តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប អនុវត្តដោយរដ្ឋបាលជលផល បានសម្រេចផ្តល់ថវិកាជួយគាំទ្រដំណើរការប្រព្រឹត្តនិងអនុវត្តផែនការសកម្មភាពរបស់សហគមន៍នេសាទនិងសហគមន៍ស្រះជម្រកត្រី នៅកម្ពុជាចាប់ពីឆ្នាំ២០២០ មកដល់បច្ចុប្បន្ន ក្នុងគោលដៅពង្រឹងការអភិរក្សនិងគ្រប់គ្រងធនធានជលផលប្រកបដោយប្រសិទ្ឋភាពនិងនិរន្តរភាព។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដែលបានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០មក កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (ផ្នែកនេសាទ) បានផ្តល់ថវិកាចំនួន៤លានរៀល (ប្រមាណ ១០០០ ដុល្លារសហរដ្ឋអាមេរិក) ដល់សហគមន៍នីមួយៗ។
សហគមន៍ចំនួន១៥០ បានទទួលថវិកាក្នុងឆ្នាំ២០២០ និងបានបង្កើនចំនួនសហគមន៍ដល់២៥០ ក្នុងការទទួលបានថវិកា ដែលក្នុងនោះមាន១៥០សហគមន៍ នេសាទនៅ១៥ខេត្តគោលដៅដែលស្ថិតក្រោមការសម្របសម្រួលដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ និង១០០សហគមន៍ស្រះជម្រកត្រី នៅ១១ខេត្តគោលដៅដែលស្ថិតក្រោមការសម្របសម្រួលដោយនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម។ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ កម្មវិធីបានបន្តផ្តល់ថវិកាជូនសហគមន៍ចំនួន២៥០ដដែល។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖«ការផ្តល់ថវិកាជូនសហគមន៍នេសាទទាំងនេះ បានដើរតួយ៉ាងសំខាន់ក្នុងការជួយជំរុញការចូលរួម បង្កលទ្ធភាពការបំពេញ តួនាទីភារកិច្ចរបស់សហគមន៍ និងលើកទឹកចិត្តសហគមន៍ក្នុងការចូលរួមគ្រប់គ្រង និងអភិរក្សដោយសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី»។
ការផ្តល់ថវិកានេះ មានសារៈសំខាន់ណាស់ក្នុងការគាំទ្រដល់ការការពារត្រីមេពូជ ការបង្កើត និងការការពារកន្លែងអភិរក្សជលផលក្នុងសហគមន៍នេសាទ (រួមទាំងការដាក់ស្លាកសញ្ញាកន្លែងអភិរក្សជលផល ការបោះបង្គោលកន្លែងសហគមន៍នេសាទ និងកន្លែងអភិរក្សជលផលជាដើម) ដែលថវិកាទាំងនេះជួយគណៈកម្មការសហគមន៍ឱ្យមានសម្ភារចាំបាច់សំខាន់ៗសម្រាប់បម្រើការងារល្បាតជលផល និងការស្តារជម្រកត្រីមេពូជ និងប្រភេទវារីវប្បកម្មផ្សេងៗទៀត។
លោក EVERAERT Koen អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា សហគមន៍នេសាទមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដោយសារប្រជាជនកម្ពុជាភាគច្រើនពឹងផ្អែកលើការនេសាទសម្រាប់ជីវភាពរស់នៅ និងសន្តិសុខស្បៀង។
លោកថា៖«សហគមន៍នេសាទផ្តល់អំណាចដល់សហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រង និងការពារធនធានជលផលប្រកបដោយនិរន្តរភាព។ ការចូលរួមរបស់សហគមន៍ជំរុញឱ្យមានភាពជាម្ចាស់ដើម្បីចូលរួមសកម្មក្នុងការងារអភិរក្ស។ លើសពីនេះទៀត ធនធានជលផលដែលគ្រប់គ្រងបានល្អ អាចទាក់ទងទេសចរណ៍ដើម្បីបង្កើតឳកាសសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន»។
លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល មានប្រសាសន៍ថា សហគមន៍នេសាទមានវិសាលភាពគ្របដណ្តប់លើភាគច្រើននៃតំបន់គ្រប់គ្រងជលផលទាំងនៅទឹកសាប និងតំបន់ឆ្នេរ ចំណែកសហគមន៍ស្រះជម្រកត្រីត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងស្រះរួមនៅតាមភូមិឃុំដើម្បីអភិរក្សត្រីមេពូជនៅរដូវប្រាំង ដែលត្រីមេពូជទាំងនេះពងកូន និងធំធាត់ដោយ តភ្ជាប់ទៅតំបន់វាលស្រែ និងវាលទំនាបនៅរដូវវស្សា។
លោកបញ្ជាក់ថា៖«សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រីទាំងនោះ ដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការចូលរួមការអភិរក្ស ការការពារ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានជលផលនៅកម្ពុជាឱ្យមាននិរន្តរភាព ដែលទាមទារឱ្យសហគមន៍មានសមត្ថភាព ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន»។
លោកបន្ថែមថា ការងារនេះទាមទារឱ្យមានកិច្ចសហការ រវាងស្ថាប័ន និងអង្គភាពជំនាញពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍជលផល និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការពង្រឹងសមត្ថភាពសហគមន៍ តាមរយៈការបណ្តុះបណ្តាល ការគាំទ្រផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុដល់សហគមន៍។
ទន្ទឹមនេះ សហគមន៍ក៏ត្រូវមានស្វ័យភាពពង្រឹងសមត្ថភាពរបស់ខ្លួន ធ្វើការវាយតម្លៃនូវស្ថានភាពធនធាន និងវឌ្ឍនភាពក្នុងសហគមន៍របស់ខ្លួន លើកកម្ពស់ការចូលរួមរបស់សមាជិកក្នុងការការពារធនធានជលផល ការអភិវឌ្ឍនសហគមន៍ និងចូលរួមលុបបំបាត់បទល្មើសនេសាទនៅក្នុងតំបន់គ្រប់គ្រងរបស់សហគមន៍ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។
លោកបន្ថែមថា៖ «បើគ្មានការចូលរួមពីប្រជាពលរដ្ឋមូលដ្ឋាន តាមរយៈសហគមន៍នេសាទនិងសហគមន៍ស្រះជម្រកត្រីនោះទេ ការអភិរក្ស ការការពារ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានជលផលនៅកម្ពុជាមិនអាចសម្រេចបានដោយជោគជ័យដោយរលូន និងមាននិរន្តរភាពបានឡើយ»។
ដើម្បីភាពជាម្ចាស់និងគ្រប់គ្រងថវិកាប្រកបដោយប្រសិទ្ធភាពដោយសហគមន៍ រដ្ឋបាលជលផលដែលទទួលបានការគាំទ្របច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ បានរៀបចំគោលការណ៍ណែនាំស្តីពីការផ្តល់និងការគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍នេសាទនិងសហគមន៍ស្រះជម្រកត្រី និងបានផ្តល់វគ្គបណ្តុះបណ្តាលគ្រូបង្គោលដល់មន្ត្រីខណ្ឌរដ្ឋបាលជលផល សហគមន៍នេសាទនិងសហគមន៍ស្រះជម្រកត្រីចាប់ពីខែសីហាឆ្នាំ២០២២ដល់ខែមិថុនាឆ្នាំ២០២៣។
កញ្ញា Rebekah Bell នាយិកាប្រចាំប្រទេសនៃអង្គការFAO មានប្រសាសន៍ថា អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ក្នុងកិច្ចសហការជាមួយរដ្ឋបាលជលផល ក៏បានផ្តល់វិញ្ញាបនបត្រជូនគ្រូបង្គោលចំនួន៥៦៨នាក់ (ស្ត្រី៩២នាក់) ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដល់មន្ត្រីខណ្ឌរដ្ឋបាលជលផល សមាជិកគណៈកម្មការសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី ដែលជួយជំរុញដំណើរការប្រព្រឹត្តទៅរបស់សហគមន៍៕