ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភ និងបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋឆែកដែលបានសម្រេចលុបបំណុលរបស់កម្ពុជាចោល ដោយបង្វែរបំណុលទៅជាជំនួយអភិវឌ្ឍន៍ និងបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការបន្ថែមជាបន្តបន្ទាប់។
ការវាយតម្លៃ និងថ្លែងអំណរគុណនេះធ្វើឡើងនាឱកាសលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោកMartin Vávraឯកអគ្គរដ្ឋទូតឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃ១០ ខែមករា ឆ្នាំ២០២៤។
យោងតាមលទ្ធផលស្តីពីជំនួបដែលត្រូវបានផ្សព្វផ្សាយតាមតេឡេក្រាមលោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ភាគីទាំង២ បានរំឭកឡើងពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងវែងឆ្ងាយរាប់ទសវត្សរ៍ រវាងសាធារណរដ្ឋឆែក និងកម្ពុជា ជាពិសេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក។
តាមរយៈជំនួបនេះលោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋឆែកដែលបានលុបចោលបំណុលរបស់កម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍ និងបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការថ្មីៗរវាងប្រទេសទាំងពីរ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន, សន្តិសុខអ៊ីនធឺណិត និងកសិកម្ម។
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាលោក យង់ ពៅ ក្នុងនាមពលរដ្ឋកម្ពុជាសាទរចំពោះសាធារណរដ្ឋឆែកដែលបានលុបបំណុលកម្ពុជាដែលជំពាក់តាំងពីសម័យសង្គ្រាមត្រជាក់ ហើយបានបង្វែរទៅជាជំនួយលើវិស័យអភិវឌ្ឍន៍នានា។
លោកបន្តថាការបង្វែរបំណុលទៅជាជំនួយអភិវឌ្ឍន៍នេះគឺបានឆ្លើយតបទៅនឹងស្ថានភាពកម្ពុជាបច្ចុប្បន្ន ជាពិសេសក្នុងស្ថានភាពពិភពលោកកំពុងតែត្រូវការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា សន្តិសុខ និងកសិកម្មជាដើម។
លោកបានប្រាប់ឱ្យដឹងថា៖«ការបង្វែរបំណុលទៅជាជំនួយបានឆ្លើយតបចំបញ្ហា ចំទិសដៅនិងមានប្រសិទ្ធភាពដែលសាធារណរដ្ឋឆែកគឺជាដៃគូទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្នាតាំងពីទសវត្សរ៍ ១៩៨០មក»។
បើនិយាយពីកិច្ចសហប្រតិបត្តិការទំនាក់ទំនងទ្វេភាគី គឺជាទំនាក់ទំនងតពីសម័យសង្គ្រាមត្រជាក់ ដែលសាធារណរដ្ឋឆែក គឺជាមិត្តរបស់កម្ពុជា ដែលក្នុងខណៈនោះកម្ពុជាត្រូវបានគេរើសអើងនយោបាយ និងហ៊ុមព័ទ្ធសេដ្ឋកិច្ច ប៉ុន្តែសាធារណរដ្ឋឆែកបានជួយទំនុកបម្រុងកម្ពុជាក្នុងការផ្តល់ជាកម្ចីទាំងមនុស្សធម៌ និងអភិវឌ្ឍន៍។
សាធារណរដ្ឋឆែកគឺជាដៃគូជ្រោមជ្រែងកម្ពុជាក្នុងគ្រាដែលលំបាក ហើយបានបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នារហូតមកដល់សម័យកាលរីកចម្រើននេះ។ នេះជាការថ្លែងបន្ថែមរបស់លោក យង់ ពៅ។
សូមជម្រាបផងដែរថា រដ្ឋាភិបាលឆែក បានលុបចោលចំនួនប្រមាណ៨០ភាគរយនៃបំណុលរបស់កម្ពុជាហើយចំនួនដែលនៅសេសសល់ត្រូវបានរដ្ឋាភិបាលឆែកប្រែក្លាយជាជំនួយអភិវឌ្ឍន៍លើវិស័យផ្សេងៗនៅកម្ពុជាវិញ។
ពាក់ព័ន្ធជំនួយលើវិស័យកសិកម្មនេះដែរ នៅក្នុងជំនួបទ្វេភាគីរវាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក Martin V’avraឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០២៣ ភាគីទាំង២បានសាទរចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ កន្លងមក។
នៅក្នុងជំនួបនោះលោក ឌិត ទីណា បានបង្ហាញនូវជំហរនិងស្មារតីបន្តកិច្ចសហប្រតិបត្តិការ និងវិនិយោគជាមួយឆែក ពាក់ព័ន្ធនឹងការកសាងធនធានមនុស្សក្នុងវិស័យកសិកម្ម ក៏ដូចជាសក្តានុពលក្នុងវិនិយោគផ្សេងៗទៀតលើវិស័យជលផលផងដែរ៕