ភ្នំពេញៈ ការអភិវឌ្ឍសេដ្ឋកិច្ច នគរូបនីយកម្ម និងឧស្សាហូបនីយកម្មនាពេលបច្ចុប្បន្ននេះ បានធ្វើឱ្យទន្លេមេគង្គប្រែប្រួលយ៉ាងឆាប់រហ័ស។ ទន្លេដ៏ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានរួមចំណែកយ៉ាងសំខាន់ចំពោះកំណើន ដោយបានផ្តល់ឱកាសសម្រាប់ការផលិតវារីអគ្គិសនី ការធ្វើកសិកម្ម ការនេសាទ ការដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្ម។
ទន្លេមេគង្គ គឺជាទន្លេដ៏ធំមួយផងដែរនៅក្នុងពិភពលោក ហើយទន្លេនេះហូរកាត់ប្រទេសចំនួន ៦ គឺចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម ដោយមានចម្ងាយជិត ៥ ០០០ គីឡូម៉ែត្រ រាប់ចាប់ពីខ្ពង់រាបទីបេត៍ក្នុងប្រទេសចិនដែលជាប្រភពរបស់ទន្លេរហូតដល់ដីសណ្ដទន្លេមេគង្គ។ អាងទន្លេនេះគឺជាតំបន់ដែលសម្បូរជីវចម្រុះបំផុតមួយផងដែរនៅលើពិភពលោក។
យោងតាមគណៈកម្មការទន្លេមេគង្គ (MRC) បានឱ្យដឹងថា អាងទន្លេនេះមានប្រភេទរុក្ខជាតិជាង ២ ម៉ឺនប្រភេទ និងប្រភេទត្រីចំនួន ៨៥០ ប្រភេទដែលត្រូវបានរកឃើញ នាពេលបច្ចុប្បន្ននេះ។ តាមការប៉ាន់ប្រមាណ៨០ភាគរយនៃប្រជាជនជិត ៦៥ លាននាក់រស់នៅតាមអាងទន្លេមេគង្គក្រោម អាស្រ័យផលលើទន្លេនេះ និងធនធានធម្មជាតិដ៏សម្បូរបែបរបស់វា។
ហេតុដូច្នេះហើយទើបធ្វើឱ្យការអភិវឌ្ឍប្រកបដោយចីរភាពមានសារៈសំខាន់សម្រាប់បរិស្ថានផង និងប្រជាសហគមន៍ដែលរស់នៅតាមអាងទន្លេនេះ។ MRC បានលើកឡើងថា បើគ្មានការសម្របសម្រួល និងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពទេ ទន្លេមេគង្គអាចរារាំងដល់កំណើនជាបន្តបន្ទាប់។ សម្ពាធនៃការអភិវឌ្ឍក៏កំពុងបង្កើតបញ្ហាប្រឈមថ្មីៗសម្រាប់ប្រទេសនៅតាមអាងទន្លេមេគង្គក្រោម។ ទាំងអស់នេះរួមមានការរេចរឹលបរិស្ថាន និងការបាត់បង់ជីវចម្រុះ ការអភិវឌ្ឍវារីអគ្គិសនី និងការប្រែប្រួលអាកាសធាតុ រួមទាំងហានិភ័យនៃទឹកជំនន់ និងគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅៗផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រកាសថ្មីៗនេះថា រាជរដ្ឋាភិបាលអាណត្តិនេះនឹងមិនឱ្យមានការអភិវឌ្ឍវារីអគ្គិសនីនៅលើដងទន្លេមេគង្គទេ ដោយបន្តអនុវត្តគោលការណ៍ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកាលពីអាណត្តិមុនដើម្បីកុំឱ្យប៉ះពាល់ទៅដល់បរិស្ថាន ក៏ដូចជាអេកូឡូស៊ី។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាល [អាណត្តិទី៦] បានសម្រេចរួចហើយ ហើយរាជរដ្ឋាភិបាលអាណត្តិទី៧ នេះក៏បាននឹងបន្តអនុវត្តគោលការណ៍នេះ។ យើងនឹងមិនធ្វើវារីអគ្គិសនីដែលនៅលើផ្ទាល់នៅលើដងទន្លេមេគង្គទេ។ ទោះបីជាកន្លែងហ្នឹងវាអំណោយផលម៉េចក៏យើងនឹងមិនធ្វើដែរដើម្បីកុំឱ្យប៉ះពាល់ទៅដល់បរិស្ថានអេកូឡូស៊ី នៅតាមបណ្ដោយទន្លេមេគង្គ និងទន្លេសាប ព្រោះអាហ្នឹងវាប៉ះពាល់ធំ»។
ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ អានុភាព ១៥០ មេហ្គាវ៉ាត់ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុងនាថ្ងៃទី ៣០ ខែវិច្ឆិកា លោក ហ៊ុន ម៉ាណែត ថ្លែងបន្តថា៖ «អ៊ីចឹង យើងគិតណាស់។ ភ្លើងយើងត្រូវការដើម្បីឱ្យរីកចម្រើន យើងរកមើលកន្លែងណាដែលមិនមានការប៉ះពាល់ ហើយកន្លែងដែលសាងសង់ហ្នឹងក៏ត្រូវគិតគូរ ព្រោះពិតណាស់ ការសាងសង់នៅកន្លែងណាក៏មានការប៉ះពាល់ដែរ»។
ការសិក្សារួមគ្នាធ្វើឡើងដោយគណៈកម្មការទន្លេមេគង្គ (MRC) និងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការធនធានទឹកមេគង្គឡានឆាង (MLC) ដែលបានបង្ហាញនៅក្នុងវេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី១៣ ដែលរៀបចំដោយ MRC នៅទីក្រុងហ្លួងព្រះបាង ប្រទេសឡាវកាលពីដើមខែតុលា បានរកឃើញថា គ្រោះរាំងស្ងួតដែលបង្កឡើងដោយអាកាសធាតុបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទន្លេមេគង្គក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាប់ចាប់ពីលំហូរទាបក្នុងប្រវត្តិសាស្ត្រក្នុងឆ្នាំពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ និងលំហូរបញ្ច្រាសដ៏កម្រ ដែលបានបង្រួមបឹងទន្លេសាបដ៏សំខាន់របស់ប្រទេសកម្ពុជា។
ការសិក្សានេះក៏បានរកឃើញផងដែរថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមផ្ទៃទឹកនៃទន្លេមេគង្គក៏ជាកត្តារួមចំណែកមួយផងដែរ ដែលជះឥទ្ធិពលដល់របបលំហូរធម្មជាតិ និងការកើនឡើងនៃលំហូររដូវប្រាំង និងការថយចុះលំហូរទឹកក្នុងរដូវទឹកជំនន់។ការសិក្សានេះបានផ្តល់អនុសាសន៍សំខាន់ៗ ជាពិសេសអនុសាសន៍រយៈពេលខ្លីដែលជំរុញឱ្យប្រទេសជាប់ទន្លេមេគង្គសិក្សារួមគ្នាបន្ថែមទៀតអំពីផលប៉ះពាល់ផ្សេងៗនៃការអភិវឌ្ឍ និងការប្រែប្រួលអាកាសធាតុនៅតាមផ្នែកសំខាន់ៗនៃទន្លេមេគង្គ ព្រមទាំងចែករំលែកទិន្នន័យសំខាន់ៗ រួមទាំងការចែករំលែកព័ត៌មានទាន់ពេលជាក់ស្តែងនៃកម្រិតស្តុក និងប្រតិបត្តិការវារីអគ្គិសនី។
