លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ ២០២៣ សំដៅបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ។
សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី៧ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា ការបំពេញទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់លោក ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
គណៈប្រតិភូអញ្ជើញអមដំណើរលោក ហ៊ុន ម៉ាណែត រួមមាន ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។
សេចក្តីប្រកាសបញ្ជាក់ថា៖«សម្ដេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តមនាយករដ្ឋមន្ត្រី ផាម មិញ ជិញ នឹងជួបប្រជុំ ទ្វេភាគី ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ចការព្រំដែន ជាដើម»។ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារកិច្ចព្រមព្រៀងមួយចំនួន និងធ្វើជាសហអធិបតីក្នុងវេទិកាកម្ពុជា-វៀតណាមស្ដីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគ។
នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយលោក ង្វៀន ហ្វ៊ីចុង (NGUYEN Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម លោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋវៀតណាម និងលោក វ៉ាំង ឌិញហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភាវៀតណាម។
លោក ហ៊ុន ម៉ាណែត ក៏នឹងអនុញ្ញាតជូន លោកស្រី ង្វៀន ធីថាញ់ (NGUYEN Thi Thanh) ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ព្រមទាំងថ្នាក់ដឹកនាំសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារផងដែរ។
ក្នុងឱកាសបំពេញទស្សនកិច្ចនេះដែរ លោក ហ៊ុន ម៉ាណែត នឹងថ្លែងសុន្ទរកថាគន្លឹះស្តីពី គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម នៅសាកលវិទ្យាល័យ ពាណិជ្ជកម្មអន្ដរជាតិ នៅទីក្រុងហាណូយ។
សេចក្តីប្រកាសព័ត៌មានខាងលើបានគូសរំលេចថា៖«ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ប្រទេសវៀតណាមនាពេលខាងមុខ នឹងបង្ហាញពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងដ៏យូរអង្វែង ឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» រវាង កម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រជាជាតិទាំងពីរ»៕