ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសផ្សព្វផ្សាយពីការផ្តល់សុពលភាព និងការផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ ២០២៣ បន្ទាប់ពីបានដោះស្រាយបណ្តឹង និងបិទបញ្ចប់ការចុះឈ្មោះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ ២០២៣។
លោក សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់រយៈពេល ១៩ ថ្ងៃ គ.ជ.ប បានតែងតាំងក្រុមចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ចំនួន ១ ៦៥២ ក្រុម រួមជាមួយគ្រូ ២ រូប ប្រចាំក្រុង ស្រុក ខណ្ឌផងដែរ។
ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣ បានចាប់ផ្តើមធ្វើនៅគ្រប់ឃុំសង្កាត់ទូទាំងប្រទេសពីថ្ងៃទី ១ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣កន្លងទៅ។ ការិយាល័យចុះឈ្មោះបោះឆ្នោតបើកធ្វើការជារៀងរាល់ថ្ងៃ ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០ ដល់ម៉ោង ១១:៣០ នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:៣០ នាទីល្ងាច។
លោក សោម សូរីដា សង្កត់ធ្ងន់ថា៖ «ក្នុងរយៈពេល ១៩ ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣ នៅតាមឃុំ សង្កាត់ ទទួលបានលទ្ធផល អ្នកមកសុំចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២៣៣ ៧៧២ នាក់ ក្នុងនោះ ស្ត្រីមានចំនួន ១១១ ៧១៥ នាក់ អ្នកដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតមានចំនួន ១២០ ៨៨៣ នាក់ អ្នកដែលបានផ្ទេរចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៤៧ ៩៥៨ នាក់ និងអ្នកមកសុំកែតម្រូវឈ្មោះ ឬ/និងទិន្នន័យក្នុងបញ្ជីបោះឆ្នោតមានចំនួន ១៨ ៦៦៨ នាក់»។
ទាក់ទងនឹងការរៀបចំបញ្ជីបោះឆ្នោតដំបូង លោក សោម សូរីដា បានលើកឡើងថា គ.ជ.ប បានធ្វើការផ្ទៀងផ្ទាត់ ជាប្រចាំនូវទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោតដែលទទួលបានតាមថ្ងៃនីមួយៗ ជាមួយនឹងទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោតដែលទទួលបានកន្លងមក។ បន្ទាប់ពីបញ្ឈប់ការចុះឈ្មោះបោះឆ្នោត ការប្ដឹងតវ៉ាទៅនឹងការបដិសេធការចុះឈ្មោះត្រូវបានដោះស្រាយរួចរាល់ ហើយទិន្នន័យត្រូវបានបញ្ជូន និងទទួលរួចរាល់ ហើយ គ.ជ.ប ត្រូវធ្វើការផ្ទៀងផ្ទាត់ទិន្នន័យអ្នកចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត បន្ទាប់មក គ.ជ.ប ធ្វើការពិនិត្យសម្រេចមុននឹងបិទផ្សាយជាសាធារណៈ។
ចំពោះការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងការដាក់ការទទួល និងការដោះស្រាយពាក្យបណ្ដឹង លោក សូរីដា ថ្លែងថា៖ «បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតក្នុងប្រព័ន្ធផ្ទុកទិន្នន័យរួច គ.ជ.ប បានបោះពុម្ព និងចាត់ឱ្យបិទផ្សាយជាសាធារណៈនូវបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗ ហើយបញ្ជីបោះឆ្នោតដំបូងត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប(voterlist.nec.gov.kh)»។
ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់
ទូទាំងប្រទេសបានទទួលពាក្យបណ្ដឹងសរុបចំនួន ៩ បណ្ដឹង ក្នុងនោះមានបណ្ដឹងតវ៉ា ១ បណ្ដឹង និងបណ្ដឹងជំទាស់ ៨ បណ្ដឹង។ បណ្ដឹងទាំង ៩ ត្រូវបានក្រុមប្រឹក្សាឃុំ សង្កាត់ សម្រេចយល់ព្រម ដោយក្នុងនោះមានការលុបឈ្មោះបន្ថែម ៨ នាក់ និងរក្សាទុកឈ្មោះក្នុងបញ្ជីបោះឆ្នោតវិញ ១ នាក់។
បន្ទាប់ពីបណ្ដឹងតវ៉ា និងបណ្ដឹងជំទាស់ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ គ.ជ.បបានសម្រេចផ្ដល់សុពលភាពជាផ្លូវការលើបញ្ជីបោះឆ្នោត ឆ្នាំ ២០២៣ ដែលមានទិន្នន័យដូចខាងក្រោម៖ ប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើង ចំនួន ១០ ៩៧៨ ២៥៨ នាក់ ចំនួនឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ ២០២៣ មានចំនួន ៩ ៨៧១ ៤៩៥ នាក់ ស្មើនឹង ៨៩,៩២% នៃប្រជាពលរដ្ឋអាយុ ១៨ ឆ្នាំឡើង៕