ភ្នំពេញៈលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១នៃកាកបាទក្រហមកម្ពុជាបានលើកឡើងថា រយៈពេល២៥ឆ្នាំនៃការអនុវត្តជោគជ័យនៃនយោបាយឈ្នះឈ្នះក៏ជារយៈពេល២៥ឆ្នាំនៃការដឹកនាំរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលគ្រប់កាលៈទេសៈស្ថាប័ននេះនៅតែធ្វើប្រតិបត្តិការជួយប្រជាពលរដ្ឋរហូតមក។
លោកស្រីបានថ្លែងដូចនេះកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីអបអរសាទរខួបលើកទី២៥ (២៩ធ្នូ១៩៩៨-២៩ធ្នូ២០២៣)នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានិងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំ (២៩ធ្នូ២០១៨ - ២៩ធ្នូ២០២៣)នៃការកសាងវិមានឈ្នះ ឈ្នះ។
លោកស្រី ម៉ែន នារីសោភ័គ បានបញ្ជាក់ថា៖ «យើងមិនមានការរើសអើងទេ គឺបានន័យថា គ្រប់កាលៈទេសៈកាកបាទក្រហមកម្ពុជានៅតែធ្វើប្រតិបត្តិការគ្រាន់តែយើងមានការផ្លាស់ប្តូរ ដូចជាបច្ចុប្បន្នយើងត្រូវគិតគូរលើរឿងអី? បញ្ហាអប់រំ ផ្សព្វផ្សាយលើកកម្ពស់សុខភាពប្រជាពលរដ្ឋ បញ្ហាអប់រំតាមរយៈកម្លាំងយុវជនកាកបាទក្រហមកម្ពុជា និងការបន្តចុះជួយប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត»។
កាកបាទក្រហមកម្ពុជា បានចាប់កំណើតឡើងតាំងពីឆ្នាំ១៩៥៥ ប៉ុន្តែក្នុងរយៈពេល២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានេះ កាកបាទក្រហមកម្ពុជាបានចូលរួមក្នុងប្រតិបត្តិការធំ២ដែលផ្សារភ្ជាប់ទៅនឹងនយោបាយឈ្នះឈ្នះក្នុងនោះរួមមាន ប្រតិបត្តិការនៃការធ្វើមាតុភូមិនិវត្តន៍ និងការធ្វើសមាហរណកម្ម។
លោកស្រី ម៉ែន នារីសោភ័គ បានបន្តថា ប្រតិបត្តិការដ៏សំខាន់១ទៀតគឺបញ្ហាកើតមានឡើងនៅប្រាសាទព្រះវិហារដែលធ្វើឱ្យកាកបាទក្រហមកម្ពុជាបានសម្រេចបង្កើតមជ្ឈមណ្ឌលជនភៀសសឹកនៅក្នុងខេត្តព្រះវិហារ ដោយបានជួយប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ផងដែរ។
លោកស្រីបានបញ្ជាក់ទៀតថា៖«នេះជាព្រឹត្តិការណ៍និងប្រវត្តិនៃការជួយប្រជាពលរដ្ឋរបស់កាកបាទក្រហមកម្ពុជា។ ជាមួយគ្នានោះដែរ យើងមិនដែលភ្លេចទេ ពីការចូលរួមពីសំណាក់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរដែលទ្រង់តែងតែប្រោសព្រះរាជទានព្រះរាជទ្រព្យជួយដល់កាកបាទក្រហមកម្ពុជាជារៀងរហូតមក»។
សូមរំឭកដែរថា ចាប់តាំងពីថ្ងៃចាប់បដិសន្ធិនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ កាកបាទក្រហមកម្ពុជាមានការទទួលស្គាល់ពីគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) និងបានចូលជាសមាជិកទី៨៥របស់សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC)។
យ៉ាងណាក្ដី បើតាមលោកស្រី ម៉ែន នារីសោភ័គ នៅឆ្នាំ១៩៧៥ មកដល់ឆ្នាំ១៩៧៩ កាកបាទក្រហមកម្ពុជា ពុំមានអត្ថិភាពនៅក្នុងប្រទេសទេ ដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត។ បន្ទាប់ពីរំដោះប្រទេសមកវិញ ១៩៧៩-១៩៩២ កាកបាទក្រហមកម្ពុជា ត្រូវបាត់បង់អាសនៈរបស់ខ្លួន ព្រោះកាកបាទក្រហមកម្ពុជាបានបាត់បង់គោលការណ៍ឯកភាព ដោយមានកាកបាទក្រហមកម្ពុជាចំនួន៤ក្រុម។
លោកស្រី បានបន្តថា មកដល់ឆ្នាំ១៩៩២-១៩៩៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបាទនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ បានបង្រួបបង្រួមកាកបាទក្រហមកម្ពុជាទាំង៤ក្រុម ទៅជាកាកបាទក្រហមកម្ពុជាតែ ១វិញ និងបានប្រារព្ធមហាសន្និបាតកាកបាទក្រហមកម្ពុជាអាណត្តិទី១ នៅឆ្នាំ១៩៩៤។
ក្រោមការដឹកនាំរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដោយផ្សារភ្ជាប់ជាមួយនយោបាយឈ្នះ ឈ្នះ រយៈពេល ២៥ឆ្នាំកន្លងមកកាកបាទក្រហមកម្ពុជាបានវិវឌ្ឍខ្លួនដោយមានសាខាទាំង ២៥ រាជធានី-ខេត្ត បានដាក់ចេញទិសវិមជ្ឈការ-សហវិមជ្ឈការ ធ្វើឱ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាព និងសមត្ថភាពអាចជួយខ្លួនឯងបាន និងមានកេរ្តិ៍ឈ្មោះល្បីល្បាញទាំងថ្នាក់ជាតិ និងឆាកអន្តរជាតិ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកស្រី ម៉ែន នារីសោភ័គ៕