អង្គការអន្តរជាតិខាងការងារ (ILO) សូមកោតសរសើរដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការដាក់ឱ្យអនុវត្តដោយជោគជ័យនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត។
សមិទ្ធផលនេះ គឺបង្ហាញពីជំហានដំបូងឆ្ពោះទៅរកប្រព័ន្ធមួយដែលពេញលេញក្នុងបំណងផ្តល់ជូនរបបសន្តិសុខសង្គមដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបតាមរយៈការផ្តល់សេវា និងអត្ថប្រយោជន៍សន្តិសុខសង្គមផ្នែកថែទាំសុខភាព ដល់បុគ្គលស្វ័យនិយោជន៍ (អ្នកប្រកបរបរដោយខ្លួនឯង) និងអ្នកនៅក្នុងបន្ទុករបស់សមាជិកប.ស.ស ទាំងអស់។ អង្គការអន្តរជាតិខាងការងារ (ILO) សូមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា និង ប.ស.ស សម្រាប់ការសម្រេចបានសមិទ្ធផលសំខាន់នេះ។
កម្មវិធីរបបសន្តិសុខសង្គមថ្មីនេះតំណាងឱ្យជំហានចាប់ផ្តើមមួយក្នុងការបិទគម្លាតនៃការទទួលបានកិច្ចគាំពារសង្គម និងសេវាកម្មដែលត្រូវបានផ្តល់សម្រាប់ប្រជាជន។ តាមរយៈការពង្រីកសិទ្ធិទទួលបានការថែទាំសុខភាពដល់កម្មករនិយោជិត និងសមាជិកគ្រួសាររាប់សែននាក់ដែលមិនទាន់បានទទួលពីមុនមកកម្ពុជាបានបោះជំហានគួរឱ្យកោតសរសើរឆ្ពោះទៅរកសង្គមមួយដែលមានបរិយាបន្នជាងមុន។
ទោះជាយ៉ាងណាក៏ដោយយើងទទួលស្គាល់ថា នេះជាជំហានដំបូងហើយការងារអនុវត្តកម្មវិធីថ្មីនេះ និងការអនុវត្តសិទ្ធិរបស់ប្រជាជនកម្ពុជាក្នុងការទទួលបានកិច្ចគាំពារសង្គមគឺចាប់ផ្តើមពីឥឡូវនេះ។ ការងារនេះត្រូវរួមបញ្ចូលទាំងការវិភាគ និងការកែសម្រួលនានាបន្ថែមទៀតដែលនឹងមានសារៈសំខាន់ដើម្បីធានាបានភាពជោគជ័យសម្រាប់កម្មវិធីរបបសន្តិសុខសង្គមថ្មីនេះ។
ILO បាននិងកំពុងគាំទ្រយ៉ាងសកម្មដល់រាជរដ្ឋាភិបាលក្នុងការពង្រីកវិសាលភាពនៃកិច្ចគាំពារសង្គមតាមរយៈគម្រោង «បង្កើនកិច្ចគាំពារសង្គមនៅកម្ពុជា Advancing Social Protection (ASP)» ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប (EU)។
នៅក្នុងគម្រោង EU-ASP នេះ យើងបានអនុវត្តសកម្មភាពជាច្រើនក្នុងគោលបំណងគូសរំលេចពីផលជះ និងសក្តានុពលនៃកិច្ចគាំពារសង្គម និងការចុះឈ្មោះចូលក្នុងប្រព័ន្ធនៃសេដ្ឋកិច្ចកម្ពុជាដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ និងដើម្បីកំណើនផលិតភាព។ ការគាំទ្រនេះត្រូវបានជំរុញដោយការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើការរួមគ្នាជាមួយរដ្ឋាភិបាលក៏ដូចជានិយោជក និងតំណាងកម្មករនិយោជិតដើម្បីធានាបានភាពជោគជ័យ និងចីរភាពនៃរបបសន្តិសុខសង្គម។ យើងសូមថ្លែងអំណរគុណចំពោះស្ថាប័នទាំងអស់នេះ និងថ្នាក់ដឹកនាំស្ថាប័នទាំងអស់ ចំពោះសមិទ្ធផលដ៏ធំធេងនេះ។
