ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា ជនបរទេសដែលកាន់ទិដ្ឋាការទេសចរណ៍ មិនអាចធ្វើការនៅប្រទេសកម្ពុជាបានទេ ដែលការអនុវត្តបែបនេះ វាជាការតាំងចិត្តរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។
លោកបានថ្លែងតាមរយៈវីដេអូ ដែលបានផ្សព្វផ្សាយលើបណ្តញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ថា ឥលូវនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបោះត្រាលើទិដ្ឋាការទេសចរណ៍នៅលើលិខិតឆ្លងដែនរបស់ភ្ញៀវទេសចរបរទេស ដោយមិនអាចអនុញ្ញាតឱ្យធ្វើការងារនៅកម្ពុជាបានទេ ខណៈពីមុនមកនេះ ជនបរទេសដែលចូលមកកម្ពុជា គឺអាជ្ញាធរបោះត្រាតែទិដ្ឋាការទេសចរណ៍ ប៉ុន្តែមិនមានការបញ្ជាក់ថា ទិដ្ឋាការទេសចរណ៍នេះ គឺមិនអាចធ្វើការងារនៅកម្ពុជាបានទេ។
លោកបានបញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ក៏បានដាក់តាំងផ្ទាំងព័ត៌មាននៅកន្លែងច្រកអន្តោប្រវេសន៍ ដើម្បីឱ្យជនបរទេសទាំងអស់ នៅពេលចូលមកដល់ច្រកអន្តរជាតិរបស់កម្ពុជា គឺបានឃើញទិដ្ឋាការទេសចរណ៍ មិនអាចធ្វើការនៅប្រទេសកម្ពុជាបានទេ។
លោក ហេង សួរ បញ្ជាក់ថា៖ «នេះគឺជាចំណុចថ្មីមួយ ដែលអាចឱ្យជនបរទេសដែលត្រូវបានបោកបញ្ឆោតដោយបណ្ដាញឧក្រិដ្ឋជន ពេលដែលគាត់ចូលមកច្រកអន្តរជាតិនានារបស់យើង គឺគាត់នឹងឃើញថា ទិដ្ឋាការទេសចរណ៍របស់គាត់ មិនអាចធ្វើការនៅកម្ពុជាបានទេ ពីព្រោះយើងបានដាក់បង្ហាញអក្សរធំៗនៅខាងមុខហ្នឹង»។
ប្រសិនជាជនបរទេស មានការសង្ស័យថា ខ្លួនត្រូវបានចាញ់បោកគេ គឺអាចមករាយការណ៍ដល់សមត្ថកិច្ចនៅតាមច្រកអន្តរជាតិស្រាប់ ដើម្បីធ្វើការចាប់បណ្ដាញឧក្រិដ្ឋជនទាំងអស់នោះ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ៖ «ការអនុវត្តបែបនេះ វាជាចំណុចវិវឌ្ឍន៍ចុងក្រោយមួយ នៃការតាំងចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់ និងប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅកម្ពុជា ស្របពេលដែលក្រសួងមហាផ្ទៃបានខិតខំខ្លាំងណាស់ ទៅលើការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស»។
ជុំវិញរឿងនេះ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក បានថ្លែងថា ប្រសិនជាភ្ញៀវទេសចរដែលចូលមកកម្ពុជា ក្នុងគោលដៅមករកស៊ី គឺពិតណាស់ភ្ញៀវទេសចរទាំងនោះ មិនអាចប្រកបមុខរបរបានទេ ដែលវាជាយន្តការមួយអនុវត្តយូរមកហើយ។
លោកបានបន្ថែមថា ប៉ុន្តែកន្លងមកនេះ កម្ពុជាមិនបានគ្រប់គ្រងបញ្ហានេះឱ្យបានច្បាស់លាស់នៅឡើយទេ ខណៈដែលមានភ្ញៀវទេសចរបរទេសខ្លះបានហូរចូលមកកម្ពុជាទាំងអ្នកស្របច្បាប់ និងអ្នកមិនស្របច្បាប់ បានមកដណ្ដើមការងាររបស់ប្រជាពលរដ្ឋខ្មែរ។
លោក នី សុខា បានបញ្ជាក់ថា៖ «ការតាំងចិត្តរបស់រាជរដ្ឋាភិបាល វាជារឿងមួយសំខាន់ហើយ ក៏ប៉ុន្តែការអនុវត្តជាក់ស្ដែង វារឹតតែសំខាន់ទៅទៀត ដើម្បីចៀសវាងកុំឱ្យទាំងអ្នកទេសចរស្របច្បាប់ និងខុសច្បាប់ មកធ្វើការរកស៊ីនៅក្នុងប្រទេសយើង»។
បើតាមលោក នី សុខា ចំពោះការអនុវត្តរបស់អាជ្ញាធរលើជនបរទេសដែលចូលមកកម្ពុជាកាន់លិខិតឆ្លងដែនទេសចរណ៍ មិនអាចធ្វើការនៅកម្ពុជាបាន គឺភាគច្រើនវាមិនពាក់ព័ន្ធលើបញ្ហាជួញដូរមនុស្សឡើយ ប៉ុន្តែរឿងសំខាន់គឺពាក់ព័ន្ធនឹងការដណ្ដើមការងាររបស់ប្រជាពលរដ្ឋខ្មែរ។
លោកបន្ថែមថា បញ្ហាការជួញដូរមនុស្សនេះ ច្រើនតែពាក់ព័ន្ធលើការត្រួតពិនិត្យ មានបក្ខពួកនិយម មានអំពើពុករលួយ និងការមិនរឹតបន្តឹងទៅលើការអនុវត្តច្បាប់ចំពោះក្រុមឧក្រិដ្ឋជនជាដើម៕