លេខាធិការដ្ឋាន MRC បញ្ជាក់ប្រាប់ ភ្នំពេញ បុស្តិ៍ថា គោលបំណងសំខាន់របស់ MRC ក្នុងការព្យាយាមឱ្យមានការចែករំលែកទិន្នន័យអំពីប្រតិបត្តិការទំនប់វារីអគ្គិសនីក្នុងចំណោមប្រទេសមេគង្គ គឺដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលតាមទន្លេមេ និងដៃទន្លេធំៗនៃទន្លេមេគង្គ ធ្វើឱ្យប្រសើរឡើងនូវភាពត្រឹមត្រូវនៃការព្យាករទឹកជំនន់ និងគ្រោះរាំងស្ងួតនៅក្នុងទន្លេមេគង្គ ពង្រឹងបណ្តាញឬប្រព័ន្ធត្រួតពិនិត្យទន្លេរួមបញ្ចូលគ្នាតែមួយ ដែលមានសមត្ថភាពសម្របសម្រួលជាប្រព័ន្ធនូវកំណកល្បាប់ គុណភាពទឹក ជលផល លំហូរទឹក និងការត្រួតពិនិត្យស្ថានភាពអេកូឡូស៊ីនិងរៀបចំវិធានការសម្របខ្លួន ឬកាត់បន្ថយដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេស និងសហគមន៍មេគង្គ និងដើម្បីជួយគាំទ្រដល់ប្រព័ន្ធគាំទ្រសេចក្តីសម្រេចចិត្តដើម្បីធ្វើឱ្យប្រសើរឡើងនូវការធ្វើសេចក្តីសម្រេចផ្អែកលើព័ត៌មាន។
លេខាធិការដ្ឋាន MRC បញ្ជាក់ទៀតថា នៅតាមដៃទន្លេនៃអាងទន្លេមេគង្គក្រោមនៃប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម បច្ចុប្បន្នមានទំនប់វារីអគ្គិសនីចំនួន ១២២ ដែលក្នុងនោះមាន ១១ នៅកម្ពុជា (២ កំពុងប្រតិបត្តិការ), ៩០ នៅឡាវ (៦៥ កំពុងប្រតិបត្តិការ), ៧ នៅថៃ ដែលកំពុងប្រតិបត្តិការទាំងអស់ និង ១៤ នៅវៀតណាមដែលកំពុងប្រតិបត្តិការទាំងអស់។ ចំណែកនៅតាមទន្លេមេនៃទន្លេមេគង្គនៃប្រទេសទាំង ៤ នេះ មានទំនប់វារីអគ្គិសនីចំនួន ១១។ ក្នុងនោះ មាន ២ នៅកម្ពុជា (ដែលគ្រោង), ៨ នៅឡាវ (២ កំពុងដំណើរការ) និង ១ ជាគម្រោងរួមគ្នាថៃ-ឡាវ។
លេខាធិការដ្ឋាន MRC បញ្ជាក់ថា៖ «ដូចនេះ MRC មានគោលបំណងធ្វើឱ្យការចែករំលែកទិន្នន័យប្រតិបត្តិការនេះជាផ្លូវការក្នុងចំណោមប្រទេសមេគង្គ។ លក្ខខណ្ឌសំខាន់ៗមួយចំនួនសម្រាប់ការចែករំលែកទិន្នន័យនេះ រួមមានដៃទន្លេសំខាន់ៗ និងទន្លេមេនៃទន្លេមេគង្គ ដែលសម្របសម្រួលការព្យាករទឹកជំនន់ និងគ្រោះរាំងស្ងួត។ ដូច្នេះហើយ យើងផ្តោតលើដំណាក់កាល ២។ ទី១ គឺទិន្នន័យប្រតិបត្តិការពីមុនៗ និងទាន់ពេលជាក់ស្តែង។ ទី២ ប្រតិបត្តិការព្យាករ និងការប្រែប្រួលលំហូរទឹកដើម្បីជួយដល់ប្រតិបត្តិការវារីអគ្គិសនីប្រកបដោយប្រសិទ្ធភាព និងការជូនដំណឹងពីភាគីពាក់ព័ន្ធ»។
លោក ម៉ក់ ប៊ុនធឿន ប្រធានកម្មវិធីវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ទិន្នន័យទាំងនេះគួរចែករំលែកនៅក្នុងគេហទំព័រណាមួយ ដែលសាធារណជន ឬសហគមន៍អាចទទួល និងយល់បាន។ ទិន្នន័យគួរតែត្រូវបានធ្វើឡើងដោយងាយយល់សម្រាប់សាធារណជន សហគមន៍មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនានារួមទាំងអង្គការសង្គមស៊ីវិល ដើម្បីប្រើប្រាស់វត្ថុបំណងអភិវឌ្ឍន៍ផ្សេងៗ។
