លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានស្នើលោក WANG YI រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ជួយជំរុញឱ្យមានជើងហោះហើរផ្ទាល់ពីខេត្តនានារបស់ចិន មកកាន់ព្រលានយន្តហោះថ្មីក្នុងខេត្តសៀមរាប។
ការស្នើរបស់កម្ពុជាធ្វើឡើង នាឱកាសលោក សុខ ចិន្តាសោភា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៨ នៅឯទីក្រុងប៉េកាំង ប្រទេសចិន និងបានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក WANG កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
បន្ថែមលើការស្នើឱ្យមានជើងហោះហើរត្រង់លោក សុខ ចិន្តាសោភា ក៏បានលើកទឹកចិត្តឱ្យមានកំណើនអ្នកទេសចរចិនបន្ថែមទៀត ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអនុវត្តការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ឆ្នាំ២០២៤ ដូចដែលបានប្រកាសដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះលោកបានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់របស់ចិននៅក្នុងការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះប្រទេសចិនសម្រាប់ការបន្តជំនួយក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រួមមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។
នាឱកាសនោះ WANG YI បានសន្យាប្ដេជ្ញាបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងជួយជំរុញការអនុវត្តប្រកបដោយផ្លែផ្កាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនរួមទាំងការផ្សព្វផ្សាយ ទេសចរណ៍ និងការបង្កើនជើងហោះហើរផ្ទាល់ពីប្រទេសចិនមកខេត្តសៀមរាបផងដែរ។
នៅក្នុងអំឡុងពេលនោះដែរ លោក សុខចិន្តា សោភា ក៏បានជួបពិភាក្សាការងារជាមួយ U Than Swe ឧបនាយករដ្ឋ
មន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ក្នុងឱកាសនោះ លោក U Than Swe បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងការគាំទ្រចំពោះមីយ៉ាន់ម៉ានៅក្នុង ក្របខ័ណ្ឌអាស៊ាន ដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
តាមរយៈជំនួបនេះដែរ ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹងទំនាក់ទំនង ទ្វេភាគីកាន់តែខ្លាំង ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រដ្ឋមន្ត្រីទាំងអស់ បានកោតសរសើរចំពោះស្ថិរភាព និងវឌ្ឍនភាពជាក់ស្ដែងនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃផែនការសកម្មភាពកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រយៈពេល ៥ឆ្នាំ (២០១៨-២០២២) និងមូលនិធិ ពិសេសនៃកិច្ចសហប្រតិបត្តិការនេះ។
មូលនិធិនេះ បានគាំទ្រគម្រោងជាក់ស្ដែងជាង ៧០០គម្រោង លើវិស័យ ជាច្រើនដូចជាការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម សុខាភិបាល អប់រំ ការតភ្ជាប់ ផ្លូវអាកាស និងទេសចរណ៍ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។
ជាមួយគ្នានេះ លោក សុខ ចិន្តាសោភា បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពសំខាន់ៗ ដែលធ្វើឡើងក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសសមិទ្ធផលនៃគម្រោងចំនួន ៨៩គម្រោង ដែលមានទឹកប្រាក់ជាង ៣៣ លានដុល្លារអាមេរិក ដែលគ្របដណ្តប់លើវិស័យជាច្រើនក្នុងប្រទេសកម្ពុជា។
ដើម្បីជំរុញអត្ថប្រយោជន៍របស់កម្ពុជាទៅមុខ លោក សុខ ចិន្តាសោភា បានស្នើឱ្យពន្លឿនការអនុវត្តខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង ដោយសហការជាមួយច្រករបៀងពាណិជ្ជកម្មផ្លូវគោក-ផ្លូវសមុទ្រអន្តរជាតិថ្មី និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។
ដោយសង្កត់ធ្ងន់ លើតម្រូវការស្ថិរភាពតម្លៃក្នុងវិស័យកសិកម្ម និងការពង្រឹងសន្តិសុខស្បៀង លោក សុខ ចិន្តាសោភា បានអំពាវនាវឱ្យបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសលើវិស័យវប្បធម៌ អប់រំ សុខាភិបាល វិទ្យាសាស្ត្រ នវានុវត្តន៍ និងទេសចរណ៍៕