ភ្នំពេញៈ អតីតរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសិង្ហបុរីលោក ចច យ៉ូ យ៉ុង ប៊ូន (George Yeo Young Boon) បានមើលឃើញពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ខណៈលោកចាប់អារម្មណ៍លើការបណ្តុះបណ្តាលធនធានមនុស្ស។
លោក ចច យ៉ូ យ៉ុង ប៊ូន បានលើកឡើងដូចនេះ ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងជំនួបសម្តែងការគួរសម នៅវិមានសន្តិភាព នាថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៣។ អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរីបានធ្វើការកត់សម្គាល់ពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា។ នេះបើយោងតាមលទ្ធផលនៃជំនួបនេះដែលផ្សព្វផ្សាយតាមរយៈតេឡេក្រាមរបស់លោក ហ៊ុន ម៉ាណែត។
លទ្ធផលនៃជំនួបបានលើកឡើងថា លោក ចច យ៉ូ យ៉ុង ប៊ូន បានបង្ហាញនូវភាព រីករាយដែលលោកបានមកកាន់ទឹកដីកម្ពុជាសាជាថ្មីម្តងទៀត ព្រមជាមួយនឹងការកត់សម្គាល់ពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ដែលជាប្រទេសទើបចេញចាករួចផុតពីសង្គ្រាម។
ប្រភពដដែលបានបញ្ជាក់ថា៖ «ឯកឧត្តម ចច យ៉ូ យ៉ុង ប៊ូន ក៏បានជម្រាបជូនសម្តេចធិបតីចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមពីសក្តានុពលនៃវិស័យវិនិយោគ និងវិស័យមួយចំនួនទៀតនៅកម្ពុជា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ស្របពេលឯកឧត្តមក៏បានចូលរួមធ្វើបាឋកថា ដល់សិក្ខាកាមនៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសកម្ពុជាផងដែរ»។
នាជំនួបនោះដែរ លោក ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងសហការីហើយលោកក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមធ្វើបាឋកថា នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា។
ឆ្លៀតឱកាសនោះ លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី ដែលតែងតែបានគាំទ្រដល់តួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិក្នុងរយៈកាលកន្លងមក ព្រមទាំងបានលើកឡើងអំពីគោលនយោបាយ និងកម្មវិធីនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាក្នុងការបន្តអភិវឌ្ឍប្រទេសផងដែរ។
នៅថ្ងៃដដែលនោះ លោក ចច យ៉ូ យ៉ុង ប៊ូន ក៏បានជួបពិភាក្សាការងារជាមួយនឹងលោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីផងដែរ។ យោងតាមហ្វេសប៊ុកលោកហ៊ុន សែន នាជំនួបនោះលោក ចច យ៉ូ យ៉ុង ប៊ូន បានលើកឡើងទៀតថា រាជធានីភ្នំពេញក៏រៀបចំបានល្អមានប្រជាជនធ្វើចរាចរណ៍ច្រើន មានអគារថ្មីៗ ខ្ពស់ៗ ហើយប្រជាជនរស់នៅប្រកបដោយស្មារតីរីករាយ ក្រោមការអភិវឌ្ឍប្រកបដោយសុខសន្តិភាព។
ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «មានបញ្ហា ២ ដែលកម្ពុជាកំពុងបន្តយកចិត្តទុកដាក់រួមមាន បញ្ហាសន្តិសុខស្បៀង និងបញ្ហាសន្តិសុខថាមពល។ ពាក់ព័ន្ធបញ្ហាសន្តិសុខស្បៀងគឺយើងបានប្រែក្លាយជាប្រទេសផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯង សម្រាប់បរិភោគ និងទៅជាប្រទេសដែលនៅសល់ស្បៀងសម្រាប់ការនាំចេញមួយចំនួន»។
លោក ហ៊ុន សែន បន្តថា ពាក់ព័ន្ធនឹងសន្តិសុខថាមពល ទោះបីជាកម្ពុជាមិនមែនជាប្រទេសផលិតប្រេង ប៉ុន្តែកម្ពុជានៅគ្រប់គ្រងបាន ដោយគិតមកដល់ពេលនេះបានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណ ៦២% ហើយបានឈប់ផលិតថាមពលពីធ្យូងថ្ម។
ដោយឡែកនាថ្ងៃទី ៦ ធ្នូ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ក្រោមគំនិតផ្តួចផ្តើមរបស់លោក សុខចិន្តា សោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំបាឋកថា ក្រោមប្រធានបទ «ការរក្សាតុល្យភាពរបស់អាស៊ានក្នុងអន្តរកាលឆ្ពោះទៅរកពិភពលោកដែលមានលក្ខណៈពហុប៉ូល» ឧទ្ទេសនាមដោយលោក ចច យ៉ូ យ៉ុង ប៊ូន។
សូមបញ្ជាក់ថា លោក ចច យ៉ូ យ៉ុង ប៊ូន គឺជាបញ្ញវន្តកិត្តិយសនៃវិទ្យាស្ថានគោលនយោបាយសាធារណៈលី ក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី និងជាស្ថាបនិកនៃវិទ្យាស្ថានប្រកួតប្រជែងអាស៊ី។
លោកបានកាន់តួនាទីជាន់ខ្ពស់ទាំងក្នុងវិស័យសាធារណៈ និងឯកជន ហើយលោកបម្រើការងាររយៈពេល ២៣ ឆ្នាំ ក្នុងជួររដ្ឋាភិបាលសិង្ហបុរី ក្នុងតួនាទីជារដ្ឋមន្ត្រីព័ត៌មាន និងសិល្បៈ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម និងរដ្ឋមន្ត្រីការបរទេស។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស បាឋកថានេះ មានអ្នកចូលរួមប្រមាណ ២០០ នាក់ មកពីក្រសួង-ស្ថាប័ន បណ្តាស្ថានទូតបរទេសប្រចាំកម្ពុជា សាកលវិទ្យាល័យនានាធនាគារខួរក្បាល និងទីភ្នាក់ងារសារព័ត៌មាន៕