ភ្នំពេញៈ រដ្ឋាភិបាលបានកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ដោយជាថ្ងៃបុណ្យជាតិផ្លូវការ សម្រាប់ឈប់សម្រាកប្រចាំឆ្នាំ «ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ជុំវិញការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម»។
ការកំណត់នេះ ធ្វើឡើងតាមរយៈអនុក្រឹត្យចុះលេខ ០១ អនក្រ.បក ចុះថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងបានដាក់ជាថ្ងៃឈប់សម្រាកសាធារណៈជារៀងរាល់ឆ្នាំ។
លោកក៏បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិនិងវិស័យឯកជន ចូលរួមបំផុសស្មារតីប្រជាជនកម្ពុជាឱ្យយល់ដឹងពីគុណតម្លៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ការកំណត់ទិវាសន្តិភាពនៅកម្ពុជានេះ ក្នុងបំណងប្រាថ្នាពិសិដ្ឋសម្រាប់ប្រជាជនកម្ពុជា ទៅលើការស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម ព្រមទាំងរំឭកដល់ថ្ងៃទី ២៩ ធ្នូ ឆ្នាំ ១៩៩៨ ដែលជាថ្ងៃបិទបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា និងបានកសាងសន្តិភាពពេញលេញដោយសារនយោបាយឈ្នះ-ឈ្នះ»។
លោកបន្តតាមរយៈអនុក្រឹត្យនេះទៀតថា ជាការរំឭកដឹងគុណ និងចងចាំជានិច្ចពីគំរូភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម សមរភូមិការទូត ទាំងសមរភូមិនយោបាយ រហូតសម្រេចបានការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត បន្ថែមថា តាមរយៈភាពអង់អាចទាំងនេះ បាននាំឱ្យកម្ពុជាទទួលបានការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ពាក់ព័ន្ធនឹងទិវានេះដែរ លោក ទៀ បាញ់ អតីតរដ្ឋមន្ត្រីការពារជាតិ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រព្រមទាំងជាតួអង្គសំខាន់មួយក្នុងនយោបាយឈ្នះ-ឈ្នះ បានសម្តែងក្តីរំភើប និងអបអរចំពោះការកំណត់យកថ្ងៃ ២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ជាបុណ្យជាតិផ្លូវការនេះ។
លោកបន្តថា ថ្ងៃប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់របស់កម្ពុជានេះបានបញ្ចប់សង្គ្រាមជាស្ថាពរនិងទទួលបានសន្តិភាពដ៏លេញលេញ បន្ទាប់ពីមានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ទិវាសន្តិភាពទីក្រុងប៉ារីស ២៣តុ លា ឆ្នាំ ១៩៩១។
លោកមានប្រសាសន៍ថា៖ «ថ្ងៃ ២៩ ធ្នូ ១៩៩៨ នោះ ជាថ្ងៃបញ្ជាក់យ៉ាងច្បាស់ពីការឈប់ទាស់ទែងគ្នាឬនិយាយថា សង្គ្រាមបានបញ្ចប់ពិតប្រាកដ ដោយសារកម្លាំងប្រយុទ្ធគ្នាមូលគ្នាឈប់បាញ់បោះគ្នាតទៅទៀត។ ជាថ្ងៃដែលមេដឹកនាំទាំងឡាយរបស់អង្គការចាត់តាំងខ្មែរក្រហម បានចូលមកដល់ផ្ទះសម្តេចតេជោ ហ៊ុន សែន ហើយបានសន្យាឈប់ធ្វើសកម្មភាពអ្វីទាំងអស់ ជាការចុះញ៉មគ្រប់បែបយ៉ាង»។
