តិភាព។
លោកថ្លែងថា៖ «តាមរយៈឯកអគ្គរដ្ឋទូត សូមថ្លែងអំណរគុណ ដល់ប្រជាជន និងរដ្ឋាភិបាលបារាំង ដែលបានបញ្ជាក់ជំហរគាំទ្រ រួមចំណែកកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះ»។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានបញ្ជាក់ជូនភាគីបារាំងអំពីអាទិភាពចម្បង៣នៃអាទិភាពទាំង៩របស់វិស័យសុខាភិបាល ក្នុងអាណត្តិទី៧ នេះ គឺទី១ ការធ្វើឱ្យកាន់តែប្រសើរសេវាសុខភាពនៅមណ្ឌលសុខភាព តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលការបំពាក់ឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ សមស្របការផ្គត់ផ្គង់ឱសថឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា និងការពង្រឹងសមត្ថភាពបុគ្គលដើម្បីធានាការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព គុណភាព ២៤ ម៉ោងលើ ៧ ថ្ងៃ។
អាទិភាពទី២ គឺការពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកសុ្រកនិងខេត្ត តាមរយៈការធ្វើឱ្យប្រសើរឡើងផ្នែកសង្រ្គោះបន្ទាន់ផ្នែកវះកាត់ ផ្នែកមន្ទីរពិសោធន៍ និងផ្នែករូបភាពវេជ្ជសាស្ត្រ និងអាទិភាពទី៣ គឺការបង្កើនសមត្ថភាពថ្នាក់ដឹកនាំ សុខាភិបាលគ្រប់លំដាប់ថ្នាក់តាមរយៈការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនិងនវានុវត្តន៍។
ទាក់ទងរឿងនេះ លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងនៅថ្ងៃទី៧ ខែធ្នូថា ក្រោមកិច្ចសហប្រតិបត្តិការរវាងភាគីទាំង២ ខាងលើ វាមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះកម្ពុជាត្រូវការនូវដៃគូដែលមានជំនាញមកធ្វើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីអនុវត្ត គោលនយោបាយ និងផែនការទាំងនោះ ក្នុងការជួយទៅដល់វិស័យសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋខ្មែរ។
លោកបញ្ជាក់ថា៖ «ការគាំទ្រលើផែនការវិស័យសុខាភិបាលនេះ ខ្ញុំមើលឃើញថា បានចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរឡើងតាមរយៈការផ្ដល់ជំនួយការឧបត្ថម្ភទាំងសម្ភារ បច្ចេកទេសនិងទាំងបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើងក្នុងវិស័យសុខាភិបាល»៕