ក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសក្រុមភ្លេងកាយរឹទ្ធិ ដើម្បីចូលរួម«ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ លើកទី១» ដែលនឹងប្រព្រឹត្តចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។
តាមរយៈសេចក្តីជូនដំណឹងខាងលើ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានឱ្យដឹងថា កម្មវិធីនេះរៀបចំឡើង ដើម្បីផ្តល់នូវឱកាសអភិវឌ្ឍសមត្ថភាព ដល់កាយរឹទ្ធិជំទង់ និងកាយរឹទ្ធិរៀមច្បង ប្រកបដោយសក្តានុពលខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីក្លាយជាសមាជិកសកម្មនៅក្នុងសាលារៀននិងសហគមន៍តាមមូលដ្ឋានរស់នៅរបស់ខ្លួន។
បន្ថែមពីនេះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងដែរថា ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិនេះ ក៏ជាចំណែកមួយចូលរួមក្នុងការលើកកម្ពស់ស្តង់ដាសាលារៀនគំរូ ដែលនឹងជួយបណ្តុះនូវបំណិនជីវិត និងចរិយាសម្បត្តិដល់សិស្សឱ្យក្លាយជាធនធានមនុស្សនាពេលអនាគត។
លោកស្រី រំពឹងថា៖«តាមរយៈការប្រកួតនេះ ក្រសួងសង្ឃឹមថា នឹងមានក្រុមភ្លេងកាយរឹទ្ធិចំនួន ៨ រាជធានី/ខេត្តក្រុង ចូលរួម ក៏ដូចជាអាចបំផុសគំនិតស្មារតីយុវជនដទៃទៀតឱ្យចូលរួមថែមទៀតផងដែរ»។
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បានបញ្ជាក់ដែរថា ចំពោះលក្ខខណ្ឌ និងការជ្រើសរើសការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ លើកទី១នេះ នឹងត្រូវជ្រើសរើសជាក្រុមភ្លេងកាយរឹទ្ធិ ដែលជាក្រុមភ្លេងកាយរឹទ្ធិមានសមាជិកចាប់ពី ២៥ នាក់ ទៅ ៣០ នាក់ ជាកាយរឹទ្ធិជាតិកម្ពុជាមកពីរាជធានី-ខេត្ត ដោយក្នុងនោះ បេក្ខជនបម្រុង ៥ នាក់។
លើសពីនេះ កាយរឹទ្ធិជាតិកម្ពុជា ត្រូវមានអាយុចន្លោះចាប់ពី ១៦ ឆ្នាំ ទៅ ២៥ ឆ្នាំ មានឯកសណ្ឋានត្រឹមត្រូវ តាមឯកសណ្ឋានកាយរឹទ្ធិជាតិកម្ពុជាដែលបានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុង មានសុខភាពល្អ និងមានឆន្ទៈចូលរួមសកម្មភាពគ្រប់កាលៈទេសៈ និងមានគំនិតច្នៃប្រឌិត ស្មារតីធ្វើការជាក្រុម និងមានទំនួលខុសត្រូវខ្ពស់ជាដើម។
ជុំវិញរឿងនេះ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា បានថ្លែងគាំទ្រចំពោះសកម្មភាពប្រឡងប្រណាំងផ្សេងៗរបស់ក្រសួងដើម្បីផ្តល់នូវឱកាសអភិវឌ្ឍសមត្ថភាពដល់យុវជន និងការអប់រំនៅកម្ពុជា ពិសេសពង្រឹងសមត្ថភាពអប់រំរបស់សិស្សឱ្យកាន់តែមានគុណភាពថែមទៀត។
លោកបន្តថា៖«សកម្មភាពប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិនេះ នឹងធ្វើឱ្យយុវជនកាយរឹទ្ធិកម្ពុជាមានសាមគ្គីភាពរវាងគ្នា និងគ្នាក្នុងសង្គមឱ្យបានកាន់តែជិតស្និទ្ធ ចេះធ្វើការសិក្សាស្រាវជ្រាវរៀនសូត្រដោយខ្លួនឯង និងជាក្រុម ដែលនឹងផ្តល់ផលចំណេញដល់វិស័យអប់រំកម្ពុជាបន្ថែមទៀត»។
អ្នកជំនាញអប់រំរូបនេះក៏បានស្នើទៅកាន់ក្រសួងអប់រំ ឱ្យបន្តរៀបចំសកម្មភាពប្រឡងប្រណាំងបែបនេះ ឱ្យបានច្រើន ដើម្បីលើកកម្ពស់គុណភាពអប់រំនៅតាមសាលារៀនឱ្យបានទូលំទូលាយថែមទៀត។
ដើម្បីចូលរួមការប្រកួតនេះ ក្រសួងអប់រំ បានប្រកាសថា បេក្ខជនត្រូវទាញពាក្យសុំចុះឈ្មោះចូលរួម តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់កាយរឹទ្ធិជាតិកម្ពុជា ហើយការទទួលពាក្យចូលរួម នឹងចាប់ផ្តើមពីខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
ដោយឡែកចំពោះ ការផ្តល់រង្វាន់ជយលាភី ក្រសួងនឹងជ្រើសរើស ៥ ក្រុមចុងក្រោយ ដើម្បីប្រកួតប្រជែងយករង្វាន់ជយលាភី ចំណាត់ថ្នាក់លេខ១ ចំណាត់ថ្នាក់លេខ២ និងចំណាត់ថ្នាក់លេខ៣ នៅរាជធានីភ្នំពេញ។ ចំពោះចំណាត់ថ្នាក់លេខ១ នឹងទទួលបានប្រាក់ឧបត្ថម្ភ ២០ លានរៀល និងពានរង្វាន់ លេខ២ នឹងទទួលបានប្រាក់ឧបត្ថម្ភ ១២លាន រៀល និងពានរង្វាន់ និងចំណាត់ថ្នាក់លេខ៣ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៨លានរៀល និងពានរង្វាន់៕