ភ្នំពេញៈ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ សើ​ស្បែក និង​កាមរោ​គ បាន​ច្រាន​ចោល ​និង​បដិសេធ​ទាំង​ស្រុង​ចំពោះ​ការ​ផ្ស​ព្វផ្សាយ​ថា​មាន​ឱសថ​ព្យា​បាល​មេរោគ​អេដស៍​ឱ្យ​ជា​សះស្បើ​យ ហើយបានចាត់ទុកព័ត៌​មាន​នោះថាមិន​ពិត​ព្រោះ​ជំងឺ​អេដស៍មាន​តែ​ឱសថ​លេប​សម្រាប់​ប្រឆាំង​នឹង​មេរោគ មិន​មាន​ឱសថ​ព្យាបា​ល​ឱ្យ​ជាឡើយ​។​

​លោក ​ង៉ូ​វ បូរ៉ា អនុ​ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ សើ​ស្បែក និង​កាមរោ​គ បាន​ប្រាប់​នៅ​ថ្ងៃទី​១០ ​ខែមករា​ថា ដោយ​សារ​កា​រព្យា​បាល​ជំងឺ​អេដស៍​ គឺជា​ការព្យា​បាល​តាម​ល​ក្ខ​ណៈ​វិទ្យា​សាស្ត្រ ​ដូច្នេះ​ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​របស់​គណនី​ឈ្មោះ «​ព្យា​បាល​រោគ​អេដស៍​» នេះ​ វា​មិន​មែន​ជា​ការ​ព្យា​បាល​តាម​លក្ខណៈ​វិទ្យា​សាស្ត្រ​នោះ​ទេ​។​

​លោក​បាន​បន្ត​ថា ​ឱសថ​ដែល​បាន​ផ្សព្វ​ផ្សាយ​នេះ វា​មិន​មែន​ជា​ឱសថ​ដែល​ល្អ​ក្នុង​ការ​ព្យា​បាល​មេរោគ​អេដស៍​ជា​នោះ​ឡើយ​ ព្រោះ​មេរោគ​នេះ​មិន​មាន​ឱសថ​ណា​អាច​ព្យា​បាល​ឱ្យ​ជាសះ​ស្បើយ​ទេ​គឺមាន​តែ​ឱសថ​ប្រើ​ប្រាស់​សម្រាប់​ប្រឆាំង​នឹង​មេរោគ​អេដស៍​ប៉ុណ្ណោះ​។​

​លោក​បាន​ថ្លែង​ថា​ សព្វ​ថ្ងៃនេះ ​មជ្ឈ​មណ្ឌល​លោក​បាន​រក​ឃើញ​ការ​ផ្សព្វ​ផ្សាយ​បែបនេះ​ប្រ​ហែល​ជា២​ករណី​ប៉ុណ្ណោះ​ដែល​ការ​រក​ឃើញ​ទាំង​នោះ ​ភាគី​ពាក់ព័​ន្ធ​កំពុង​ពិភាក្សា​គ្នា​ដើម្បី​ចាត់​វិធាន​ការ​យ៉ាង​ណា​កុំឱ្យ​មាន​ការ​ផ្សព្វ​ផ្សាយ​ជា​បន្ត​ទៀត​។ 

​ជា​មួយ​គ្នា​នេះ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ក៏​កំពុង​ខិតខំ​ខ្លាំង​ណាស់​ទៅលើ​​ការព្យា​បាល​ដល់​អ្នក​ផ្ទុក​ជំងឺ​អេដស៍ ​ដោយ​ការ​អប់រំ​ និង​ផ្ដល់​ថ្នាំ​បង្ការ​ជូន​អ្នកជំ​ងឺ​លេប​ជា​រៀង​រាល់​ថ្ងៃ ខ​ណៈដែល​មាន​ការ​ផ្សព្វ​ផ្សាយ​ក្នុង​បណ្ដាញ​សង្គម​បែប​នេះ ​វា​ធ្វើ​ឱ្យ​អ្នក​ផ្ទុក​ជំងឺ​មិន​ចង់​លេប​ថ្នាំ​បង្ការ​រា​ល់ថ្ងៃនេះ​ ក៏ដូចជា​​ធ្វើឱ្យ​អ្នក​ជំងឺ​ចង់​ទៅ​ទិញ​យក​មក​ប្រើប្រា​ស់​ជាដើម​។​

