លោកស្រី ដេបូរ៉ា កូមីនី (Debora Comini) ប្រធាន​ប្រចាំតំបន់​អាស៊ី​ខាងកើត និងប៉ាស៊ីហ្វិក​នៃអង្គការ​យូនីសេហ្វ បានលើកឡើង​ថា អង្គការ​យូនីសេហ្វ នឹងសហការជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ជំរុញ​ធ្វើឱ្យធ្លាក់​ចុះ​នូវអត្រា​ជំងឺមិនឆ្លង ការធាត់​ជ្រុល និងជំងឺ​ស្គមស្គាំង​របស់​កុមារ​នៅកម្ពុជា។
 
ការលើកឡើង​របស់​ប្រធាន​អង្គការ​យូនីសេហ្វ​ដូច្នេះ ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​លោកស្រី ដេបូរ៉ា កូមីនី ដឹកនាំ​គណៈប្រតិភូ​ចូលជួប​សម្តែង​ការគួរសម និងពិភាក្សា​ការងារ​ជាមួយ​លោក អ៊ុក រ៉ាប៊ុន ទេសរដ្ឋ​មន្ត្រី ប្រធាន​ក្រុមប្រឹក្សា​ស្តារអភិវឌ្ឍន៍​វិស័យ​កសិកម្ម និងជនបទ និងជាប្រធាន​គណៈកម្មាធិការ​ជាតិ ជំរុញ​ចលនាភូមិ១​ផលិតផល១ នៅទីស្តីការ​គណៈរដ្ឋមន្ត្រី កាលរសៀល​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
 
នាឱកាសនោះ លោកស្រី ដេបូរ៉ា កូមីនី បានស្នើ​ដល់ក្រុមប្រឹក្សា​ស្តារអភិវឌ្ឍន៍​វិស័យ​កសិកម្ម និងជនបទ ឱ្យជួយ​ជំរុញ​ការបំបៅកូន​ដោយទឹកដោះ​ម្តាយ និងស្នើសុំ​ជួយ​អន្តរាគមន៍ ក្នុងការពន្យារ​មាតុភាព​រហូត​ដល់ ១៨៣ថ្ងៃ។ ជាមួយគ្នានេះ លោកស្រី ក៏បាន​ស្នើ​ឱ្យ​យកចិត្តទុក​ដាក់​បន្ថែមទៀត ដល់អាហារ​ប៉ះពាល់​ដល់​សុខភាព ដូចជា បារី ស្រា ភេសជ្ជៈផ្អែមជាដើម និងស្នើ​ឱ្យបង្កើន​ពន្ធលើ​ផលិតផល​ទាំងនេះ​ផងដែរ។
 
តំណាង​អង្គការ​យូនីសេហ្វ​បានបញ្ជាក់ទៀត​ថា៖« អង្គការ​យូនីសេហ្វ នឹងសហការជាមួយ​រាជរដ្ឋាភិបាល ក្នុងការធ្វើ​ឱ្យធ្លាក់​ចុះនូវ​អត្រា​ជំងឺមិនឆ្លង ការធាត់ជ្រុល និងជំងឺស្គមស្គាំ​ងរបស់​កុមារ»។
 
ឆ្លៀតក្នុងឱកាស​នោះដែរ លោកស្រី ក៏បានស្នើ​សុំធ្វើការសិក្សា​ទៅលើ​ការចំណាយ ដើម្បីឆ្លើយបត​ នឹងភាពស្គមស្គាំង ​របស់ កុមារ ខណៈ​លោកស្រី ក៏សូមឱ្យ​កម្ពុជា​គិតគូរ​ពីការផ្តល់​អាហារសុខភាព​ដល់​កុមារ និងការផ្គត់ផ្គង់​ទឹកស្អាត និងអនា​ម័យ។ មួយវិញទៀត លោកស្រី ថែមទាំង​ជំរុញ​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​កសិករ ដែលប្រើប្រាស់​ជីគីមី​មិនបាន​ត្រឹមត្រូវ ធ្វើឱ្យ​មានបម្រែបម្រួល​អាកាសធាតុ និងហូរចូល​ទៅប្រភពទឹក ធ្វើឱ្យ​ប៉ះពាល់ដល់​ការផ្គត់ផ្គង់​ទឹកស្អាត សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​ថែមទៀត។