លោក ម៉ក់ ប៊ុនធឿន ថ្លែងថា MRC គួរដើរតួនាទីដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញឱ្យមានការចែករំលែកទិន្នន័យពីប្រតិបត្តិករទំនប់វារីអគ្គិសនីនីមួយៗឱ្យបានទូលំទូលាយ និងងាយយល់បានពីសាធារណជនទូទៅ។
អនុរដ្ឋមន្ត្រីក្រសួងធនធានជាតិ និងបរិស្ថានឡាវ លោក Chanthnanet Boualapha បានថ្លែងក្នុងវេទិកាអ្នកពាក់ព័ន្ធថ្នាក់តំបន់លើកទី១៣ នេះថា តំបន់មេគង្គមានការវិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះជាមួយនឹងការអភិវឌ្ឍថ្មីៗក្នុងទិដ្ឋភាពសំខាន់ៗ ដូចជា បរិស្ថាន សង្គម សេដ្ឋកិច្ច អាកាសធាតុ និងកិច្ចសហប្រតិបត្តិការ។
ការអភិវឌ្ឍថ្មីៗទាំងនេះមិនត្រឹមតែផ្តល់នូវទស្សនវិស័យថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវបញ្ហាប្រឈម និងហានិភ័យដែលត្រូវគិតគូរដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ទន្លេមេគង្គ។ ប្រទេសឡាវទទួលស្គាល់ការធ្វើសកម្មភាពភាពបន្ទាន់ និងឱ្យបានលឿន ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខនាពេលនេះ និងទៅអនាគត។
លោកបញ្ជាក់ថា៖ «ដោយសារវារីអគ្គិសនីគឺជាថាមពលកកើតឡើងវិញដ៏ស្អាតបំផុតមួយ រដ្ឋាភិបាលឡាវសូមស្វាគមន៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍគម្រោងវារីអគ្គិសនីដែលគិតគូរពីបរិស្ថាន និងប្រកបដោយនិរន្តរភាព ជាមួយនឹងការសិក្សាអំពីលទ្ធភាពទាំងអស់ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានចំពោះបរិស្ថាន និងសហគមន៍មូលដ្ឋានរបស់យើង»។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា MRC កាលពីវិច្ឆិកា នៅខេត្តសៀមរាប លោក ថោជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងកោតសរសើរចំពោះប្រទេសដៃគូសន្ទនា នៅក្នុងសកម្មភាពរួមគ្នា ការសន្ទនា ការផ្លាស់ប្តូរ ការចែករំលែកព័ត៌មាន និងទិន្នន័យ ដោយលោកបានអះអាងថា ជាការបង្ហាញពីការជឿទុកចិត្តគ្នាយ៉ាងជ្រាលជ្រៅ ជាពិសេសការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិន និងមីយ៉ាន់ម៉ាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការទន្លេមេគង្គ។
រូបរាង និងទ្រង់ទ្រាយនាពេលអនាគតរបស់អាងទន្លេមេគង្គ គឺអាស្រ័យលើវិសាលភាពនៃកិច្ចសហប្រតិបត្តិការ ការបង្កើតផ្លូវរួមគ្នា ការអនុវត្តយុទ្ធសាស្ត្រដែលបានដាក់ចេញ និងការបង្កើតផែនការដែលអាចធ្វើសកម្មភាពរួមជាមួយគ្នា ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបន្តកិច្ចសហការ និងការធ្វើការរួមគ្នាជាមួយបណ្តាប្រទេសមេគង្គផ្សេងទៀតសម្រាប់ការអភិវឌ្ឍអាងទន្លេមេគង្គប្រកបដោយចីរភាព និងមានភាពធន់៕