ស្ថាប័នជាតិសំខាន់ៗចំនួន ៣ រួមមាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងក្រសួងសុខាភិបាល បានសហការរួមគ្នាធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពីផលប៉ះពាល់ពីការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងផលិតផលថ្នាំជក់ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាមធ្យមវិចិត្រសិល្ប:។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៨ខែធ្នូ ឆ្នាំ ២០២៣ ដោយមានការចូលរួមពីលោក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក គឹម ពីនន់ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។ នេះបើយោងតាមអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន NACD។
លោក ហេង កំសាន្ត នាយករងសាលាមធ្យមសិល្ប: បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៨១ រហូតមកដល់បច្ចុប្បន្ន (៤២ឆ្នាំ) សាលាមធ្យមវិចិត្រសិល្បៈបានបណ្តុះបណ្តាលអ្នកសិល្ប:ជាង១ម៉ឺននាក់ក្នុងនោះអ្នកធ្លាប់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងថ្នាំជក់មានចំនួនសរុបជាង ៦៣០ នាក់។
ក្នុងឱកាសនោះដែរ លោក គឹម ពីនន់ បានថ្លែងថា ក្រសួងវប្បធម៌ ក្នុងនាមជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានឆន្ទ:មោះមុតចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកថ្លែងថា៖ «យើងនឹងយកចំណេះដឹង និងបទពិសោធន៍ថ្មីៗពីសិក្ខាសាលាផ្សព្វផ្សាយនេះ ចូលរួមការងារអប់រំ បង្ការ ថែរក្សាសុខភាព ទប់ស្កាត់ ការប្រើប្រាស់ ការជួញដូរគ្រឿងញៀនខុសច្បាប់ និងផលប៉ះពាល់នៃការប្រើប្រាស់ ផលិតផលថ្នាំជក់ ដើម្បីធានាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍសង្គម ព្រមទាំង ឈានទៅកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងលុបបំបាត់គ្រឿងញៀនដែលបាន និងកំពុងរីករាលដាលពីទីប្រជុំជនរហូតដល់ជនបទ»។
ចំណែក លោក ថោង សុគន្ធា បានថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ ដែលបានរៀបចំសិក្ខាសាលានេះឡើងស្របតាមសេចក្តីណែនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ខណៈលោកស្នើឱ្យសិក្ខាកាមទាំងអស់យកចំណេះដឹងដែលទទួលបានពីសិក្ខាសាលានេះទៅទៅផ្វីជាមូលដ្ឋានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនទៅតាមវិស័យការងារ និងវិជ្ជាជីវៈរបស់ខ្លួនក្នុងពេលអនាគត។
សូមបញ្ជាក់ថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង មូលដ្ឋានស្តីពីគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់ និងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានាផងដែរ៕