កំពង់ចាមៈ រូបស្មូនជាសត្វនាគ រូបកិន្នរ និងរូបយក្ស បើទោះជាមិនមានចលនាក្តី ប៉ុន្តែរូបស្មូននីមួយៗដែលកើតចេញពីស្នាព្រះហស្តរបស់ព្រះសង្ឃ ១ អង្គ ព្រះនាម ឆន រ៉ាវុទ្ធ ជាគ្រូសូត្រស្តាំគង់នៅវត្តជយោ ស្ថិតក្នុងភូមិជយោ ឃុំជយោ ស្រុកចម្ការលើខេត្តកំពង់ចាមហាក់បីដូចជាមានសភាពរស់រវើក ហើយក៏មានទម្រង់ទៅតាមរចនាប័ទ្មខ្មែរដែលកើតចេញពីការមាននិស្ស័យផងដែរ។
ថ្វីដ្បិតតែបានបញ្ចប់បរិញ្ញាបត្ររងលើជំនាញសំណង់ស៊ីវិលយ៉ាងណាក្តី តែដោយសារមាននិស្ស័យនឹងការគូរឆ្លាក់រូបតាំងពីធំដឹងក្តីមកនោះ ព្រះសង្ឃ ឆនរ៉ាវុទ្ធ បានទុកបរិញ្ញាបត្ររងចោលសិនហើយបានចាប់យកការងារស្មូនរូបនេះជំនួសទៅវិញ។
ជុំវិញដំណើរដើមទងមុនពេលចាប់យកការងារស្មូនរូបនេះ ព្រះអង្គ ឆនរ៉ាវុទ្ធ បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា ព្រះអង្គជាគ្រូសូត្រស្តាំគង់នៅវត្តជយោស្ថិត ក្នុងភូមិជយោ ឃុំជយោ ស្រុកចម្ការលើ ខេត្តកំពង់ចាម។
បើទោះបីព្រះអង្គជាកូនឪពុកម្តាយជាកសិករនិងគ្មានឈាមជ័រជាអ្នកគូររូបក្តី តែចាប់ពីចម្រើនវ័យធំដឹងក្តីកាលណាមក ព្រះអង្គតែងស្រឡាញ់សិល្បៈគំនូរចម្លាក់។ ដោយសារមានទំនោរចិត្ដដិតដាមលើជំនាញនេះខ្លាំងពេក សូម្បីតែពេលទៅណាមកណា បើព្រះអង្គឃើញរូបគំនូរសិល្បៈបែបវប្បធម៌ខ្មែរគឺព្រះអង្គតែងឈរសម្លឹងទៅរូបគំនូរនោះដោយមិនដាក់ព្រះនេត្រឡើយ។
ព្រះអង្គបានរំឭកថា កាលពីអាយុទើបតែបាន ១៦ ឆ្នាំ ដោយសារសាលារៀននៅឆ្ងាយពីភូមិ ព្រះអង្គត្រូវបានឪពុក-ម្តាយយកទៅផ្ញើព្រះសង្ឃ និងបានបួសរៀននៅវត្តជយោ និងបានរៀនរហូតចប់ថ្នាក់ទី ១២ នៅក្នុងឆ្នាំ ២០១៧។ បន្ទាប់មក ព្រះអង្គបានមកបន្តការសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈក្នុងរាជធានីភ្នំពេញផ្នែកសំណង់ស៊ីវិលអស់រយៈពេល ២ ឆ្នាំ និងបញ្ចប់ថ្នាក់បរិញ្ញាបត្ររងនៅឆ្នាំ ២០១៩។
ក្រោយពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្ររងមក ព្រះអង្គក៏បានស្គាល់ព្រះសង្ឃ ១ អង្គ ព្រះនាម ស៊ីម ចាន់ដារ៉ា ដែលមានស្រុកកំណើតជាមួយគ្នា តែព្រះសង្ឃ[ស៊ីម ចាន់ដារ៉ា] បានគង់នៅវត្ត ១ ក្នុងខេត្តឧត្តរមានជ័យ។
លុះក្រោយមកទៀត ព្រះអង្គបាននិមន្តទៅកាន់ខេត្តឧត្តរមានជ័យដើម្បីរៀនក្បួនចម្លាក់ពីព្រះសង្ឃ ស៊ីម ចាន់ដារ៉ា អស់រយៈពេល ៣ ខែទើបនិមន្តត្រឡប់មកវត្តជយោវិញនៅក្នុងឆ្នាំ ២០២០។
ព្រះអង្គបានបញ្ជាក់ថា៖ «អាត្មាអត់បានរៀនក្នុងសាលាវិចិត្រសិល្បៈអីទេ អាត្មារៀនជាមួយសង្ឃដែរ។ លោកឆ្លៀតបង្រៀនយើង ផ្តល់ចំណេះដឹងឱ្យយើងលោកណែនាំប្រាប់ពីក្បូរក្បាច់ដោយយករូបភាពពិតមកបង្ហាញ»។
បើតាមព្រះអង្គ ឆន រ៉ាវុទ្ធ នៅក្នុងឆ្នាំ ២០២០ ដែលកំពុងមានការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំងនិងមិនអាចចេញទៅណាមកណាបាន ព្រះអង្គក៏បានចាប់ផ្តើមការងារចម្លាក់តាមបែបទម្រង់សិល្បៈខ្មែរក្នុងនោះមានគូរឆ្លាក់រូបផ្សេងៗរហូតមក។ បច្ចុប្បន្នព្រះអង្គបានសូនរូបទេព្ដាក្នុងសាច់រឿងកូរសមុទ្រទឹកដោះនិងរូបនាគបានរួចរាល់ ហើយក៏កំពុងសូនរូបព្រះពុទ្ធបដិមា ១ ព្រះអង្គទៀតផងដែរ។
ព្រះអង្គបានមានថេរដីកាថា៖ «ការសូនរូបនេះធ្វើទៅតាមទំហំខ្នាតត្រឹមត្រូវមិនមែនចេះតែមើលម៉ាសមៗហើយធ្វើនោះទេ។ក្រោយពីយើងធ្វើតាមខ្នាតរួចហើយទើបយើងមើលរូបសមឬមិនសមទៅតាមក្រោយវិញ ហើយបើឃើញថានៅឆ្គងក៏កែទៅ ព្រោះព្រះរូបសូនអាចកែបាន»។
ព្រះអង្គបានបន្ថែមថា ចំពោះវត្ថុធាតុដើមដែលព្រះអង្គយកមកសូនរូបនេះជាប្រភេទដីជាវមកពីខេត្តកំពង់ឆ្នាំង ហើយមូលហេតុដែលព្រះអង្គយកដីពីខេត្តកំពង់ឆ្នាំង ដោយសារជាដីដែលគេសូនក្អមឆ្នាំងក្នុងខេត្ដនោះវាស្វិតល្អ ហើយម៉ដ្ឋគ្មានក្រួស ពីព្រោះថា ការសូនរូបបើដីនោះមានលាយ្រកួសអាចមានផលលំបាកនៅពេលសូនរូបហើយប៉ះក្រួស។
ចំពោះតម្លៃវិញគឺក្នុងដី ១ ការុងទម្ងន់ ៥០ គីឡូក្រាមថ្លៃ ១០ ម៉ឺនរៀល ដែលក្នុងរូប ១ ត្រូវប្រើដីអស់ ២០០ គីឡូក្រាម ហើយលុយដែលយកទៅជាវនោះ គឺបានមកពីព្រះចៅអធិការវត្តចេញឱ្យទាំងអស់។
ព្រះអង្គ រ៉ាវុទ្ធ បានបញ្ជាក់ទៀតថា សម្រាប់រូបនីមួយៗគឺសូនដោយដៃផ្ទាល់បន្ទាប់មកចម្លងធ្វើជាពុម្ព តែមានរូបខ្លះទៀតបើជាស៊ីម៉ងត៍ គឺសូនដោយដៃតែម្តង។ ក្នុងការងារសិល្បៈនេះត្រូវប្រើអារម្មណ៍ស្រមើស្រមៃរួមបញ្ចូលគ្នានឹងការព្យាយាមមើលរូបសិល្បៈមួយណាដែលយើងកំពុងធ្វើ។ ជាទូទៅរូបដែលព្រះអង្គស្មូន គឺយកទម្រង់តាមចម្លាក់នៅប្រាសាទ ព្រោះធ្វើយ៉ាងណាឱ្យដូចនឹងទម្រង់ចម្លាក់ដើមដែរ។ ក្នុងរូបនីមួយៗព្រះអង្គត្រូវប្រើពេល ១ ខែទៅ ១ ខែកន្លះ ព្រោះព្យាយាមធ្វើម៉េចឱ្យរូបនោះដូចទៅនឹងទម្រង់រូបដើម តែក៏មិនបានដូច ១០០ ភាគរយដែរ។
