ភ្នំពេញៈ​លោក​ ហ៊ុន សែន ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា បានប្រ​កាស​ស្វាគម​ន៍ លោ​ក ញឹម គឹម​ញ៉ុ​ល ​អតីត​គណៈ​កម្មាធិ​ការ​នាយក​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អនុ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ព្រះ​សីហនុ ដែ​ល​ស្នើ​សុំ​ចូល​រួម​ជីវភាព​នយោ​បាយ​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បន្ទា​ប់ពី​ឃើញ​ការ​ដឹកនាំ​បស់​គណ​បក្ស​នេះ​ធ្វើឱ្យ​កម្ពុ​ជាមាន​សុខ​សន្តិ​ភាព​និង​ការអភិវឌ្ឍ​។

លោក ​ហ៊ុន សែន បាន​សរសេរ​នៅ​លើ​បណ្តាញ​តេ​ឡេ​ក្រាម​រប​ស់លោក​នៅ​ថ្ងៃទី​៣១​ ខែធ្នូ ឆ្នាំ​២០២៣​ ថា​៖«​ក្នុង​នាម​គណ​បក្ស​ប្រជាជន​កម្ពុជា​ខ្ញុំ​សូម​ស្វាគ​មន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​លោក​ញឹម ​គឹម​ញ៉ុ​ល​ ដែល​បាន​សុំ​មក​ចូល​រួម​ជីវភាព​នយោ​បាយ​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​»​។​

​យោង​តាម​លិខិត​ស្នើ​សុំ​ចូលរួម​ជីវ​ភាព​នយោ​បាយ​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ថ្ងៃទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២៣​ លោ​ក ញឹម គឹម​ញ៉ុ​ល​ ដែល​បច្ចុប្បន្ន​រស់​នៅ​ក្នុង​ប្រទេស​អូ​ស្ត្រាលី ​បាន​សរសេរ​ថា​៖«​ខ្ញុំបាទ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​គោល​នយោ​បាយ ​និង​ការ​ដឹក​នាំ​ប្រទេស ​ដ៏​ត្រឹម​ត្រូវ​របស់​សម្តេច​តេ​ជោ​កន្លង​មក ដែល​ធ្វើឱ្យ​ប្រទេស​ជាតិ​ ទទួល​បាន​នូវ​សុខ​សន្តិ​ភាព ​ប្រជាជន​មាន​ជីវភាព​រស់​នៅ​ក្នុង​ភាពសុខ​ដុម​រមនា និង​ប្រទេស​ជាតិ​ទទួល​បាន​កា​រអភិ​វឌ្ឍ​លើ​គ្រប់​វិស័យ​»​។​

​លោក​បាន​បន្ត​ថា ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​បាន​គ្រប​ដណ្តប់​លើ​ផ្ទៃ​ប្រទេស ​ហើយ​ជាង​នេះទៅ​ទៀត​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន​ សែន អតីត​នាយ​ករដ្ឋ​មន្ត្រី​កម្ពុជា ​បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា​​កែប្រែ​មុខ​មាត់​ថ្មី មាន​កេរ្តិ៍​ឈ្មោះ​ល្បី​​រន្ទឺ​នៅក្នុង​តំបន់​និង​នៅលើ​ពិភព​លោក​តាម​រយៈ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ​ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​។​

​លោក​បាន​បញ្ជាក់​តាម​លិខិត​ដដែល​ថា​ ការ​សម្រេច​ចូលរួម​ជីវភាព​នយោ​បាយ​នេះ​ដែរ​ដោយ​សារ​លោក​មើល​ឃើញ​ពី​គុណ​បំណាច់ ដែល​មិន​អាច​កាត់​ថ្លៃ​បាន​របស់​លោក ​ហ៊ុន សែន​ ចំពោះ​ជាតិ​មាតុ​ភូមិ ​និង​ប្រជា​ជន​កម្ពុជាក្នុងការ​ស្វះ​ស្វែង​រក​សន្តិ​ភាព ដោយ​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល ​បាន​ជា​ស្ថាពរ​នៅ​កម្ពុជា ​ក្រោម​គោល​មាគ៌ា​នយោ​បាយ​ឈ្នះ​ឈ្នះ ​ដែល​ប្រជា​ជន​កម្ពុជា​គ្រប់​រូប​ប្រាថ្នា​ចង់​បាន ​និង​ត្រូវ​ចង​ចាំ​ទុកជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​មាតុ​ភូមិ​។​

​លោក​បាន​បញ្ជាក់​ថា​៖«​អាស្រ័យ​ហេតុ​នេះ ​ខ្ញុំបាទ​សូម​គោរព​ស្នើសុំ​សម្តេច​តេ​ជោ មេត្តា​លើក​លែង​ទោស​ដល់​រូប​ខ្ញុំបាទ​ដោយ​ក្តី​សន្តោស​ប្រណី​និង​ឱ្យ​រួច​ផុត​ពីបទ​ចោទ​តាម​សាល​ដីកា​របស់​តុលាកា​រ ព្រោះតែ​​មួយ​រយៈ​កន្លង​មក រូបខ្ញុំ​បាទបាន​ជឿ​លង់​លើ​នយោ​បាយ​ប្រជា​ភិ​ថុ​តិរ​បស់​ទណ្ឌិត ​សម​ រង្ស៊ី ​ដែលជា​​ទង្វើ​មិន​គប្បី​ចំពោះ​សម្តេច​តេ​ជោ​ក៏ដូច​ជា ប្រជាជន​កម្ពុជា និង​ប្រទេស​ជា​តិ​»​។​

​លោក ​ញឹម គឹម​ញ៉ុល​ បាន​បន្តថា៖ «​សុំ​ការ​អនុញ្ញាត​ដ៏​ខ្ពង់​ខ្ពស់​ពីស​ម្តេច​តេ​ជោ​ឱ្យ​ខ្ញុំបាទ​បាន​វិល​ចូល​មក​កាន់​មាតុ​ភូមិ​កម្ពុជា ​និង​បាន​ចូល​រួម​ក្នុង​ជីវ​ភាព​នយោ​បាយ ​ជា​មួយនឹង​គណ​បក្ស​ប្រជា​ជន​កម្ពុជាដើម្បី​ជា​កម្លាំងនិង​ជា​ធនធា​ន​បម្រើ​ប្រជាជន​ គណ​បក្ស និង​ប្រទេស​ជាតិ ​ដោយ​ក្ដី​អនុ​គ្រោះ​បំផុត​»​។​

​ជុំវិញ​បញ្ហា​​នេះ លោក ជ័យ ​តិច អ្នក​សិក្សា​ការអ​ភិវឌ្ឍ​សង្គម ​និង​សេដ្ឋ​កិច្ច បានប្រាប់នៅ​ថ្ងៃទី​១​ ខែមករា ​ឆ្នាំ​២០២៤​ ​ថា នៅ​រាល់មុ​ន​ការ​បោះ​ឆ្នោត​មក​ដល់ ​មិន​ថា​ ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមា​ជិក​ព្រឹទ្ធ​សភា​ឬ​ការ​បោះឆ្នោ​ត​ជ្រើស​រើស​តំណាង​រាស្ត្រ​ឬ​ការ​បោះឆ្នោ​ត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ​​ សង្កាត់​ទេ ​តែង​តែមាន​ចលនា​ការ​ស្នើសុំ​​ចូលរួម​ជីវភាព​នយោ​បាយរបស់​មន្ត្រី​គណ​បក្ស​ក្រៅ​រដ្ឋាភិ​បាល ជា​មួយ​នឹង​គណ​បក្ស​កាន់​អំណាច​។​

​លោក​បាន​ថ្លែង​ថា​៖«​ទាក់​ទង​នឹង​ការ​ផ្លាស់​ប្តូរ​ ឬ​ចុះ​ចូល​រវាង​មន្ត្រី​គណ​បក្ស​ក្រៅ​រដ្ឋាភិ​បាល​ជា​មួយ​គណ​បក្ស​កាន់​អំណាច​នេះ ..​សំខាន់​ការ​ចូល​មក​រួមរស់​នេះ​បើ​គាត់​ជា​បេក្ខ​ជន​សំខាន់​នៅ​ក្នុង​គណ​បក្ស ​គាត់​ជា​អ្នក​ជួយ​គិត​គូរ​ពី​យុទ្ធ​សាស្ត្រ​ គាត់​ជា​អ្នក​មាន​ប្រជា​ប្រិយ​ភាព ​គាត់​ជា​អ្នក​ជំនាញ​សេដ្ឋ​កិច្ច ​ឬក៏​ជំនាញ​ទាក់​ទង​នឹង​សង្គម​ ឬក៏​ជា​អ្នក​រិះគន់​លើ​គណ​បក្ស​កាន់​អំណាច​នោះ​ក៏​គាត់​ពិត​ជា​មាន​ឥទ្ធិ​ពល​ និង​ជា​ការ​បារម្ភ​មួយ​របស់​គណ​បក្ស​ក្រៅ​រដ្ឋាភិ​បាល​ដែរ​»​។​

​សូម​រំឭក​ដែរ​ថា ក្នុង​រ​យៈពេល​១​ឆ្នាំ​កន្លង​ទៅ​​ អតីត​មន្ត្រី​ជាន់​ខ្ពស់​និង​អតីត​សមា​ជិក​ប្រឆាំង​បា​នស្នើ​សុំ​ចូល​រួម​ជីវភាព​នយោបា​យ​ជា​មួយ​នឹង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដែល​ជា​តួអង្គ​ដ៏​សំខាន់​ក្នុងការ​​ធានា​បាន​សុខ​សន្តិភាព​យូរ​អង្វែង​សម្រាប់​ប្រជា​ជន ​និង​ប្រទេស​ជាតិ​៕