លោក ទៀ បាញ់ សង្កត់ធ្ងន់ថា ថ្ងៃ ២៩ធ្នូ ឆ្នាំ ១៩៩៨ ជាថ្ងៃដែលមេដឹកនាំសំខាន់ៗនៅក្នុងជម្លោះស្រុះស្រួលគ្នា ហើយផ្ញើសារទៅដល់កម្លាំងទាហាននៅតាមបណ្តាទីតាំងនៅជុំវិញប្រទេសទម្លាក់អាវុធចុះ រួបរួមគ្នា កសាងសន្តិភាពសម្រាប់ប្រទេសហើយជាថ្ងៃដែលត្រូវបានប្រកាសថា លែងមានសង្គ្រាមក្នុងស្រុកដ៏រ៉ាំរ៉ៃទៀតហើយ។ លោកគាំទ្រយ៉ាងពេញទំហឹងដែលរដ្ឋាភិបាលអាណត្តិទី៧ សម្រេចយកថ្ងៃទី ២៩ ធ្នូ ជាបុណ្យជាតិផ្លូវការ។
ជាមួយគ្នានេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលក៏បានលើកឡើងដែរថា សន្តិភាពជារបាំងការពារសិទ្ធិរស់រានមានជីវិត និងមានតម្លៃជាសកលសម្រាប់មនុស្សជាតិ។ រដ្ឋាភិបាលកំណត់យកថ្ងៃទី ២៩ ខែធ្នូ ជាទិវាសន្តិភាពនៅកម្ពុជា មិនត្រឹមតែរំឭកវីរភាពអ្នកស្នេហាជាតិដែលលះបង់ជីវិតដើម្បីបុព្វហេតុសន្តិភាពនៅកម្ពុជាប៉ុណ្ណោះទេ តែដើម្បីដាស់ស្មារតីពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយឱ្យចេះស្រឡាញ់សន្តិភាព ការពារសន្តិភាព និងស្អប់ខ្ពើមសង្គ្រាម កុំឱ្យជាន់ដានប្រវត្តិសាស្ត្រ។
លោកថា៖ «ការបង្កើតឱ្យមានទិវាសន្តិភាពនៅកម្ពុជាពិតជាសមស្របហើយស័ក្តិសមនឹងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការគាំទ្រពីមនុស្សជាតិលើភពផែនដីទាំងមូលជាពិសេសពីបណ្តាប្រទេសដែលធ្លាប់ភ្លក្សរសជាតិសង្គ្រាម»។
លោក ប៉ែន បូណា បន្ថែមថា កម្ពុជាទទួលបានសន្តិភាពពេញលេញនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ បន្ទាប់ពីហែលឆ្លងបទពិសោធន៍សង្គ្រាមជោកជាំពីរបបប្រល័យពូជសាន៍ខ្មែរក្រហម ដែលជាស្នាដៃនៃនយោបាយឈ្នះឈ្នះ ជារូបមន្តខ្មែរ របស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីសុទ្ធសាធ ដែលផ្តល់សិទ្ធិរស់រានមានជីវិតដល់ប្រជាពលរដ្ឋខ្មែរហើយជនណាប្រឆាំងនឹងសន្តិភាព ជាអ្នកប្រឆាំងសិទ្ធិរស់មានជីវិតដែលជាសិទ្ធិមូលដ្ឋានរបស់មនុស្ស។
សម្រាប់លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានសម្តែងការសាទរផងដែរថា ដើម្បីជាការដាស់ស្មារតីប្រជាជនឱ្យចេះស្រឡាញ់ និងថែរក្សាសុខសន្តិភាព ខណៈសន្តិភាពជាគោលការណ៍គ្រឹះសំខាន់របស់ប្រទេសជាតិ និងពិភពលោកទាំងមូលទាំងសម្រាប់សព្វថ្ងៃ និងសម្រាប់មនុស្សជំនាន់ក្រោយ។
លោកថា៖ «ថ្ងៃផ្សេងៗទៀតដូចជាថ្ងៃ ៧ មករា ១៩៧៩, ថ្ងៃ ២៣ តុលា ១៩៩១ សុទ្ធតែជាមូលដ្ឋានគ្រឹះនៃតំណប្រវត្តិសាស្ត្រកម្ពុជា បើគ្មានថ្ងៃទាំងនេះទេ ក៏គ្មានដែរ ថ្ងៃ ២៩ ធ្នូ ១៩៩៨។ ថ្ងៃទាំងនេះ ជាស្មារតីចងចាំរបស់ជាតិ ដើម្បីដឹងពីវីរភាពរបស់អ្នកតស៊ូជំនាន់មុនរបស់កម្ពុជា និងដឹងពីគោលការណ៍គ្រឹះនៃសន្តិភាព»៕