ភ្នំពេញៈកីឡាករធ្លាប់សាងបានភាពល្បី ផាន់ គ្រាន់ បានបង្កើតរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ការបង្ហាញវត្តមានជាថ្មីនៅលើសង្វៀនប៉ុស្តិ៍លេខ៥ ដោយរូបគេបានស្រវាងើបឡើងទាំងវង្វេងស្មារតីពីការរាប់របស់លោកអាជ្ញាកណ្តាលដើម្បីវ៉ៃកីឡាករថៃ Ba Bou ឱ្យសន្លប់ធំវិញ ចំណែកទម្ងន់ជើងរបស់ គង់ ហូវ ក៏ប៊ិះនឹងធ្វើឱ្យកីឡាករថៃ Amy SelakChhai រកកលនឹងសន្លប់ផងដែរ ប៉ុន្តែ រិន សារ័ត្ន បានចាញ់ទាំងមិនអស់ចិត្ត។
កីឡាករ ផាន់ គ្រាន់ ដែលធ្លាប់ជាជើងខ្លាំង និងធ្លាប់ឈ្នះខ្សែក្រវាត់កាលរូបគេមានទម្ងន់ចន្លោះពី៦០ទៅ៦៣,៥គីឡូក្រាមនោះ ហាក់មិនបានឡើងប្រកួតទេសម្រាប់ការវិលមកកាន់សង្វៀនឡើងវិញនេះ ហើយសមត្ថភាពប្រកួតរបស់គេក៏មានការធ្លាក់ចុះផងដែរ ជាពិសេសនៅពេលកីឡាករមិនសូវបានកម្ពស់រូបនេះ បានឡើងទម្ងន់រហូតដល់៦៩គីឡូក្រាម។
ទោះបីជាយ៉ាងណា សម្រាប់ការប្រកួតក្នុងទម្ងន់៦៥គីឡូក្រាមនៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីយប់ថ្ងៃទី៣១ ខែធ្នូ កន្លងមក ផាន់ គ្រាន់ បានទាត់ខ្លាំងៗទៅលើភ្លៅខាងស្តាំរបស់កីឡាករថៃ Ba Bou ហើយការទាត់លើកទី៥របស់គេបានធ្វើឱ្យដៃគូម្នាក់នេះ បង្ហាញការឈឺចាប់ខ្លាំងនាំឱ្យលោកអាជ្ញាកណ្តាលរាប់នៅពាក់កណ្តាលទឹកទី១។
ឃើញស្ថានភាពបែបនេះ ផាន់ គ្រាន់ កាន់តែខំប្រឹងវាយលុកទៅលើ Ba Bou ក្នុងបំណងផ្តួលកីឡាករថៃម្នាក់នេះឱ្យសន្លប់ ប៉ុន្តែរឿងដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើង គឺ ផាន់ គ្រាន់ ត្រូវបាន Ba Bou លោតបុកជង្គង់ចូលដើមទ្រូងពេញ រួចបានស្ទុះចូលចាប់ និងវាយកែងឆ្វេងចូលថ្គាមពេញបណ្តាលឱ្យ ផាន់ គ្រាន់ ដួលសន្លប់មួយភាំង តែបានព្យាយាមងើបឡើងវិញ នៅពេលលោកអាជ្ញាកណ្តាលរាប់ដល់៨។
ទោះជាយ៉ាងណាក្ដី ស្នូរជួងបញ្ចប់ទឹកទី១ បានជួយឱ្យ ផាន់ គ្រាន់ អាចស្តារភាពរឹងមាំបានមកវិញ សម្រាប់ការប្រកួតនៅក្នុងទឹកទី២ ក្នុងពេលដែលកីឡាករ Ba Bou បានបញ្ឆេះឱ្យមានការវាយកែងប្តូរគ្នាយ៉ាងរន្ថើនបំផុត ដោយក្នុងនោះ ផាន់ គ្រាន់ ផ្តោតខ្លាំងលើការប្រើកែងស្តាំ ចំណែក Ba Bou ប្រើកែងឆ្វេង ប៉ុន្តែនៅពេល Ba Bou ហាក់ស្រុតកម្លាំងជាមួយការបុកកែងស្តាំនោះ ផាន់ គ្រាន់ បានច្រាសកែងឆ្វេងចូលថ្គាមពេញ បណ្តាលឱ្យថៃម្នាក់នេះ ដួលសន្លប់ធំតែម្តង។
ជ័យជម្នះរបស់ ផាន់ គ្រាន់ បានធ្វើឱ្យអ្នកគាំទ្រផ្ទាល់មានការសាទរខ្លាំង ព្រោះនេះជាលទ្ធផលដែលកម្រនឹងបានឃើញណាស់ ចំណែក ផាន់ គ្រាន់ ខ្លួនឯង ក៏មានការចម្លែកចិត្តផងដែរ ដែលអាចប្រើក្បាច់កែង ផ្តួល Ba Bou ឱ្យសន្លប់ ទាំងខ្លួនមានកម្ពស់ទាបជាងគេ ប៉ុន្តែ ផាន់ គ្រាន់ ក៏បានបង្ហាញអាការចង់រឹងថ្គាម ក្រោមការវាយចូលយ៉ាងច្រើនរបស់កីឡាករថៃផងដែរ។