​លោក​ង៉ូ​វ បូរ៉ា បាន​ថ្លែង​ថា​៖ «​ដល់ពេ​ល​ដែល​គាត់​ប្រកាស​អ៊ីចឹង​ វា​ធ្វើឱ្យ​មាន​ការភាន់​ច្រឡំ​ ព្រោះ​អី​ការព្យា​បាល​អ្នក​មាន​មេរោគ​អេដស៍​ហ្នឹង គឺ​មិន​អាច​ព្យា​បាល​ជា​ទេ ​ប៉ុន្តែ​យើង​ព្យា​បាល​ដោយ​ឱ្យ​គាត់​មាន​សុខ​ភាព​ល្អ ​កុំឱ្យ​មេរោគ​ហ្នឹង​វា​កើត​ឡើង​វិញ​។ ដូច្នេះ​គាត់​ត្រូវ​លេបថ្នាំ​បង្ការ​នៅជាប់​ខ្លួន​រហូត ​ហើយ​បើកាល​ណា​​អស់​ថ្នាំ​មេរោគ​ហ្នឹង​គឺ​វា​ឡើ​ង​មក​វិញ​»​។​

​បើ​តាម​លោក ​ង៉ូ​វ បូរ៉ា មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​បាន​និងកំពុង​​ពន្យល់ ​និង​ផ្សព្វ​ផ្សាយ​ទៅ​កាន់​អ្នក​ជំងឺ​ និង​ក្រុមគ្រួ​សារ​អ្នក​ជំងឺ​ឱ្យ​យល់​ពី​សេវា​ព្យាបា​ល ​ការប្រើ​ប្រាស់​ថ្នាំ​បង្កា​រ ជាពិ​សេស​គឺ​កុំឱ្យ​អ្នកជំ​ងឺ​ទៅ​ទិញ​ថ្នាំ​ណា​ផ្សេង​ប្រើ​ប្រាស់ ក្រៅពី​មជ្ឈម​ណ្ឌល​ផ្ដល់ឱ្យ​​។ 

​លោក​បា​ន​ប្រាប់​ថា​៖ «​រាល់​ថ្ងៃ​យើង​ព្យាបា​ល​គាត់​អត់​អស់​លុយ​ទេ ដល់​គាត់​ទៅ​ទិញ​ថ្នាំ​ដែល​មិន​មាន​ប្រសិទ្ធ​ភាព​មក​ប្រើប្រា​ស់ វា​ធ្វើ​ឱ្យ​គាត់​ក្រ​ហើយ​ មេរោគ​អេដស៍​ក្នុង​ខ្លួន​គាត់​ក៏​កាន់​តែ​កើន​ឡើង​វិញ​»​។​

​លោក​ ង៉ូ​វ បូរ៉ា បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០២៣ ​កន្ល​ងមក​​ អ្នក​ផ្ទុក​ជំងឺអេ​ដស៍​ដែល​​ឆ្លង​ថ្មី​មាន​ចំនួន​ ១ ៤០០​នាក់​ បើ​គិត​សរុប​មក​ទល់ពេ​ល​នេះ អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​កម្ពុ​ជាមា​ន​ចំនួន​ ៧៦ ០០០​នាក់ ​ក្នុងនោះ​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដ​ស៍ បាន​ផ្តល់​ថ្នាំ​ដល់​អ្នក​ជំងឺ​អេដស៍​ចំនួន ​៦៧ ​០៨០​នាក់​។ 

​ចំនួន​អ្នក​ជំងឺ​ជាង៦​ម៉ឺន​នាក់​នេះ កំ​ពុង​ទទួល​ការ​ព្យាបា​ល​ជា​រៀង​រាល់​ថ្ងៃ រាល់​ខែ និង​រាល់​ឆ្នាំ តែ​ដោយ​ឡែក ក៏មាន​​អ្នក​ផ្ទុក​ជំ​ងឺអេដស៍​ផ្សេង​ទៀត បាន​គេច​វេះ​មិន​ទទួល​ការ​ព្យាបា​ល និង​មិន​ព្រម​មក​ធ្វើតេ​ស្ត​ឈាម​ដើម្បី​ស្វែង​រក​ជំងឺ​អេដ​ស៍​ទេ​។​

​សូម​បញ្ជាក់​ថា កាល​ពីពេល​ថ្មីៗ​នេះ គេ​ហ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា​ «​ព្យា​បាល​រោគ​អេដស៍​» បាន​ផ្សព្វ​ផ្សាយ​​ថា​ខ្លួន​ពិតជា​​មាន​ឱសថ​ព្យាបា​ល​ជំងឺ​អេ​ដស៍​ឱ្យ​ជាសះស្បើ​យ​ពិ​តប្រាកដ​មែន ​ហើយ​ប្រភេទ​ឱសថ​នោះ​ឈ្មោះ​ថា «LIV»ដែល​អ្នក​ជំងឺ​អេដស៍​ទ​ទួល​ទានធ្វើ​ឱ្យ​បង្កើន​អង់​ទីករ​ និង​សម្លាប់​មេរោគ​ក្នុង​គ្រាប់​ឈាម​អស់ពី​​ក្នុង​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​៕