ភ្នំពេញៈបើទោះបីជាការប្រកួតសាកល្បងសមត្ថភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិកាតា នៅរាជធានីដូហា ប្រទេសកាតា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅជាការប្រកួតបិទទ្វារ ដោយមិនមានការផ្សាយផ្ទាល់ និងមិនផ្តោតសំខាន់ទៅលើលទ្ធផលឈ្នះ-ចាញ់ក្ដី ប៉ុន្តែគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាលោក Felix Dalmasបានចាត់ទុកជំនួបនេះ ជាការប្រកួតដកស្រង់បច្ចេកទេសដ៏មានតម្លៃសម្រាប់កម្ពុជា។
គ្រូបង្វឹកជនជាតិអាហ្សង់ទីន លោក Felix Dalmasបានចាត់ទុកក្រុមជម្រើសជាតិកាតាជាក្រុមមានគុណភាពលេងខ្ពស់កម្រិតពិភពលោកដែលមានភាពខ្លាំងទាំងការរៀបចំរចនាសម្ព័ន្ធ ព្រមទាំងទម្រង់លេងជាក្រុម និងលេងជាលក្ខណៈបុគ្គល ហើយចំណុចល្អទាំងអស់នេះ បានធ្វើឱ្យក្រុមជម្រើសជាតិកម្ពុជាបានឃើញ និងយល់កាន់តែច្បាស់ពីកម្រិតលេងរបស់ខ្លួនឯង បន្ទាប់ពីបានប្រកួតជាមួយក្រុមកាតា។
លោក Felix Dalmasបាននិយាយជាមួយកូនក្រុមនៅលើទីលានក្រោយការប្រកួតសាកល្បងសមត្ថភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិកាតាថា៖«ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា បានមើលឃើញហើយថា ការលេងជាមួយក្រុមខ្លាំងដែលមានកម្រិតពិភពលោកដូចជាក្រុមកាតានេះ គឺយើងត្រូវធ្វើការងារខ្លាំងបែបណាដើម្បីអាចប្រកួតប្រជែងបាន»។
គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជារូបនេះ បានបន្ថែមថា៖ «ខ្ញុំគិតថា អ្នកទាំងអស់គ្នាមានអារម្មណ៍បែបនេះដូចខ្ញុំដែរ ហើយខ្ញុំពិតជាមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់យើង ព្រោះនេះជាការប្រកួតដ៏អស្ចារ្យ ដែលក្រុមរបស់យើងបានបង្ហាញពីឆន្ទៈខ្លាំងក្នុងការព្យាយាមលេងជាមួយបាល់គ្រប់ស្ថានភាពនៅលើទីលាន»។
ជាមួយគ្នានេះ លោក Felix Dalmasបានទទួលស្គាល់ថា កីឡាកររបស់កម្ពុជាគ្រប់រូបដែលត្រូវបានដាក់ឱ្យលេងជាមួយក្រុមជម្រើសជាតិកាតាកាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅ មានការពិបាកដោយត្រូវប្រឈមនឹងការប្រកួតដ៏តានតឹង ជាមួយកម្រិតលេងមួយដែលពួកគេមិនធ្លាប់បានជួប ប៉ុន្តែនេះជាអ្វីដែលក្រុមកម្ពុជាគួរតែបានដឹង និងបានឆ្លងកាត់ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត។
លោកបានបញ្ជាក់ថា៖ «ពិតណាស់ យើងមានការពិបាក តែពេលខ្លះយើងត្រូវធ្វើបែបនេះ ព្រោះយ៉ាងហោចណាស់ ក៏យើងបានមើលឃើញថា យើងអាចធ្វើបានច្រើនក្នុងកម្រិតខ្ពស់មួយដែរ ហើយកុំភ្លេចថា យើងបានចំណាយពេលចូល១០ម៉ោងក្នុងការធ្វើដំណើរមកកាន់ទីនេះ ដោយមានការផ្លាស់ប្តូរពេលវេលា និងអាកាសធាតុ អ៊ីចឹងវាធ្វើឱ្យភាពសមរបស់យើងនៅទីនេះ មិនជាល្អប៉ុន្មានទេ»។
យ៉ាងណាក៏ដោយ លោក Felix បានជំរុញឱ្យកីឡាករជម្រើសជាតិកម្ពុជាទាំង២៤នាក់ ដែលទទួលបានឱកាសដ៏ល្អ ទៅប្រកួតសាកល្បងសមត្ថភាពអន្តរជាតិលើកនេះ ត្រូវមានភាពស្រេចឃ្លានក្នុងការពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីរួមចំណែកជួយដល់ក្រុមជម្រើសជាតិកម្ពុជា ដោយលោកគិតថា ក្រុមនេះនឹងអាចទទួលបានអ្វីដែលល្អៗនៅឆ្នាំ២០២៤នេះបើទោះបីជាក្រុមកម្ពុជាទទួលបានលទ្ធផលមិនគាប់ប្រសើរនៅឆ្នាំ២០២៣ក៏ដោយ។
លោក Felix Dalmas បានសង្កត់ថា៖ «អ្វីដែលសំខាន់ យើងត្រូវតែមានការស្រេកឃ្លានដើម្បីធ្វើឱ្យមានភាពរីកចម្រើនបន្ថែមទៀត ប៉ុន្តែក៏ត្រូវឱ្យតម្លៃនូវអ្វីដែលយើងបានប្រឹងប្រែងកន្លងមកដូចគ្នា ព្រោះនេះជាមូលដ្ឋានគ្រឹះ អីចឹងខ្ញុំគិតថា ឆ្នាំ២០២៤នឹងក្លាយជាឆ្នាំល្អសម្រាប់ពួកយើង ដូច្នេះអ្នកទាំងអស់គ្នាត្រូវតែរៀបចំខ្លួនឱ្យបានល្អ»៕