​ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ដាក់ឱ្យអនុវត្ត​ស្ដង់ដា​សាលា​ម​ត្តេ​យ្យ​សិក្សា​គំរូ បឋមសិក្សា​គំរូ និង​មធ្យមសិក្សា​គំរូ ក្នុង​គោលដៅ​អភិវឌ្ឍ និង​ពង្រឹងគុណភាព​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​រហូតដល់​មធ្យមសិក្សា​។​

​ក្រសួង​អប់រំ​បានចេញ​សេចក្ដីប្រកាស​ចុះ​ថ្ងៃទី​​ ២៨​ ខែធ្នូ​ឆ្នាំ​ ២០២៣​ ថា សម្រាប់​ម​ត្តេ​យ្យ​​សិក្សា​រហូតដល់​មធ្យម​សិក្សា ត្រូវអនុវត្ត «​ស្ដង់ដា​សាលារៀន​គំរូ​» ដោយ​ផ្ដោតទៅលើ​ស្ដង់ដា​ចំនួន ៥ ​ចំណុច​រួមមាន​៖ លទ្ធ​​ផល​សិក្សា​របស់​សិស្ស​, ការបង្រៀន​និង​រៀន​, ការចូលរួម​របស់​ស​ហគ​មន៍​,​ ដំណើរ​ប្រតិបត្តិ​​ការ​និង​រដ្ឋបាល​សាលារៀន និង​ចុង​ក្រោយ ផ្តោតលើ​គណនេយ្យភាពរ​បស់​សាលារៀន​។

ក្រសួង​បាន​បញ្ជាក់ថា​៖ «​ការដាក់ឱ្យ​អនុវត្ត​ស្ដង់ដា​សាលារៀន​គំរូ​ពី​ម​ត្តេ​យ្យ​សិក្សា រហូតដល់​មធ្យម​​សិក្សា ក្នុង​គោលដៅ​ពង្រឹង​គុណ​ភាព​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ ក៏ដូចជា​អភិវឌ្ឍ​សាលា​ទាំងនោះ​នៅ​ទូទាំងប្រទេស​កម្ពុជា​ផងដែរ​»​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បានផ្តល់​ជា​អនុសាសន៍​ដោយបាន​ចេញ​នូវ​វិធានការ​គន្លឹះ​ចំនួន ​៤ នៅក្នុង​ការអនុវត្ត​សាលារៀន​គំរូ ដើម្បី​ជា​គោលដៅ​ពង្រឹងគុណភាព​គ្រឹះស្ថានសិក្សា​រដ្ឋ ចាប់ពី​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ដល់​មធ្យមសិក្សា​។​

​វិធានការ​ទាំង​នោះ​រួមមាន​៖ ការពង្រឹង​អភិបាល​​កិច្ច​សាលារៀន​, ការពិនិត្យ កែ​សម្រួល​និង​រៀបចំ​កម្មវិធីសិក្សា និង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឱ្យស្រប​ទៅតាម​តម្រូវការ​ក្នុងការ​ពង្រឹង​ចំណេះដឹង​របស់​សិស្ស​។​

​លោក​បន្តទៀតថា​៖ «​គោល​ដៅ​ទី​៣ គឺ​ការយកចិត្តទុកដាក់​លើ​សុខភាព​របស់​សិស្ស តាមរយៈ​កម្មវិធី​អាហារូបត្ថម្ភ​ដល់​កុមារ និង​ការត្រួតពិនិត្យ​គុណ​​ភាព​ចំណីអាហារ​នៅតាម​សា​លា​រៀន ហើយ​និង​ទី​៤. ការជំរុញ និង​លើកទឹកចិត្ត​ការចូល​​រួម​របស់​មាតាបិតា​អាណា​ព្យា​បាល និង​សហគមន៍ ក្នុង​ការអប់រំ​ស្របតាម​ពាក្យស្លោក ភាពជា​ដៃគូ​រដ្ឋ និង​សហគមន៍​ដើម្បី​ការអប់រំ​»​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​បន្ថែមទៀតថា ក្រសួង​អប់រំ ក៏បាន​កំណត់​អាទិភាព​ចំនួន​ ៤ ​បន្ថែមទៀត គឺ​ការអប់រំ​ឌីជីថល​, ការ​​បង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​,​ការ​​កសាង​ប្រព័ន្ធ និង​ការអភិវឌ្ឍ​សមត្ថភាព និង​ការអភិវឌ្ឍ​ការ​​អប់រំ​កាយ​និង​កីឡា​។​

​លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី ​៣១ ខែធ្នូថា វា​ជា​ចំណុច​វិជ្ជមាន​មួយ​ដ៏​ល្អ ដែល​ក្រសួង​អប់រំ​បានរៀបចំ​ដាក់ឱ្យអនុវត្ត​ស្ដង់ដា​សាលារៀន​គំរូ​ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​មធ្យមសិក្សា ដោយសារ​កន្លងមក​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​មិនទាន់មាន​ស្ដង់ដា​ជាក់លាក់​បែបនេះ​ឡើយ​។

​លោក​បន្តថា ការដាក់​អនុវត្ត​ស្ដង់ដា​គំរូ​នេះដែរ ក៏​ដើម្បី​ធានា​ឱ្យ​ការអប់រំ​ពី​កម្រិត​ម​ត្តេ​យ្យ​ទៅដល់​មធ្យមសិក្សា ទទួលបាន​លទ្ធផល​ល្អ ក្រោម​ការ​អនុ​​វត្ត​ដោយ​ថ្នាក់ក្រោម​ជាតិ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការ​កំណត់​ឱ្យមាន​ស្ដង់ដា​ហ្នឹង គឺជា​រឿង​ដែល​ល្អ​ហើយ​គ្រាន់តែ​ថ្នាក់ជាតិ​បាន​ណែនាំ​ស្ដង់ដា​ទាំងនោះ​ទៅដល់​ថ្នាក់ក្រោម​ជាតិ សម្រាប់​អនុវត្ត យើង​គិតថា​ គុណភាព​ការអប់រំ​ពី​ថ្នាក់ក្រោម​ជាតិ​គឺ​វា​ល្អ​តាំងពី​ម​ត្តេ​យ្យ​រហូតដល់​វិទ្យាល័យ​»​។​

​លោក គង់ សំនៀង​ ក៏បាន​លើកឡើង​ដែរ​ថា ចំពោះ​គុណប្រយោជន៍​ដែល​សា​លាម​ត្តេ​យ្យ​សិក្សា​ដល់​មធ្យមសិក្សា អនុវត្ត​ស្ដង់ដា​សាលារៀន​គំរូ​នេះ គឺ​ទាំង​គ្រូ​ទាំង​សហគមន៍ ទាំង​សិ​ស្សា​-​នុ​សិស្ស ក៏ដូចជា​ទាំង​គណៈ​គ្រប់គ្រង​សាលារៀន ត្រូវធ្វើ​ទៅតាម​ការណែនាំ​របស់​ក្រសួង​ដាក់ជូន ដើម្បី​ឈានទៅ​ធ្វើឱ្យមាន​គុណភាព​អប់រំ​តាំងពី​ថ្នាក់ក្រោម​ជាតិ​នេះ​ទៅ​៕