ជាមួយគ្នានេះ កីឡាករ គង់ ហូវ ក៏បានទាត់ចូលកញ្ចឹងក បណ្តាលឱ្យអ្នកប្រដាល់ថៃ Amy Selakchhai ដួលទាំងវង្វេង ហើយត្រូវបានលោកអាជ្ញាកណ្តាលរាប់នៅចុងទឹកទី២ ផងដែរ ប៉ុន្តែការព្យាយាមតាមវាយសម្រុករបស់គង់ ហូវ ដើម្បីផ្តាច់កីឡាករថៃម្នាក់នេះ គឺមិនអាចធ្វើទៅបានទេ។
បើទោះបីជា គង់ ហូវ បានបុកជង្គង់ចូលពេញៗ និងបានទាត់ចូលកញ្ចឹងក២ទៅ៣ដងទៀត ប៉ុន្តែការបិទរបស់ Amy Selakchhai គឺមិនបណ្តោយឱ្យទម្ងន់ជើងរបស់ គង់ ហូវ ចូលពេញទៀតនោះទេ ហើយបន្ថែមទៅលើភាពរឹងមាំនេះ Amy Selakchhai ក៏បានវាយបកត្រឡប់មកវិញជាបន្តបន្ទាប់ ធ្វើឱ្យ គង់ ហូវ មានការលំបាកដូចគ្នា មុនពេលត្រូវបានប្រកាសឱ្យឈ្នះកីឡាករថៃម្នាក់នេះ ដោយពិន្ទុ។
ចំណែក រិន សារ័ត្ន បានប្រើជើងទាំង២របស់គេទាត់ទៅលើចន្ទល់ក្រោមរបស់អ្នកប្រដាល់ថៃ Kang Nampha ជាបន្តបន្ទាប់ តាំងពីទឹកទី១ ដល់ទឹកទី៣ ហើយការវាយប្រហារទៅលើជើងក្រោមនេះក៏បានធ្វើឱ្យ Kang Nampha ហាក់ជាប់គាំងផងដែរ បើទោះបីជាថៃម្នាក់នេះ នៅមានលទ្ធភាពវាយបកទៅលើ រិន សារ័ត្ន វិញក្ដី។
ទោះបីជាយ៉ាងណា នៅក្នុងទឹកទី៤ Kang Nampha បានវាយសម្រុកខ្លាំងទៅលើ រិន សារ័ត្ន ហើយការបុកជង្គង់ ព្រមទាំងការម៉ាត់ និងវាយកែងចូលពេញៗរបស់គេ បានធ្វើឱ្យ សារ័ត្ន មានការធ្លាក់កម្លាំងច្រើន ចំណែកនៅទឹកទី៥ផ្តាច់ព្រ័ត្រ រិន សារ័ត្ន ធ្វើបានល្អ នៅដើមទឹក តាមរយៈការទាត់ និងបុកជង្គង់ តែការវាយចូលមួយៗរបស់ Kang Nampha មានទម្ងន់ជាង។
ក្រោយបញ្ចប់ការប្រកួតនេះ ទាំង រិន សារ័ត្ន និង Kang Nampha សុទ្ធតែបង្ហាញការជឿជាក់ក្នុងការឈ្នះ ប៉ុន្តែចុងក្រោយ រិន សារ័ត្ន បានត្រឹមបង្ហាញការមិនអស់ចិត្ត នៅពេលពិធីករ បានប្រកាសពីការដាក់ពិន្ទុរបស់ចៅក្រមទាំង៥ ដោយផ្តល់ពិន្ទុឱ្យ Kang Nampha ជាអ្នកឈ្នះ។ យ៉ាងណាក្ដី អ្នកគាំទ្របានបង្ហាញការពេញចិត្ត សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិកម្ពុជា-ថៃ ទាំង៣គូនេះថា ល្អមើល ព្រោះការប្រកួតមានភាពទាក់ទាញ។
ជាមួយគ្នានេះ លោក សេង កដិកា អ្នកគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំនៅសង្វៀនប៉ុស្តិ៍លេខ៥ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«បើទោះបីជាកីឡាករដែលយើងបានយកមកប្រកួតនេះ ភាគច្រើនជាអ្នកស្ថិតក្នុងលំដាប់លេខ២ ឬលេខ១ តែមិនសូវមានឈ្មោះល្បី ប៉ុន្តែទាំងកីឡាករកម្ពុជា និងបរទេស គឺយើងព្យាយាមយកអ្នកដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា ហេតុនេះការប្រកួតមានភាពទាក់ទាញនិងល្អមើល ហើយការធ្វើបែបនេះគឺដើម្បីឱ្យកីឡាករកម្ពុជាកាន់តែខិតខំប្រឹងពង្រឹងសមត្ថភាពនិងអាចក្លាយជាកីឡាករ ដែលមានបច្ចេកទេសប្រកួតកាន់តែល្អ»៕