សៀមរាបៈ លោក​ លឹម អូន អគ្គនាយក​នៃ​ធនាគារ​សហ​​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជាបាន​ថ្លែងថា កម្មវិធី​កម្ចី​ដោយផ្ទាល់​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ ដែល​ទើបតែ​ដាក់ឱ្យ​ដំណើរការ​ថ្មីៗ​នេះ មាន​លក្ខណពិសេស និង​ប្រកបដោយ​លក្ខខណ្ឌ​អនុគ្រោះ​ជាច្រើន​ដើម្បី​ជួយ​ដល់​អាជីវកម្ម និង​សេវា​កម្ម​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​នេះ​។​

​លោក​បានលើកឡើង​ដូចនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី «​កម្មវិធី​កម្ចី​ដោយផ្ទាល់​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​» កាលពី​ថ្ងៃទី​​ ២៩ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ខេត្តសៀមរាប​។​

​លោក លឹម អូន បាន​បញ្ជាក់ថា លក្ខណពិសេស និង​លក្ខ​ខណ្ឌ​អនុគ្រោះ​ជាច្រើន​ដែល​កម្មវិធី​កម្ចី​ដោយផ្ទាល់​ដល់​ប្រតិ​ប​ត្តិ​ករ​ទេសចរណ៍​ខេត្ត​សៀម​​រាប​មាន​នោះ មានដូចជា រយៈ​ពេល​អនុគ្រោះ​បង់ប្រាក់​ដើម​រហូតដល់​ ២៤​ ខែ​,​ មិន​គិតថ្លៃ​សោហ៊ុយ​រៀបចំ​ឥណទាន និង​មិនមាន​ពិន័យ​ចំពោះ​ការសង​ត្រឡប់​មុន​កាលកំណត់ ព្រមទាំង​ផ្តល់​លក្ខខណ្ឌ​នៃ​ការ​អនុ​ម័ត​ប្រាក់កម្ចី​មាន​ភាពទន់ភ្លន់​ជាង​ឥណទាន​ធម្មតា​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ចំពោះ​កម្មវិធី​កម្ចី​ដោយផ្ទាល់​ដល់​ប្រតិបត្តិ​ករ​ទេស​​ចរណ៍​ខេត្តសៀមរាប ដែល​នេះ​ជាការ​រួមចំណែក​ក្នុងការ​ស្ដារ និង​ជំរុញ​ឡើងវិញ​នូវ​សកម្ម​ភាព​សង្គម​​សេដ្ឋកិច្ចកម្ពុជា ជា​ពិសេស​វិស័យ​ទេសចរណ៍​ដែល​ផ្តើមចេញពី​ខេត្តសៀមរាប​ឱ្យ​ត្រឡប់​ទៅរក​ស្ថិរភាព និង​មាគ៌ា​នៃ​កំណើន​ប្រកបដោយ​សក្ដា​នុ​ពល ក៏ដូចជា​ការអភិវឌ្ឍ​ប្រកប​​ដោយ​ចីរភាព និង​បរិ​យាប​ន្ន ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដោយមាន​ការចូលរួម​សហការ​យ៉ាង​ជិត​ស្និទ្ធ និង​ការទទួលខុសត្រូវ​ខ្ពស់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​អស់ទាំង​ក្រសួង សមាគម និង​ម្ចាស់​អាជីវកម្ម​ដោយផ្ទាល់​»​។​

​លោក​ លឹម អូន បាន​បន្ថែមថា ទិសដៅ​យុទ្ធសាស្ត្រ​រាជ​​រដ្ឋាភិបាល​បាន​ផ្តោត​ការយក​​ចិត្ត​ទុកដាក់​ជា​ចម្បង​លើ​ការ​​ជំរុញ​វិស័យ​ទេសចរណ៍ ឱ្យមាន​សក្តានុពល​និង​មាន​សម្ទុះ​ងើបឡើង​វិញ​តាមរយៈ​ការដាក់​ចេញ​គោលនយោបាយ​សំខាន់ៗ​ជាច្រើន​។​

​ក្នុងនោះ​មានដូចជា ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប​ឆ្នាំ ​២០២១-២០៣៥ និង​កម្មវិធី​ពិសេស​ទស្សនា​សៀមរាប​ឆ្នាំ ​២០២៤ ក៏ដូចជា​កម្មវិធី​កម្ចី​ដោយផ្ទាល់​ដល់​ប្រតិ​ប​ត្តិ​ករ​ទេសចរណ៍​សៀមរាប​និង​សម្រេចបាន​សមិទ្ធផល​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ដែលជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា​ផ្នែក​ទេសចរណ៍​លើ​វិស័យ​ដឹក​ជញ្ជូន​ផ្លូវអាកាស​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ទាំងនេះ​សុទ្ធតែជា​គោលនយោបាយ​ក្នុង​គោលដៅ​ជំរុញ​វិស័យ​ទេស​​ចរណ៍​ដើម្បី​ធានា​ចីរភាព​នៃ​ការ​ស្ដារ​និង​គាំទ្រ​វិស័យ​ទេសចរណ៍​។ ខ្ញុំ​សង្ឃឹម​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ នឹងចូលរួម​អភិវឌ្ឍ​អាជីវកម្ម​របស់ខ្លួន​ឱ្យមាន​លក្ខណៈ​ប្រកួតប្រជែង មាន​ភាព​ទាក់​ទាញ ក៏ដូចជា​លើកកម្ពស់​គុណ​ភាព​នៃ​ការបម្រើ​សេវាកម្ម ប្រកប​​ដោយ​វិជ្ជាជីវៈ តម្លាភាព សុវត្ថិ​ភាព​និង​សន្តិសុខ​ល្អ ដើម្បី​ផ្តល់​បដិសណ្ឋារកិច្ច​ប្រកបដោយ​ភាពកក់ក្តៅ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​»​។​

