រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​លោក ជា វ៉ាន់​ដេ​ត បាន​លើកឡើងថា ការ​កម្មវិធី​ពានរង្វាន់​ឌីជីថល​កម្ពុជា​ឆ្នាំ ២០២៣ ដែល​បាន​រៀបចំឡើង ក្នុង​គោលបំណង​ជំរុញ​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​ប្រកបដោយ​បរិ​យាប​ន្ន ហើយ​ចូលរួម​ក្នុងការ​លើកកម្ពស់​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល និង​នវានុវត្តន៍​ឌីជីថល​នៅ​កម្ពុជា​។

លោក ជា វ៉ាន់​ដេ​ត បាន​ថ្លែង​បែបនេះ​នាឱកាស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២៣ និង​ពានរង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឆ្នាំ ២០២៣ ដោយមាន​ការ​អ​ញ្ជី​ញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា ក្រសួង​ស្ថាប័ន ស្ថានទូត វិស័យ​ឯកជន សហគមន៍​ធុរកិច្ច​ថ្មី និង​ដៃគូ​អភិវឌ្ឍន៍​នានា ព្រមទាំង​អ្នក​បច្ចេកវិទ្យា​ជាច្រើនរូប កាលពី​ថ្ងៃទី​៦​ខែធ្នូ ឆ្នាំ ២០២៣​។ នេះ​បើតាម​គណនី​តេ​ឡេ​ក្រាម​ក្រសួង​ប្រៃសណីយ៍​។

ចំណែក​ពានរង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​វិញ លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​លើកកម្ពស់​ការចូលរួម​ស្ត្រី​ប្រកបដោយ​បរិ​យាប​ន្ន និង​ការទទួលស្គាល់​នូវ​សមិទ្ធផល​របស់​ស្ត្រី​ជា​វិស្វករ​បច្ចេកវិទ្យា អ្នក​ច្នៃប្រឌិត មន្ត្រីរាជការ យុវនារី និង​សហគ្រិន​ក្នុង​វិស័យ​ឌីជីថល​។

លោក​បន្តថា​៖«​ព្រមទាំង​ជា​វេទិកា​សម្រាប់​ស្ត្រី​ក្នុងការ​ចែករំលែក​ចំណេះដឹង បទពិសោធ និង​បង្កើត​ទំនាក់ទំនង​បម្រើឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ឌីជីថល​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​(CADT) និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (GIZ) ប្រចាំ​កម្ពុជា ក្រោម​ការគាំទ្រ​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រសួង​កិច្ចការនារី​»​។

ស្រប​ជាមួយគ្នានេះ លោក​បាន​ថ្លែង​ការកោតសរសើរ​ដល់​ភាគី​ទាំងអស់ ដែល​ខិតខំ​ប្រឹង​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការជួយជ្រោមជ្រែង​ឱ្យសម្រេចបាន​ជោគជ័យ​ក្នុង​ការរៀបចំ​កម្មវិធី​នេះ ជាពិសេស​ថ្នាក់ដឹកនាំ​ក្រសួង CADT ចៅក្រម ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។

សូមជម្រាបថា ពានរង្វាន់​ឌីជីថល​កម្ពុជា​២០២៣ មាន​ក្រុមហ៊ុន​ជយលាភី​ចំនួន​៥ ត្រូវបាន​ជ្រើសរើស​ក្នុងចំណោម​អ្នកដាក់ពាក្យ ជាង​៥០ ក្រុមហ៊ុន ស្ថាប័ន​ដោយ​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ ៤ ចំណុច គឺ​ការច្នៃប្រឌិត​បច្ចេកវិទ្យា ការដោះស្រាយ​បញ្ហា ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការ និង​យុទ្ធសាស្ត្រ​ទីផ្សារ​។

ជយលាភី​ទាំង ៥ ប្រភេទ​ពានរង្វាន់ រួមមាន ១ ពានរង្វាន់​មាតិកា​ឌីជីថល​ល្អ​បំផុត​ប្រចាំឆ្នាំ ២ ពានរង្វាន់​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​ឌីជីថល​ល្អ​បំផុត​ប្រចាំឆ្នាំ ៣ ពានរង្វាន់​ស្ថាប័ន​នុ​វា​នុ​វត្ត​ន៍​ឌីជីថល​ល្អ​បំផុត​ប្រចាំឆ្នាំ និង​៤​ពានរង្វាន់​បច្ចេកវិទ្យា​នវានុវត្តន៍​សង្គម​ល្អ​បំផុត​ប្រចាំឆ្នាំ​។​ចំណែក ពានរង្វាន់​ទី​៥ គឺជា​ពានរង្វាន់​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​សម្រាប់​ធុរកិច្ច​ថ្មី ដែល​ពានរង្វាន់​ពិសេស​មាន​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ សម្រាប់​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​បង្កើត​ធុរកិច្ច​ថ្មី​ឌីជីថល ការលើកកម្ពស់​ផលិតភាព ប្រសិទ្ធភាព និង​សមត្ថភាព​ក្នុងការ​ច្នៃប្រឌិត ក៏ដូចជា​គាំទ្រ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​បច្ចេកវិទ្យា​ក្នុងប្រទេស​។

សម្រាប់​ពានរង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​បេ​ក្ខ​នារី​ចំនួន ៥​រូប ត្រូវបាន​ជ្រើសរើស​ក្នុងចំណោម​អ្នកដាក់ពាក្យ ជាង​៦០​រូប ដោយ​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ ៤ ចំណុច គឺ​សាវតារ​ការងារ ការច្នៃប្រឌិត​បច្ចេកវិទ្យា និង​ឥទ្ធិពល​ដល់​សង្គម​។ ពានរង្វាន់​ទាំងនោះ​រួមមាន ១ ពានរង្វាន់​យុវតី​ឌីជីថល​ឆ្នើម​ប្រចាំឆ្នាំ ២​ពានរង្វាន់​ស្ត្រី​អ្នក​ច្នៃប្រឌិត​ឌីជីថល​ឆ្នើម​ប្រចាំឆ្នាំ ៣ ពានរង្វាន់​ស្ត្រី​វិស្វករ​ឌីជីថល​ឆ្នើម​ប្រចាំ ៤ ពានរង្វាន់​ស្ត្រី​សហគ្រិន​ឌីជីថល​ឆ្នើម​ប្រចាំឆ្នាំ និង​៥ ពានរង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​នវានុវត្តន៍​រដ្ឋាភិបាល​ឌីជីថល​ប្រចាំឆ្នាំ​៕​