ភ្នំពេញៈ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី៨ ខែមករា បានធ្វើលិខិតផ្ញើទៅកាន់អង្គភាពប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ត្រូវលុបបំបាត់រាល់ភាពអសកម្មដែលអូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់។
លិខិតនោះបានឱ្យដឹងថា៖ «ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬអូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងពាក្យស្លោកដែលមានចរិតលើកទឹកចិត្តហួសហេតុពេក»។
នៅក្នុងលិខិតនោះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា នឹងបញ្ឈប់ការផ្សាយពាណិជ្ជកម្ម ចំពោះម្ចាស់ផ្សព្វផ្សាយណាដែលល្មើសកិច្ចព្រមព្រៀងស្ដីពីក្រមប្រតិបត្តិសម្រាប់ការផ្សាយពាណិជ្ជកម្ម រវាងក្រសួងព័ត៌មាន ជាមួយសម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APIWSA) និងកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួងព័ត៌មាន៕