កម្ពុជា និងសាធារណរដ្ឋតួកគី បានបង្ហាញសុទិដ្ឋិនិយម និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃនៃប្រទេសទាំង ២ ឱ្យកាន់តែទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ខណៈភាគីទាំង២ នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍។
ការប្តេជ្ញាចិត្តរួមគ្នានេះ ធ្វើឡើងតាមរយៈលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតទទួលជួប និងសម្តែងការគួរសម លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៨ខែធ្នូ ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។
យោងហ្វេសប៊ុកក្រសួងមហាផ្ទៃ នាឱកាសនោះ លោក ស សុខា បានបង្ហាញការកត់សម្គាល់ថា ទំនាក់ទំនងរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរកាន់តែទទួលបានសមិទ្ធផលប្រកបដោយផ្លែផ្កា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅកាន់ប្រទេសតួកគី កាលពីឆ្នាំ២០១៩។ លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលតួកគី ចំពោះការប្ដេជ្ញាចិត្ត និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យជាច្រើន។
នាជំនួបនោះ លោកស្រី Ülkü Kocaefe បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ រួមទាំងទំនាក់ទំនងជិតស្និទ្ធរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃតួកគី។
លោកស្រីសង្កត់ធ្ងន់ទៀតថា៖«ប្រទេសកម្ពុជា និង សាធារណរដ្ឋតួកគី មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ហើយក្នុងនោះដែរ សាធារណរដ្ឋតួកគីក៏បានបង្កើតឱ្យមានការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនទៅមុខ ផងដែរ»។
បន្ថែមពីនេះលោក ស សុខា បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការខិតខំជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ លោកក៏បានបង្ហាញការជឿជាក់យ៉ាងមុតមាំ និងការប្ដេជ្ញាចិត្តថា នឹងបន្តខិតខំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងប្រកបដោយផ្លែផ្កា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ។
សូមរំឭកថា ក្នុងឱកាស លោក ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចប្រទេសតួកគី កាលពីខែសីហា ឆ្នាំ២០១៩នោះ ក្រសួងមហាផ្ទៃប្រទេសទាំងពីរ បានឯកភាពគ្នាកំណត់យកកិច្ចសហប្រតិបត្តិការរួមមាន ការផ្លាស់ប្តូរបទពិសោធន៍លើការងារគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ ការពង្រឹង និងពង្រីកភាពជាដៃគូរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល ការបណ្តុះបណ្តាល និងការលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាល និងការចែករំលែកបទពិសោធន៍លើការងារដឹកនាំ និងគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ៕