ភ្នំពេញៈ មន្ត្រីនៃអង្គការអភិរក្សបានឱ្យដឹងថា សត្វក្រៀលតែងតែបង្ហាញវត្តមាននៅក្នុងខេត្តចំនួន ៦ របស់កម្ពុជា ខណៈវត្តមានរកឃើញថ្មីៗមានចំនួន ១៨០ ក្បាល ដែលជាចំនួនសេសសល់ច្រើនជាងប្រទេសឡាវ និងវៀតណាម ដែលសត្វក្រៀលមាននៅសេសសល់តិចតួច។
លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ថា សត្វក្រៀល ជាពពួកសត្វដែលកំពុងរងគ្រោះ និងឈានទៅរកការផុតពូជនៅលើភពផែនដី ស្របពេលដែលក្រសួងបរិស្ថាន និងអង្គការជាដៃគូនានាកំពុង ការពារ និងអភិរក្សសត្វប្រភេទនេះយ៉ាងខ្លាំងក្លាបំផុត។
លោកបានបន្តថា បច្ចុប្បន្នសត្វក្រៀលតែងតែបង្ហាញវត្តមាននៅក្នុងខេត្តចំនួន ៦ រួមមាន ខេត្តបន្ទាយមានជ័យ នៅក្នុងតំបន់អាងត្រពាំងថ្ម,ខេត្តតាកែវនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនិងខេត្តកំពតក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ខណៈដែលទីតាំងទាំង ៣ នោះគឺជាកន្លែងដែលសត្វក្រៀលរកចំណីដើម្បីបន្តការរស់នៅក្នុងតំបន់ដីសើមចាប់ពីខែធ្នូ ដល់ខែកុម្ភៈរៀងរាល់ឆ្នាំ។
លោកបានឱ្យដឹងទៀតថា ក្រៅពីនេះវត្តមានសត្វក្រៀលតែងតែបង្ហាញខ្លួននៅខេត្តរតនគិរី និងមណ្ឌលគិរី ក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ និងខេត្តព្រះវិហារក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខណៈដែលទីតាំងទាំងនោះគឺជាកន្លែងដែលសត្វក្រៀលត្រូវផ្លាស់ទីដើម្បីពងកូន។
ចំពោះវត្តមានសត្វក្រៀលនៅទីតាំងទាំងនោះ បើប្រៀបធៀបជាមួយប្រទេសឡាវ និងវៀតណាម គឺកម្ពុជានៅមានចំនួនសត្វក្រៀលដែលនៅសេសសល់ច្រើនជាងគេ។
លោក ប៊ូ វរសក្ស បានបញ្ជាក់ថា៖ «ចំនួនដែលសេសសល់ច្រើនហ្នឹងគឺដោយសារយើងបានបង្កើតផែនការអភិរក្សរយៈពេល ១០ ឆ្នាំសម្រាប់សត្វក្រៀលដើម្បីដោះស្រាយបញ្ហាទូទៅកម្រិតទីតាំងនិងកម្រិតជាតិ ហើយយើងសង្ឃឹមថា តាមរយៈផែនការនេះនឹងធ្វើការដោះស្រាយបញ្ហាគំរាមកំហែងដល់សត្វក្រៀល»។
បើតាមលោក ប៊ូ វរសក្ស តាមលទ្ធផលជំរឿនចាប់ពីចុងឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ គឺរាប់បានសត្វក្រៀលចំនួន ១៨០ ក្បាល បើប្រៀបធៀបចាប់ពីចុងឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២ គឺរាប់សត្វក្រៀលបានចំនួន ១៥៦ ក្បាលប៉ុណ្ណោះ។ ទោះបីចំនួនទាំងនេះមានការកើនឡើងតិចក្ដី ប៉ុន្តែលទ្ធផលជំរឿនចុងឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៣ វាជាព័ត៌មានដែលសប្បាយរីករាយសម្រាប់ក្រុមអ្នកអភិរក្ស ខណៈជំរឿនសត្វក្រៀលចុងឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៤ កំពុងចាប់ផ្ដើមរាប់ជាបណ្ដើរៗហើយ។
លោកបានថ្លែងថា៖ «វត្តមានសត្វក្រៀលគឺមានសារៈសំខាន់ជួយដល់ប្រព័ន្ធអេកូឡូស៊ី និងជួយទាក់ទាញទេសចរមកពីប្រទេសនានាចូលកម្ពុជាដើម្បីទស្សនា និងជាផ្នែកមួយលើកស្ទួយកម្រិតជីវភាពសម្រាប់សហគមន៍មូលដ្ឋានផងដែរ»។
លោក ប៊ូ វរសក្ស បានបន្ថែមទៀតថា វាជាទីមោទនភាពដែលប្រទេសកម្ពុជានៅសេសសល់វត្តមានសត្វក្រៀលច្រើនជាងប្រទេសជិតខាង តែបើមិនមានការអភិរក្សសត្វក្រៀលទេ ចំនួនសត្វនេះវានឹងមានការថយចុះ ដូច្នេះហើយសូមចូលរួមក្នុងកិច្ចការងារអភិរក្សសត្វនេះទាំងអស់គ្នា ដោយគ្រាន់តែកុំជាវទំនិញ ឬផលិតផលដែលផលិតចេញពីសត្វព្រៃ។
យោងតាមអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា សត្វក្រៀលមិនអាចទំនៅលើដើមឈើបានទេ ពេលដែលពួកវាដេកគឺដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។
អង្គការ WCS បានបន្តថា តាមរយៈរូបចម្លាក់សត្វក្រៀល លើថ្មជញ្ជាំងប្រាសាទនានាដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារគឺបានបង្ហាញយ៉ាងច្បាស់ពីវត្តមានសត្វក្រៀលនេះរស់នៅ និងបន្តពូជនៅលើទឹកដីប្រទេសកម្ពុជាតាំងពីយូរលង់់មកហើយ។
ប្រភពដដែលបានបញ្ជាក់ថា៖ «សព្វថ្ងៃនេះប្រទេសកម្ពុជា គឺជាទីជម្រកចុងក្រោយដ៏សំខាន់បំផុតសម្រាប់សត្វក្រៀល។យ៉ាងណាមិញ វត្តមានរបស់ពួកវាក៏អាចទាក់ទាញភ្ញៀវទេសចរមកពីប្រទេសនានាចូលកម្ពុជាដើម្បីទស្សនា និងជាផ្នែកមួយក្នុងការជួយលើកស្ទួយកម្រិតជីវភាពសម្រាប់សហគមន៍មូលដ្ឋានផងដែរ»៕