ភ្នំពេញៈ រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់ បានផ្តល់ហិរញ្ញប្បទានបន្ថែមជាង ៣,១ លានដុល្លារអាមេរិក ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលតាមរយៈគម្រោងនេះ អាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ បានធ្វើឡើងនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី ៤ ដែលប្រព្រឹត្តទៅនៅខេត្តបន្ទាយមានជ័យ រវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងដោយលោកស្រី AlissarChaker ប្រធាន UNDP ប្រចាំកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសនូវែលសេឡង់ តំណាងដោយលោក Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ប្រចាំកម្ពុជា។
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី ១ អាជ្ញាធរមីនបានឱ្យដឹងនៅថ្ងៃទី ៧ ខែធ្នូថា រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់បានផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន ៥ លានដុល្លារ នូវែលសេឡង់ ដែលស្មើនឹងប្រមាណជាង ៣,១ លានដុល្លារអាមេរិក ក្នុងគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី ៤ ដែលសម្របសម្រួលដោយអង្គការ UNDP។
លោកបានបញ្ជាក់ថា៖ «តាមរយៈគម្រោងនេះ អាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ដែលកាលពីឆ្នាំ ២០២១ ប្រទេសនូវែលសេឡង់ ក៏បានផ្តល់ហិរញ្ញប្បទានដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី ៤ ចំនួន ៣,៨ លានដុល្លារអាមេរិក»។
យោងតាមអាជ្ញាធរមីន លោក Jonathan Kings ឯកអគ្គរាជទូតនូវែលសេឡង់ ក៏បានលើកឡើងដែរថា សកម្មភាពមីននៅកម្ពុជាពិតជាមានផលវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជា។
លោកក៏បានកោតសរសើរកម្ពុជា ដែលបានបំពេញការងារយ៉ាងល្អក្នុងកិច្ចសង្គ្រោះជនរងគ្រោះ និងការបញ្ជ្រាបយេនឌ័រចូលក្នុងសកម្មភាពមីន។
លោកបានបញ្ជាក់ថា៖«ដើម្បីសម្រេចបានគោលដៅរួម វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការខ្ពស់ ហើយទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលគួរជាទីកត់សម្គាល់ កម្ពុជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីធានាសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ ២០២៥»។
ជាមួយគ្នានោះដែរ លោកស្រី Alissar Chaker ក៏បានថ្លែងកោតសរសើរការដឹកនាំរបស់អាជ្ញាធរមីន ក្នុងសកម្មភាពមីនដែលក្នុងនោះ អាជ្ញាធរមីនបានបញ្ជ្រាបយេនឌ័រ ទៅក្នុងសកម្មភាពមីន និងអនុវត្តស្របតាមរបៀបវារៈឆ្នាំ២០៣០ ដោយមិនទុកនរណាម្នាក់ចោលឡើយ។
លោកស្រីបានបញ្ជាក់ថា៖ «សកម្មភាពមីនជាសកម្មភាពកសាងជីវិតរបស់ប្រជាជនឡើងវិញ ហើយ UNDP ប្តេជ្ញាបន្តគាំទ្រសកម្មភាពមីននៅកម្ពុជា តាមរយៈអាជ្ញាធរមីន»។
នាឱកាសនោះដែរក្នុងនាមជាតំណាងនាយករដ្ឋមន្ត្រីនៃកម្ពុជា លោក លី ធុជ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសនូវែលសេឡង់ ដែលបានផ្តល់ការគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។
យោងតាមអាជ្ញាធរមីន ចាប់ពីឆ្នាំ ១៩៩២ ដល់ខែមិថុនា ឆ្នាំ ២០២៣ កម្ពុជា បានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោមក្នុងទំហំផ្ទៃដីចំនួន ២ ៧៦១ គីឡូម៉ែត្រការ៉េ ដែលផ្ទៃដីទាំងនេះ ត្រូវបានយក មកប្រើប្រាស់សម្រាប់វិស័យកសិកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់លំនៅឋាន និងគោលបំណងសេដ្ឋកិច្ចសង្គមដទៃទៀត។
មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរមីនបានបង្ហាញការជឿជាក់ថា បញ្ចប់ឆ្នាំ ២០២៣ ខាងមុខផ្ទៃដីបោសសម្អាតរួចនឹងកើនឡើងរហូតដល់ ២ ៩៥០ គីឡូម៉ែត្រការ៉េ៕