ការពង្រីកវិសាលភាពនៃរបបសន្តិសុខសង្គមនេះ ក៏ស្របតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមក្នុងគំនិតផ្តួចផ្តើម «កាតាលីករសកលស្តីពីមុខរបរ និងការងារ និងកិច្ចគាំពារសង្គមសម្រាប់អន្តរកាលប្រកបដោយយុត្តិធម៌» ដែលបានប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តនៅខែកញ្ញាឆ្នាំ ២០២១ ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ។
គោលបំណង គឺតម្រង់ការវិនិយោគ ដើម្បីជួយបង្កើតការងារសមរម្យយ៉ាងហោចណាស់ ៤០០ លានកន្លែង នៅទូទាំងពិភពលោកនិងពង្រីកការទទួលបានកិច្ចគាំពារសង្គមដល់មនុស្សជាង ៤ ពាន់លាននាក់ ដែលបច្ចុប្បន្នមិនទាន់ទទួលបានការគាំពារ។
ក្នុងនាមជាដៃគូដែលអាចទុកចិត្តបានក្នុងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម ILO នៅតែមានកង្វល់ខ្លះដែលថាលក្ខខណ្ឌស្ម័គ្រចិត្តក្នុងការចុះឈ្មោះក្នុងរបបសន្តិសុខសង្គមនេះ អាចជះឥទ្ធិពលដល់ចីរភាពហិរញ្ញវត្ថុនៃរបបនេះ។
ការចុះឈ្មោះជាកាតព្វកិច្ចគឺជាវិធីសាស្ត្រដែលអាចនឹងសម្រេចបានការគ្របដណ្តប់ចំនួនប្រជាជនកាន់តែច្រើន ចីរភាពហិរញ្ញវត្ថុកាន់តែប្រសើរ និងមានសមធម៌ខ្ពស់ ក្នុងចំណោមសមាជិកអ្នកចូលរួមភាគទាន។ ទោះជាយ៉ាងណាយើងប្តេជ្ញាគាំទ្រដល់ការតាក់តែងរបបបច្ចុប្បន្ននិងតស៊ូមតិសម្រាប់ការកែលម្អជាបន្តទៀត ហើយយើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព និងធានាចីរភាពរយៈពេល វែងនៃរបបថ្មីនេះ។ យើងទន្ទឹងរង់ចាំជំហានដំបូងនៃដំណើរការអនុវត្តកម្មវិធីនេះ និងបន្តធ្វើជាសាក្សីលើការពង្រីកវិសាលភាពនៃរបបសន្តិសុខសង្គមនៅកម្ពុជា។
យើងជំរុញឱ្យបុគ្គលស្វ័យនិយោជន៍ទាំងអស់ក្នុងប្រទេសកម្ពុជាចាប់យកឱកាសថ្មីនេះហើយចុះឈ្មោះជាមួយរបបសន្តិសុខសង្គមដោយស្ម័គ្រចិត្ត។ឥឡូវនេះសមាជិក ប.ស.ស ទាំងអស់ក៏អាចចុះឈ្មោះអ្នកនៅក្នុងបន្ទុករបស់ខ្លួនផងដែរដើម្បីធានារ៉ាប់រងក្រុមគ្រួសាររបស់ពួកគេទល់ទៅនឹងមហន្តរាយ និងការចំណាយបន្ទាន់លើសុខភាព។
តាមរយៈការចុះឈ្មោះនេះពួកគេនឹងទទួលបានអត្ថប្រយោជន៍សន្តិសុខសង្គមដ៏សំខាន់។ នេះជាឱកាសមួយក្នុងការការពារខ្លួនឯង និងមនុស្សជាទីស្រឡាញ់របស់ពួកគេ និងធានាបានអនាគតកាន់តែមានសុវត្ថិភាពសម្រាប់ទាំងអស់គ្នា។ ការចុះឈ្មោះថ្ងៃនេះនឹងជួយកសាងប្រទេសកម្ពុជាឱ្យមានការគាំពារ និងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូប។
ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមដោយស្ម័គ្រចិត្តគឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជាក្នុងដំណើរស្វែងរកការសម្រេចបានការថែទាំសុខភាពជាសកល។យើងសូមអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប.ស.សនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាថ្មីម្តងទៀត ចំពោះការបូជាកម្លាំងកាយចិត្តក្នុងការពង្រីកកិច្ចគាំពារសង្គម៕
ដោយលោក Oktavianto Pasarbu មន្ត្រីទទួលបន្ទុក និងជានាយករងនៃការិយាល័យ ILO ប្រចាំប្រទេសថៃ កម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