​ចំពោះ​កម្មវិធី​កម្ចី​ដោយផ្ទាល់​នេះដែរ លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមាគម​ទេសច​រ​ណ៍​កម្ពុជា​ក៏បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២៤ ថា កម្ម​​វិធី​កម្ចី​ដោយផ្ទាល់​គឺជា​វេទិកា​ដ៏​មាន​វិសេសវិសាល​បំផុត ដែល​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប​បាន​ទន្ទឹងរង់ចាំ​ជា​យូរ មកហើយ​។​

​លោកស្រី​បាន​ថ្លែងថា កញ្ចប់​ថវិកា​បឋម​ ៥០ ​លាន​ដុល្លារ​អាមេរិក ជា​កញ្ចប់​ថវិកា​លើក​ទី​២ ​ហើយ​ដែល​សបញ្ជាក់​ពី​ការគិតគូរ និង​កាយវិការ​នៃ​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​ប្រមុខ​រាជ​​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ជំរុញ​វិស័យ​ទេសចរណ៍ ជាពិសេស​ខេត្តសៀមរាប និង​ការចូលរួម​ពី​ក្រសួងទេសចរណ៍​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ដែល​តែងតែ​ស្វែងយល់​ពី​ទុក្ខ​លំបាក និង​បញ្ហា​ប្រឈម​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​។​

​លោកស្រី​បាន​ប្រាប់ថា​៖ «​ខ្ញុំ​មានការ​ជឿជាក់​យ៉ាង​មុតមាំ​ថា ប្រតិបត្តិ​ករ​ទេសចរណ៍​សៀមរាប​នឹង​ប្រើប្រាស់​កម្ចី​នេះ​ប្រកបដោយ​ការទទួលខុសត្រូវ និង​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការធ្វើ​ប្រតិបត្តិការ​អាជីវ​កម្ម​,​ការកែលម្អ និង​ធ្វើ​ទំនើបកម្ម ដូចជា​ធ្វើ​ពិពិធ​កម្ម​នៃ​សេវា​ទេស​​ចរណ៍​របស់ខ្លួន​សំដៅ​ទាក់ទាញ និង​ទទួល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​កាន់តែ​ប្រសើរឡើង ​១ ​កម្រិត​ទៀត​»​។​

​បើតាម​ធនាគារ SME តាម​​រយៈ​កម្មវិធី​កម្ចី​នេះ សហគ្រាស​ក្នុង​វិស័យ​គោលដៅ​ដែល​ស្ថិតនៅ​ខេត្តសៀមរាប​បម្រើ​សេវាក​ម្ម​ដោយផ្ទាល់​ជូន​ដល់​ទេសចរ​ជាតិ​និង​អន្តរជាតិ​ដូចជា សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោ​ជ​នី​យ​ដ្ឋា​ន អាជីវកម្ម​ផលិត និង​/​ឬ​លក់​វត្ថុ​អនុស្សាវរីយ៍​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍ អាជីវកម្ម​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ និង​សេវាកម្ម​ដទៃទៀត​ដែល​គាំទ្រ​ឧស្សាហកម្ម​ទេសចរណ៍ អាច​ស្នើសុំ​ហិរញ្ញប្បទាន​រហូតដល់​ ៦០​ ម៉ឺន​ដុល្លារ​អាមេរិក​ជាមួយនឹង​អត្រា​ការប្រាក់​ប្រចាំឆ្នាំ ត្រឹមតែ​ ៦,៥០ ​ភាគរយ​។​

​សូមជម្រាបថា ក្នុង​រយៈពេល​ជាង ​៣ ​ឆ្នាំ​មកនេះ​ធនាគារ​សហ​​គ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាននិងកំពុង​ផ្តល់​ហិរញ្ញប្បទាន​ប្រកបដោយ​លក្ខខណ្ឌ​អនុគ្រោះ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន​ ៣ ២០០ ​សហគ្រាស​ដែល​ស្មើនឹង​សមតុល្យ​ឥណទាន​សរុប​ប្រមាណ ៤៩០ ​លាន​ដុល្លារ​៕