ភ្នំពេញៈ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានចូលជួបដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព កាលពីម្សិលមិញ និងបានជួបលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃទី ៦ ខែធ្នូ នៅទីស្ដីការក្រសួង ពិភាក្សាលើបញ្ហាកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងពិភាក្សាអំពីស្ថានភាពទូទៅនៃបញ្ហាសិទ្ធិមនុស្ស។នេះបើយោងតាមសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
លោក ហ៊ុន ម៉ាណែត បានទទួលជួបលោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ពិភាក្សាអំពីស្ថានភាពទូទៅនៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។
លោក វិទិត មុនតាប៊ន កាលពីថ្ងៃទី ៦ ខែធ្នូ ក៏បានជួបជាមួយលោកកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅទីស្តីការក្រសួងយុត្តិធម៌ ហើយក្នុងជំនួបនោះ លោក វិទិត បានថ្លែងគាំទ្រ និងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាលើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលជាចំណែកលើកកម្ពស់សិទ្ធិមនុស្ស។ នេះបើយោងតាមក្រសួងយុត្តិធម៌ បានឱ្យដឹងពីខ្លឹមសារនៃជំនួបនោះ។
ប្រភពដដែលនេះបញ្ជាក់ថា លោក កើត រិទ្ធ បានថ្លែងទៅកាន់ លោក វិទិត អំពីការងារអាទិភាពរបស់ក្រសួងយុត្តិធម៌ ជាពិសេសការរៀបចំការងារលើកកម្ពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ ដែលជាវិធានគន្លឹះអាទិភាព ១ ក្នុងចំណោម ៥ ដែលដាក់ចេញដោយប្រមុខរដ្ឋាភិបាលអាណត្តិថ្មីនេះ។
ក្នុងជំនួបនោះដែរ លោក វិទិត មុនតាប៊ន បានថ្លែងការស្វាគមន៍ដោយទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកន្លងមកលើការងារកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ហើយបង្ហាញការគាំទ្រចំពោះការងារដែលក្រសួងយុត្តិធម៌បាននិងកំពុងដាក់ចេញ ជាពិសេសយន្តការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី ៧ ខែធ្នូ បានថ្លែងថា នៅក្នុងជំនួប អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN មិនបានលើកឡើងពីការរិះគន់ផ្នែកសិទ្ធិមនុស្ស ឬផ្នែកយុត្តិធម៌ណាមួយឡើយ ដោយសារជំនួបនេះមានគោលដៅជជែកពីវឌ្ឍនភាពលើវិស័យយុត្តិធម៌ បន្ទាប់ពីជំនួបគ្រាមុនកាលពីខែសីហា ឆ្នាំ ២០២២។
លោក ម៉ាលីន ថ្លែងថា៖ «យើងបានជជែកពីក្របខ័ណ្ឌគោលនយោបាយអំពីកែទម្រង់ប្រព័ន្ធយុត្តិធម៌ ហើយជជែកពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ការដោះស្រាយបញ្ហាពន្ធនាគារ ភាពចង្អៀតណែនក្នុងពន្ធនាគារ យន្តការការអនុវត្តទោសមិនមែនពន្ធនាគារ និងកិច្ចសហប្រតិបត្តិការជាមួយយន្តការរបស់ UN»។
លោកថ្លែងថា ជារួម លោក វិទិត មុនតាប៊ន បានកោតសរសើរនិងលើកទឹកចិត្តបន្តលើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលជាចំណែកសំខាន់ក្នុងការលើកកម្ពស់សិទ្ធិមនុស្សតួយ៉ាង សិទ្ធិទទួលបានយុត្តិធម៌ ធានាបាននូវនីតិរដ្ឋ និងលើកកម្ពស់ប្រជាធិបតេយ្យ។
ដោយឡែកនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចបង្កើតក្រុមការងារអន្តរក្រសួងដឹកនាំការងាររៀបចំរបាយការណ៍ជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា ជូនអង្គការសហប្រជាជាតិដែលដឹកនាំដោយលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
សេចក្តីសម្រេចនេះបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងនេះមានតួនាទីធ្វើសេចក្តីព្រាងរបាយការណ៍ជាតិ ស្តីពីការអនុវត្តសន្ធិសញ្ញាដែលពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជាសម្រាប់ដាក់ជូន UN តួយ៉ាងសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) របាយការណ៍ស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ (CERD) របាយការណ៍ស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (CED) របាយការណ៍ស្តីពីការពិនិត្យជាសកលតាមកាលកំណត់ (UPR) របាយការណ៍នានាទៀតដែល UN ស្នើសុំ។
លើសពីនេះទៅទៀត ក្រុមការងារអន្តរក្រសួងមានភារកិច្ចពិនិត្យនិងលើកយោបល់ជូនរដ្ឋាភិបាល លើសេចក្តីព្រាងរបាយការណ៍នានារបស់ UN និងរបស់អ្នកតំណាងផ្សេងៗទៀតនៃអង្គភាពសន្ធិសញ្ញា UN ដែលដាក់ជូនរដ្ឋាភិបាល ក៏ដូចជាបំពេញភារកិច្ចពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សតាមការប្រគល់របស់រដ្ឋាភិបាល។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងដោយបង្ហាញការគាំទ្រទិសដៅរបស់រដ្ឋាភិបាលចំពោះកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលជាចំណែកមិនអាចខ្វះបាននៅក្នុងដំណើរការការពារ និងគោរពសិទ្ធិមនុស្ស ដែលកើតចេញពីការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងជម្លោះនានា ដូចជាបញ្ហាបរិស្ថាន និងបញ្ហាដីធ្លីជាដើម។
លោក សែនករុណា ថ្លែងថា៖ «ទោះជាយ៉ាងណា ទិសដៅកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅមិនមានភាពប្រសើរនៅឡើយទេ (ព្រោះ) នៅតែរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិតួយ៉ាងការចាត់ថ្នាក់របស់គម្រោងឃ្លាំមើលយុត្តិធម៌ នៅតែចេញរបាយការណ៍ចាត់ថ្នាក់ប្រព័ន្ធយុត្តិធម៌សង្គមនៅជិតចុងក្រោយគេទៅហើយ។ ជាពិសេសមានការព្រួយបារម្ភទៅលើការអនុវត្តរបស់មន្ត្រីអនុវត្តច្បាប់ ដែលមានភាពលម្អៀងដោយនិន្នាការនយោបាយ និងអំពើពុករលួយ»។
លោក ស៊ឹង សែនករុណា បានថ្លែងដោយបង្ហាញឆន្ទៈសាទរចំពោះការប្តេជ្ញាចិត្តរបស់ប្រមុខរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ហើយសង្គមស៊ីវិល និងប្រជាពលរដ្ឋ នៅតែបន្តរង់ចាំមើលសកម្មភាពជាក់ស្តែងចំពោះកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នេះ៕