ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ លោក ហែម វណ្ណឌី នាថ្ងៃអង្គារ ទី ៩ ខែមករា បានដឹកនាំថ្នាក់ដឹកនាំក្រសួងទៅកាន់វិមានរដ្ឋសភា ដើម្បីរាយការណ៍ជូនគណៈកម្មការទី៩ នៃរដ្ឋសភា ដែលដឹកនាំដោយលោកស្រីនិន សាផុន។
នៅក្នុងការរាយការណ៍ជូននោះ លោករដ្ឋមន្ត្រីបានផ្តល់នូវទិដ្ឋភាពទូទៅនៃអាណត្តិកិច្ចរបស់ក្រសួង អភិក្រម នៃការអនុវត្តបេសកកម្មរបៀបវារៈជាអាទិភាព ព្រមទាំងស្ថានភាពរួមបញ្ហាប្រឈម និងកាលានុវត្តភាពនៅក្នុងវិស័យនានា ក្រោមអាណត្តិកិច្ចរបស់ក្រសួង។ នេះបើយោងតាមក្រសួងឧស្សាហកម្មនៅថ្ងៃទី១០ខែមករា។
អាណត្តិកិច្ចចំនួន១០ ដែលត្រូវបានរាយការណ៍ជូនគណៈកម្មការទី៩ រួមមាន វិស៏យឧស្សាហកម្ម, វិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, ការងារកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព(តាមរយៈសហគ្រិនខ្មែរ), ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ, វិស័យទឹកស្អាត, ការងារវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ការងារវាយតម្លៃទទួលស្គាល់, ការងារមាត្រាសាស្ត្រ, ការងារស្តង់ដារូបនីយកម្ម បទប្បញ្ញត្តិបច្ចេកទេស និងការវាយតម្លៃភាពអនុលោម។
ក្រសួងបានបញ្ជាក់ថា៖«ការរាយការណ៍ផ្ទាល់មុខជូនរដ្ឋសភានេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងចំពោះអាណត្តិកិច្ចទាំងអស់របស់ខ្លួន និងការយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាប្រឈមនិងប្រើប្រាស់កាលានុវត្តភាពនៅក្នុងវិស័យទាំងនេះ។ នេះក៏ជាវេទិកាដ៏សំខាន់មួយសម្រាប់ការទំនាក់ទំនងប្រកបដោយតម្លាភាពនិងកិច្ចសហការរវាងក្រសួងនិងអង្គនីតិប្បញ្ញត្តិ»។
គណៈកម្មការទី៩ គឺជាគណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និង សំណង់៕