ក្រសួង​សុខាភិបាល អំពាវនាវ​និងក្រើន​រំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​យកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន​លើ​សុខភាព ដើម្បី​បង្ការ​នូវការចម្លង​ជំងឺ​ផ្តាសាយ​នារដូវធ្លាក់​ខ្យល់ និងជំងឺ​កូវីដ ១៩ ជាយថាហេតុ ខណៈ​នាពេល​បច្ចុប្បន្ននេះ វីរុស​កូវីដ១៩ មិនទាន់​បាត់អស់​ពីប្រទេស​កម្ពុជា​នៅឡើយ។

សេចក្តី​អំពាវនាវ​របស់​ក្រសួង​សុខាភិបាល ចុះថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹង​ថា យើងកំពុង​រស់នៅ​តាមគន្លង​ប្រក្រតី​ភាព​ថ្មី ក្នុងបរិបទ​នៃជំងឺ​កូវីដ១៩ ដោយសារ​យើងបាន​ចាក់វ៉ាក់សាំង​គ្រប់ៗគ្នា ដែលធ្វើ​ឱ្យមាន​នូវភាព​ស៊ាំ សហគមន៍​នៅទូទាំង​ប្រទេស​កម្ពុជា។ ក្នុងពេលថ្មីៗ​នេះ នៅបណ្តា​ប្រទេសមួយចំនួន​នៅតំបន់​អាស៊ាន ក៏មានការកើនឡើង​ដោយកន្លង​នូវការចម្លង​ជំងឺ​កូវីដ១៩ ឡើងវិញ។ 
 
ក្រសួងបញ្ជាក់​ថា៖ "ជាមួយគ្នានេះ ប្រព័ន្ធ​តាមដាន​ជំងឺ​ឆ្លង​របស់​នាយកដ្ឋានប្រយុទ្ធ​នឹងជំងឺ​ឆ្លង​របស់​ក្រសួង​សុខាភិបាល បានបញ្ជាក់​ពីការ​រកឃើញ​ករណី​ជំងឺ​កូវីដ១៩ ជារឿយៗ នៅក្នុង​ចំណោម​អ្នកជំងឺ​ដែលមក​ទទួល​សេវា​សុខាភិបាល​នៅតាម​មន្ទីរពេទ្យ»។
 
អាស្រ័យហេតុនេះ ក្រសួង​សុខាភិបាល អំពាវនាវ​ក្រើន​រំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​យកចិត្ត​ទុកដាក់​ប្រុងប្រយ័ត្ន ដើម្បី​បង្ការ​នូវការចម្លង​ជំងឺ​ផ្តាសាយ និងជំងឺ​កូវីដ១៩ ជាយថាហេតុ ដោយត្រូវ​អនុវត្ត​នូវវិធានការ​បង្ការ​នានា។
 
វិធានការ​ទាំងនោះ​រួមមាន អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវវិធានការ​បង្ការ​ការចម្លង គឺពាក់ម៉ាស់​ក្នុងករណី​មានបញ្ហា​សុខភាព​ផ្លូវដង្ហើម និងលាងដៃ​ឱ្យ​ញឹកញាប់​ជាមួយ​សាប៊ូ ឬអាល់កុល ឬជែល​លាងដៃ។
 
ត្រូវខ្ទប់​មាត់ និងច្រមុះ​ពេលក្អក​កណ្ដាស់ ដោយប្រើ​ផ្នត់​កែងដៃ ម៉ាស់ ក្រម៉ា កន្សែង ឬក្រដាស អនាម័យ រួចខ្ចប់​បោះចោល​ក្នុងធុង​សំរាម​បិទជិត។
 
ប្រសិនបើ​មានរោគសញ្ញា​គ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ពិបាក​ដកដង្ហើម សូម​ទៅស្វែង​រក ការពិគ្រោះ​យោបល់​នៅមណ្ឌល​សុខភាព ឬមន្ទីរ​ពេទ្យ ឱ្យបាន​ទាន់​ពេលវេលា។ 
 
ក្រសួង​សុខាភិបាល ក៏ណែនាំ​ឱ្យបងប្អូន​ប្រជាពលរដ្ឋ​បន្តទៅ​ទទួលការ​ចាក់វ៉ាក់សាំង​កូវីដ១៩ 
ឱ្យបាន​គ្រប់ដូស ទាំងដូស​មូលដ្ឋាន និងដូសជំរុញ​នៅតាម​មន្ទីរពេទ្យ ឬមណ្ឌល​សុខភាព ដើម្បី​ពង្រឹង​ប្រព័ន្ធភាពស៊ាំ​រៀងៗខ្លួន ឱ្យបាន សមស្រប​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូវីដ១៩។ 

ក្រសួង​សុខាភិបាល នឹងបន្ត​ធ្វើការជូន​ដំណឹង​ដល់សាធារណ​ជន អំពី​ព័ត៌មាន​ទាក់ទងនឹង​បញ្ហាសុខ​ភាពសាធារណៈ តាមឆាណែល​តេឡេក្រាម និងទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​សុខាភិបាល ក៏ដូចជា ទំព័រ​ហ្វេសប៊ុក​របស់​នាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺឆ្លង។ 

ពាក់ព័ន្ធ​ស្ថានភាព​កូវីដ១៩​វិញ ក្រសួង​សុខាភិបាល​បានឱ្យដឹង​ថា សម្រាប់​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣មានករណី​ឆ្លង​ថ្មី ១ នាក់ ករណីជា​សះស្បើយ ១​នាក់ និងករណី​ស្លាប់​គ្មាន ខណៈករណីឆ្លង​សរុប​មាន​ចំនួន ១៣៨ ៩៦០ នាក់៕