ព្រះអង្គបានបន្ថែមថា៖ «រូបសូនវាខុសពីរូបស្រមើស្រមៃ ព្រោះរូបស្រមើស្រមៃបើយើងគិតថាម៉េច គឺយើងធ្វើទៅតាមគំនិតនោះ។ តែបើរូបយើងយកតាមរចនាប័ទ្មវិញគឺយើងមើលឱ្យសព្វជ្រុងនៃរូបដើមទើបធ្វើទៅតាមទម្រង់រូបនោះ»។
បើតាមព្រះគ្រូសូត្រស្តាំ បច្ចុប្បន្នព្រះអង្គក៏ជាគ្រូបង្រៀននៅសាលាពុទ្ធិកបឋមសិក្សាកម្រងឃុំស្ពឺ (វត្តយោ) ផ្នែកភាសាបាលីផងដែរ ហើយព្រះអង្គក៏កំពុងរៀបចំឯកសារមានដូចជាសៀវភៅក្បួនចម្លាក់ផ្សេងដែលមន្ទីរវប្បធម៌និងវិចិត្រសិល្បៈផ្តល់ជូនទុកបង្រៀនដល់យុវជនដែលចង់រៀនបន្តទៀតដែរ។
ទាក់ទិននឹងការសូនរូបនេះ លោក រ៉ាត់ ទីសាក់ អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាមប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ករណីព្រះគ្រូសូត្រស្តាំគង់នៅវត្តជយោ គឺលោកបានចុះទៅពិនិត្យមើលដល់ទីតាំងវត្ត ហើយបានសង្កេតឃើញថា រាល់រូបសូនរបស់ព្រះអង្គគឺធ្វើទៅតាមទម្រង់បែបសិល្បៈខ្មែរត្រឹមត្រូវនិងមានក្បូរក្បាច់ស្អាតល្អ។
ជំនាញនេះខាងមន្ទីរមើលឃើញថា ព្រះអង្គជាធនធានមួយដែលអាចទ្រទ្រង់បន្តជំនាញចម្លាក់ស្មូនបានទើបខាងមន្ទីរវប្បធម៌ខេត្តកំពង់ចាមបានយកសៀវភៅចំនួន ៧ ក្បាល ដែលបង្ហាញពីក្បូរក្បាច់ចម្លាក់បែបសិល្បៈខ្មែរដើម្បីប្រគេនព្រះអង្គទុកធ្វើជាឯកសារសម្រាប់បង្រៀនដល់យុវជនក្រោយៗទៀត។
លោកបានថ្លែងថា៖ «ខ្ញុំពិនិត្យឃើញថាដូចជាក្បាច់ផ្កាច័ន និងក្បាច់វល្លិភ្ញីភ្លើងអីហ្នឹង គឺលោកធ្វើបានត្រឹមត្រូវ។ក្រៅពីនេះលោកចេះធ្វើពុម្ពជ័របានទៀតដែលពុម្ពនេះយើងបកមកវាអត់ខូចក្បាច់ទេ ហើយវាបានជ្រៅទៀត។ តែបើពុម្ពស្មាច់វិញកាលណាយើងចាក់រូបវារាក់អត់បានជ្រៅទេ ហើយបើកាលណាយើងគាស់ទៅបើក្បាច់ណាជ្រៅគឺវាត្រូវតែបាក់ នៅពេលឃើញលោកចេះបែបនេះខ្ញុំសប្បាយចិត្ត»។
លោកបញ្ជាក់ថា កិច្ចការនេះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាមគាំទ្រដោយជំរុញ និងលើកទឹកចិត្តឱ្យព្រះអង្គបន្តកិច្ចការនេះតទៅទៀត ពីព្រោះកាលណាមានបងប្អូនប្រជាពលរដ្ឋដែលធ្វើអ្វីមួយទាក់ទងនឹងសិល្បៈតាមតំបន់នីមួយៗ គឺខាងមន្ទីរវប្បធម៌ខេត្ត តែងតែលើកស្ទួយតម្លៃនៃសិល្បៈទាំងអស់ ហើយតែងតែមានការបោះពុម្ពជាសៀវភៅជូនដល់គាត់ដើម្បីឱ្យគាត់មើលពីទម្រង់នីមួយៗឱ្យបានកាន់តែច្បាស់ថែមទៀត៕