លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កសិកម្មត្រូវផ្សារភ្ជាប់នឹងឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ដែលតម្រូវឱ្យមានការសិក្សាពីគ្នាឱ្យបានច្បាស់លាស់ ដើម្បីឱ្យនិស្សិតត្រៀមលក្ខណៈប្រកបដោយភាពជឿជាក់ និងឆន្ទៈក្នុងការចូលរួមជួយក្រុមហ៊ុនឱ្យមានការរីកចម្រើន។
លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅក្នុងអំឡុងពេល ដែលលោកអញ្ជើញជាអធិបតីបើកពិព័រណ៍ការងារក្នុងវិស័យអប់រំកសិកម្មស្តីពីការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការស្វែងរកការងារក្រោយបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
នៅក្នុងពិធីសំណេះសំណាល និងថ្លែងសុន្ទរកថាបើកពិព័រណ៍ការងារនេះ លោករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះក្នុងការផ្សារភ្ជាប់ធនធានមនុស្សរវាងសាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជន ដើម្បីរៀបចំកម្មវិធីសិក្សាស្របទៅតាមតម្រូវការទីផ្សារការងារ។
លោកបានបន្ថែមថា៖«កម្មវិធីសិក្សាគោលដែលមានស្រាប់ គឺជាអាទិភាព ប៉ុន្តែនិស្សិតត្រូវទទួលបានការអប់រំអំពីចំណេះដឹងទូទៅ ភាសាអង់គ្លេស និងកុំព្យុទ័រ ដែលចាំបាច់សម្រាប់ការស្រាវជ្រាវ និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ"។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា៖« ធនធានមនុស្ស គឺជាកត្តាចម្បងសម្រាប់ក្រុមហ៊ុននីមួយៗ ហើយធនធានមនុស្សដើរតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ ឱ្យចំទិសដៅ និងឈានទៅកាន់ភាពជោគជ័យ»។
លោកបន្តថា គោលនយោបាយកសិកម្មអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានរៀបចំឡើង ក្នុងគោលការណ៍ជំរុញសហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ ព្រមទាំងការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មតាមភូមិឃុំ ដើម្បីជួយដល់កសិករ ទាំងបច្ចេកទេស ការកាត់បន្ថយថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។
លោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានមានប្រសាសន៍ថា សាកលវិទ្យាល័យភូមិន្ទកសិកម្មបានបង្កើតនូវមជ្ឈមណ្ឌលការងារមួយ ហើយបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ កន្លងមក ។
លោកបានបន្ថែមថា មជ្ឈមណ្ឌលការងារនេះមានចក្ខុវិស័យ និងបេសកកម្មសំខាន់ដើម្បីគាំទ្រដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មក្នុងការអភិវឌ្ឍការងារ និងអាជីពអនាគតរបស់ខ្លួន ឱ្យស្របទៅតាមជំនាញ និងគោលបំណងផ្ទាល់ខ្លួន និងបង្រួមភាពមិនឆ្លើយតបគ្នារវាងជំនាញ និងការងាររបស់និស្សិត ដើម្បីទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចនៃប្រទេសជាតិទាំងមូល។
បេសកកម្មសំខាន់របស់មជ្ឈមណ្ឌល គឺចងក្រងនូវសំណុំនៃកម្មវិធី និងសេវាកម្មនានាដែលជួយឱ្យនិស្សិតអាចមានសមត្ថភាព ក្នុងការត្រៀមខ្លួនចូលទៅកាន់ទីផ្សារការងារ។
លោកបានបញ្ជាក់ថា៖«មជ្ឈមណ្ឌលការងារបានកំណត់គោលដៅរបស់ខ្លួនក្នុងការធ្វើជាស្ពានតភ្ជាប់រវាង និស្សិតជាមួយនឹងនិយោជក ក៏ដូចជាផ្តល់ឱកាសដល់និស្សិតបង្កើតបណ្តាញទំនាក់ទំនងជាមួយនិយោជក និងបង្ហាញពីភាពសម្បូរបែបនៃការងារនៅក្នុងនៅក្នុងជំនាញរបស់ពួកគេ»។
ដោយឡែក នៅក្នុងថ្ងៃតែមួយនេះ (ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣) ក្រសួងកសិកម្ម ក៏បានរៀបចំកម្មវិធីកសិកម្ម វាលបៃតង ដើម្បីបង្ហាញពីផលិតផលកសិកម្ម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ឌិត ទីណា បានលើកឡើងនៅក្នុងកម្មវិធីនេះថា ការរៀបចំនេះក្នុងគោលបំណងបង្ហាញពីផលិតផលកសិកម្មដែលមានសក្ដានុពលរបស់កម្ពុជា តាមរយៈពិព័រណ៍ផលិតផលកសិកម្មពីសហគ្រាសជាច្រើន ៕