សៀមរាបៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍រំឭកគុណអង្គរ គឺធ្វើឡើងដើម្បីរំឭកនឹកគុណដល់បុព្វការីជនព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គដែលបានកសាងប្រាសាទនានា ដែលពិធីនេះនឹងក្លាយជាយុទ្ធនាការរួមមួយក្នុងការជួយជំរុញឱ្យមានការជួយឧបត្ថម្ភគាំទ្រនានាក្នុងកិច្ចការអភិរក្សបេតិកភណ្ឌជាតិ។
លោកស្រី ភឿង សកុណា ដែលជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាផងនោះបានលើកឡើងបែបនេះ នាឱកាសដែលអាជ្ញាធរជាតិអប្សរាបានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ និងរាប់បាត្រព្រះសង្ឃ ១៣១ អង្គ បើកព្រឹត្តិការណ៍រំឭកគុណអង្គរឆ្នាំទី៣ នៅព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៣។
ពិធីនេះក៏មានការចូលរួមពីលោកស្រី ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងអភិបាលខេត្តសៀមរាប ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកអាជ្ញាធរជាតិអប្សរាជាច្រើនរយនាក់។
លោកស្រី ភឿង សកុណា ថ្លែងថា ព្រឹត្តិការណ៍រំឭកគុណអង្គរធ្វើឡើងក្នុងគោលបំណង ២ សំខាន់ៗពោល គឺដើម្បីអបអរសាទរខួប ៣១ ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២។ ពិធីនេះក៏ដើម្បីរំឭកនឹកគុណដល់បុព្វការីជនព្រះមហាក្សត្រជំនាន់មុន គ្រប់ព្រះអង្គ ដែលបានកសាង ប្រាសាទនានា បន្សល់ទុកនូវសម្បត្តិបេតិកភណ្ឌសិល្បៈ និងវប្បធម៌ជាច្រើនបម្រើគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចជូនអ្នកជំនាន់នេះ និងទៅអនាគត។
លោកស្រីបញ្ជាក់ថា៖ «ពិធីនេះក៏ឧទ្ទិសផងដែរចំពោះបុព្វបុរសខ្មែរ ឥស្សរជនខ្មែរគ្រប់ជំនាន់ អ្នកជំនាញការជាតិ អន្ដរជាតិដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត រហូតដល់អាយុជីវិតដើម្ប្រីក្សាការពារ និងអភិរក្សមរតកវប្បធម៌ជាតិយើង»។
លោកស្រីរំពឹងថា ការប្រារព្ធពិធីរំឭកគុណអង្គរនាពេលនេះនឹងក្លាយជាយុទ្ធនាការរួមមួយ ក្នុងការជួយជំរុញឱ្យមានការជួយឧបត្ថម្ភគាំទ្របន្ថែមពីវិស័យឯកជន សម្រាប់ជាគុណប្រយោជន៍ដល់កិច្ចការទូទៅក្នុងសង្គម ក៏ដូចជាកិច្ចការអភិរក្សបេតិកភណ្ឌជាតិ ដែលការចូលរួមនេះ គឺជាកាយវិការដ៏ថ្លៃថ្លា និងក្លាយជានិមិត្តរូបនៃមិត្តភាព សាមគ្គីភាពទាំងជាតិ និងអន្តរជាតិសម្រាប់ការងារវប្បធម៌ និងសង្គម។
ជាមួយគ្នានេះលោកស្រី ពេជចន្ទមុន្នី លើកឡើងថា ការរៀបចំពិធីបុណ្យនេះ គឺជាការបង្កើតទំនៀមទម្លាប់ និងវប្បធម៌នៃការដឹងគុណ ដែលជាតម្លៃសីលធម៌សម្រាប់កូនចៅជំនាន់ក្រោយចងចាំ និងស្គាល់ប្រភព និងអរិយធម៌ ដែលដូនតាយើងបន្សល់ទុក។
លោកស្រីបន្តថា៖ «ពិធីនេះប្រាកដនឹងរួមចំណែកដល់ការផ្សព្វផ្សាយបន្ថែមទៀតអំពីសក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជា ដែលភ្ញៀវទេសចរនឹងអាចបន្តទស្សនាសក្ខីកម្មដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរដែលមានទេពកោសល្យខ្ពស់ និងដើម្បីបញ្ជាក់បន្ថែមទៀតនូវអ្វីដែលមានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា»។
សូមបញ្ជាក់ថា ពិធីបុណ្យរំឭកគុណអង្គរ ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅរយៈពេល ១០ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ៧ រហូតដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣ ខណៈឆ្នាំនេះ គឺជាឆ្នាំទី៣ ហើយ ដែលក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរាបានរៀបចំព្រឹត្តិការណ៍នេះឡើង៕