ជាការឆ្លើយតបវិញ លោកទេស​រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានឯកភាព ចំពោះ​ការលើកឡើង​របស់​អង្គការ​យូនីសេហ្វ និងបានបញ្ជាក់​ថា លោកនឹងស្នើ​ទៅវិទ្យាស្ថាន​ស្រាវជ្រាវ និងអភិវឌ្ឍន៍​កម្ពុជា ដើម្បី​ធ្វើការសិក្សា​ពីការចំណាយ សម្រាប់កែលម្អភាព​ស្គាំងស្គម​របស់​កុមារ ព្រោះតាមតួ​លេខនៅមាន​អត្រាខ្ពស់​នៅឡើយ។ 

យ៉ាងណាមិញ លោកបានស្នើ​អង្គការ​យូនីសេហ្វ បន្តជួយ​ដល់ក្រុមការងារ​សន្តិសុខ​ស្បៀង និងអាហារូបត្ថម្ភ​ថ្នាក់ខេត្ត និងជួយ​លើវិស័យ​ទឹកស្អាត និងអនាម័យ សុខាភិបាល ការគាំពារ​សង្គម និងវិស័យ​អប់រំ ដើម្បីរួមចំណែក​សម្រេចបាន​ជោគជ័យ នូវយុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី១ របស់​រាជរដ្ឋាភិបាល»។ 

ពាក់ព័ន្ធនឹង​ជំងឺមិនឆ្លង​នេះដែរ ថ្លែងក្នុង​ទិវា​ជំងឺទឹកនោមផ្អែម​ពិភពលោក កាលថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បានបញ្ជាក់​ថា ជំងឺមិនឆ្លង ពិសេស​ជំងឺទឹកនោមផ្អែម​នៅ​កម្ពុជា គឺជាជំងឺ​រ៉ាំរ៉ៃមួយ និងជាបញ្ហាប្រឈម​ផ្នែកសុខភាព​ដ៏ចម្បង​មួយ​ចំពោះ​បុគ្គល គ្រួសារ និងប្រព័ន្ធ​សុខាភិបាល។ លោកថា ជំងឺទឹកនោម​ផ្អែម អាចបង្ក​ផលវិបាក​ដូចជា​ជំងឺគាំង​បេះដូង គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ពិការភ្នែក ខ្សោយ​តម្រងនោម និងពិការអវៈយវៈ​ជាដើម។ 

លោករដ្ឋមន្រ្តី បានអះអាង​ថា កត្តា​ហានិភ័យ​នៃជំងឺ​មិនឆ្លង គឺបណ្តាល​មកពី​ទម្លាប់​នៃការទទួលទាន​អាហារ​មិនល្អ​​សម្រាប់ការទ្រទ្រង់​សុខភាព និងទម្លាប់មិនបាន​បញ្ចេញពលកម្ម ឬធ្វើ​លំហាត់ប្រាណ​គ្រប់គ្រាន់​ជាប់ជាប្រចាំ ខណៈលោកក៏​បានជំរុញ​ដល់ពលរដ្ឋ​កម្ពុជា​ទាំងអស់ យកចិត្តទុក​ដាក់លើ​សុខភាព​ផ្ទាល់ខ្លួន ពិសេស​លើរបប​អាហារ​ប្រចាំថ្ងៃ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ដែលបង្ក​ឱ្យមាន​ជំងឺទឹក​នោមផ្អែម និងជំងឺមិនឆ្លង​ផ្សេងៗទៀត៕