ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា មានតែការដាក់ទុនលើវិស័យអប់រំប៉ុណ្ណោះ ទើបអាចរំដោះពលរដ្ឋចេញពីបន្ទាត់នៃភាពក្រីក្របាន ខណៈរដ្ឋាភិបាលអាណត្តិថ្មីបានកំណត់វិស័យអប់រំជាវិស័យអាទិភាពនិងកំពុងយកចិត្តទុកដាក់លើវិស័យនេះ។
លោក ស សុខា បានលើកឡើងដូច្នេះនៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជយលាភី នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នៅព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៣។
លោកបានមានប្រសាសន៍ថា ប្រទេសដែលជឿនលឿនក្នុងការកាត់បន្ថយភាពក្រីក្រ គឺមិនមែនកើតឡើងដោយសារការផ្តល់អំណោយ និងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់ពលរដ្ឋនោះទេ ដោយការផ្តល់អំណោយជាទង្វើដែលនាំឱ្យពលរដ្ឋកាន់តែធ្លាក់ទៅក្នុងបន្ទាត់នៃភាពក្រីក្រកាន់តែខ្លាំងឡើង។ លោកបានសង្កត់ធ្ងន់ថា៖ «ដើម្បីចេញពីភាពក្រីក្រនេះ គឺគ្មានអ្វីដែលលើសពីការដាក់ទុនលើវិស័យអប់រំនេះទេ។ ខ្ញុំនៅជឿជាក់ថា រដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់ក្នុងការ បណ្តុះបណ្តាល ដោយពង្រឹងគុណភាពចាប់ពីកម្រិតមត្តេយ្យសិក្សាឡើង»។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីក្តីព្រួយបារម្ភ ពីកម្រិតនៃការអប់រំនៅទូទាំងពិភពលោកក្នុងពេលបច្ចុប្បន្នខណៈអង្គការសហប្រជាជាតិចេញរបាយការណ៍បង្ហាញថា ១ ភាគ ៣ នៃកុមារដែលមានអាយុក្រោម ១២ ឆ្នាំ មិនចេះអានអក្សរ ដែលខ្លះចេះអានដែរ ប៉ុន្តែមិនយល់ពីអត្ថន័យនៃការអានរបស់ខ្លួន ដែលលោកថា នេះជាសក្ខីកម្មមួយដែលរដ្ឋាភិបាលត្រូវជំរុញវិស័យអប់រំចាប់ពីថ្នាក់ទាបមក។
នាឱកាសនោះដែរលោកស សុខាក៏បានឆ្លៀតកោតសរសើរ និងអរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញនូវគោលនយោបាយ និងកម្មវិធីនានាសំដៅលើកកម្ពស់គុណភាពវិស័យអប់រំ ជាពិសេសកំណែទម្រង់នៅកម្រិតឧត្តមសិក្សា។
លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការលើកឡើងរបស់រដ្ឋមន្ត្រីមហាផ្ទៃនេះ គឺជាការត្រឹមត្រូវ ដែលជាយុទ្ធសាស្ត្ររយៈពេលវែងក្នុងការកាត់បន្ថយភាពក្រីក្រ ព្រោះវិស័យអប់រំជាអ្នកបង្កើតធនធានមនុស្សធ្វើឱ្យមានការអភិវឌ្ឍនិងការរីកចម្រើន ប៉ុន្តែទោះជាយ៉ាងណាក្នុងកិច្ចការងារនេះត្រូវបែងចែកជា ២ ចំណុច គឺរបៀបជួយសង្គ្រោះភ្លាមៗនិងយុទ្ធសាស្ត្រជួយសង្គ្រោះរយៈពេលវែង។
លោកថ្លែងថា៖ «ទី១ របៀបជួយសង្គ្រោះភ្លាមៗ ឧបមាថា គាត់កំពុងអត់បាយ ជួបវិបត្តិសេដ្ឋកិច្ចបើយើងឱ្យទៅរៀនទម្រាំជួយគាត់បាន គឺគាត់ដាច់បាយហើយ គឺជួយភ្លាមៗ ដូចជាការផ្តល់ស្បៀងថវិកា។ ទី២ សម្រាប់គោលនយោបាយវែងឆ្ងាយទៅមុខដើម្បីឱ្យពលរដ្ឋក្លាយជាធនធានមនុស្ស ត្រូវបង្រៀនយ៉ាងណា ដើម្បីក្លាយជាអ្នកជំនាញជាដើម»។
លោកសង្កត់ធ្ងន់ថា កិច្ចការជួយពលរដ្ឋចាកចេញពីភាពក្រីក្រនេះ រដ្ឋាភិបាលត្រូវពិនិត្យការងារជាជំហានៗ តួយ៉ាងការផ្តល់ជំនួយភ្លាមសម្រាប់អ្នកកំពុងរងគ្រោះ ឬអ្នកមានវ័យចាស់ជរា ហើយចំណែកក្មេងៗវិញ ត្រូវផ្តល់ការអប់រំ ក្នុងគោលដៅរយៈពេលវែង។
ទន្ទឹមគ្នានេះ លោក ឈត ប៊ុនថង ក៏សម្តែងការគាំទ្រចំពោះគោលនយោបាយដែលជាវិធានគន្លឹះរបស់រដ្ឋាភិបាលសម្រាប់លើកកម្ពស់វិស័យអប់រំផងដែរ ដែលធ្វើយ៉ាងណាត្រូវយកមកអនុវត្តឱ្យចេញជាផ្លែផ្កាជាក់ស្តែង កុំឱ្យវិធានទាំងនោះមានតែនៅលើក្រដាស ជាពិសេសការពង្រឹងសមត្ថភាពគ្រូបង្រៀន ការផ្គត់ផ្គង់សម្ភារគាំទ្រការបណ្តុះបណ្តាល ពិសោធន៍ និងកម្មវិធីទស្សនកិច្ចសិក្សាជាដើម។
គួរបញ្ជាក់ដែរថា ក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅដើមខែធ្នូ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគន្លឹះ និងអាទិភាពចំនួន ៤ ចំណុចសំដៅលើកកម្ពស់គុណភាពអប់រំ ជាពិសេសពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សាស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ខ្លួន។
ក្នុងនោះទី១ ការកែលម្អអភិបាលកិច្ចសាលារៀន ទី២ ការពិនិត្យ កែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ទី ៣ ការថែរក្សាសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភរបស់កុមារ និងការត្រួតពិនិត្យគុណភាពអាហារនៅក្នុងសាលារៀន និងទី៤ ការលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតាអាណាព្យាបាល និងសហគមន៍ក្នុងវិស័យអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍សម្រាប់ការអប់រំ»៕