បាត់ដំបងៈ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងកម្មវិធី«ពិព័រណ៍ម្ហូបអាហារខ្មែរអ្នកបាត់ដំបង» ការប្រណាំងទូក និងពិធីបុណ្យឆ្លងឆ្នាំសកល រយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ៣៥ម៉ឺននាក់ បានមកលេងកម្សាន្តនៅក្នុងខេត្តបាត់ដំបង។
បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ថា កម្មវិធីពិព័រណ៍ម្ហូបអាហារខ្មែរអ្នកបាត់ដំបង ការប្រណាំងទូក និងពិធីបុណ្យចូលឆ្នាំសកលរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខេត្តបាត់ដំបងបានទទួលភ្ញៀវទេសចរជាតិសរុបចំនួន ៣៥២ ៧៩០នាក់ និងភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៩១៨នាក់ ដែលមកចូលទស្សនាកម្សាន្ត។
ឆ្នាំ២០២៣នេះចំនួនភ្ញៀវទេសចរជាតិមកកម្សាន្តធៀបនឹងឆ្នាំ២០២២ មានការកើនឡើងប្រមាណ ៦៧,៧៨ភាគរយ ចំណែកភ្ញៀវទេសចរអន្តរជាតិ ក៏មានការកើនឡើងប្រមាណ ២០,១៦ភាគរយផងដែរ។
របាយការណ៍ដដែលបានបញ្ជាក់ថា ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបមានចំនួន ៣៥៣ ៧០៨នាក់ មានការកើនឡើង ៦៧,៦០ភាគរយ បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួន ២១១ ០៣៨នាក់។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងក្នុងពិធីបើកពិព័រណ៍ម្ហូបអាហារខ្មែរកាលពីថ្ងៃទី២៩ ខែធ្នូថា វិស័យម្ហូបអាហារបានចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន មកចូលទស្សនាក្នុងខេត្តបាត់ដំបង ខណៈដែលលោកបានកត់សម្គាល់ថា វិស័យនេះ បានធ្វើឱ្យមានកំណើនទេសចរណ៍កើនឡើងវិញ។
លោកបានបន្តថា ខេត្តបាត់ដំបងក៏មានតំបន់រមណីយដ្ឋានទេសចរណ៍ដ៏សម្បូរបែប ទាំងបែបធម្មជាតិ ទាំងបែបច្នៃប្រឌិត ក៏ដូចជាទាំងបែបបុរាណផងដែរ។
លោកបានបញ្ជាក់ថា៖ «បងប្អូនដែលធ្លាប់មកលេងបាត់ដំបងម្ដងហើយ គឺគាត់មានអារម្មណ៍ចង់មកម្ដងទៀត ដោយសារគាត់ចង់មកភ្លក់ម្ហូបនេះ ម្ហូបនោះរបស់អ្នកបាត់ដំបង ហើយយើងសង្កេតឃើញថា វិស័យម្ហូបអាហារហ្នឹង គឺវាជាសក្តានុពលរបស់ខេត្តបាត់ដំបងយើង»។
បើតាមលោក សុខ លូ សព្វថ្ងៃនេះ រដ្ឋបាលខេត្តកំពុងខិតខំធ្វើយ៉ាងណា គឺកសាងនូវសេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋទូទាំងខេត្ត ដើម្បីបង្កើននូវមុខរបរ និងចូលរួមកាត់បន្ថយការចំណាកស្រុករបស់ប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍ម្ហូបអាហារខ្មែរមានការដាក់ពិព័រណ៍ម្ហូបអាហារជិត ១០០មុខ មានទាំងបង្អែម នំ និងមុខម្ហូបប្រចាំខេត្ត ហើយកម្មវិធីនេះ ធ្វើឡើងដើម្បីអបអរសាទរដែលទីក្រុងបាត់ដំបង ជាក្រុងទី១ ដែលបានជាប់ជា «បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់អង្គការយូណេស្កូ» ក្នុងចំណោមទីក្រុងចំនួន ៥៥ ដែលត្រូវបានដាក់បញ្ចូលបន្ថែមក្នុងបណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UCCN) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣៕