សៀមរាបៈកម្មវិធីប្រកួតសរសេរតាមអានអក្សរខ្មែរជាសាធារណៈលើកទី១ ក្រោមចំណងជើងថា «សំណេរអង្គរ» មានអ្នកចុះឈ្មោះចូលរួមការប្រកួតជាង ៨០០ នាក់ហើយ ដើម្បីត្រៀមចូលរួមប្រកួតជាផ្លូវការនៅចុងខែមករា ខាងមុខ ខណៈដែលកម្មវិធីនេះ រៀបចំឡើងដើម្បីលើកស្ទួយតម្លៃនៃភាសាជាតិ។
លោក លីម ប៊ុនហុក អគ្គលេខាធិការរងរដ្ឋសភា បានប្រាប់នៅថ្ងៃទី៩ ខែមករាថា ក្រោយពីការបិទបញ្ចប់ការចុះឈ្មោះកាលពីថ្ងៃទី៧ ខែមករាថ្មីៗនេះ ចំនួនអ្នកចុះឈ្មោះចូលរួមប្រកួតសរសេរតាមអានអក្សរខ្មែរជាលើកទី១សរុបមានចំនួន ៨១៥ នាក់ ដែលកំពុងតែត្រៀមចូលរួមការប្រកួតជាផ្លូវការនៅចុងខែមករាខាងមុខ។
លោកបានបន្តថា មកទល់ពេលនេះ ក្រុមការងារត្រៀមរៀបចំកម្មវិធីសំណេរអង្គរ គឺបានត្រៀមកិច្ចការមួយចំនួនរួចរាល់ហើយ ប៉ុន្តែនៅមានការងារមួយចំនួនទៀតដែលមិនទាន់រួចរាល់ ដោយសារកំពុងខ្វះខាតថវិកា សម្រាប់ការបោះអាវឱ្យបេក្ខជនពាក់បានគ្រប់ៗគ្នាក្នុងថ្ងៃចូលរួមប្រកួត ក៏ដូចជាខ្វះខាតថវិកាឧបត្ថម្ភដល់គ្រូកំណែផងដែរ។
លោកបានបញ្ជាក់ថា៖ «យើងរំពឹងទុកពីព្រឹត្តិការណ៍ហ្នឹងដោយសង្ឃឹមថា កម្មវិធីលើកទី១នេះ នឹងបង្កើតបានជាចលនាជាតិមួយឱ្យមហាជនយល់ពីសារៈសំខាន់នៃការសរសេរភាសាខ្មែរឱ្យបានត្រឹមត្រូវ និងលើកស្ទួយតម្លៃភាសាជាតិយើង»។
លោក លីម ប៊ុនហុក បានបន្តទៀតថា ទោះបីកម្មវិធីនេះបានរៀបចំជាលើកដំបូងមែន ប៉ុន្តែតាមការកត់សម្គាល់ឃើញមានការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ដែលបានមកចូលរួមចុះឈ្មោះត្រៀមប្រកួតនេះ។ ចំពោះកម្មវិធីសរសេរតាមអាននេះ គណៈមេប្រយោគ នឹងជ្រើសរើសយកប្រធានបទដែលមានអត្ថន័យភ្ជាប់ទៅនឹងជីវិតរមណីយដ្ឋានអង្គរ។
លោកបានបន្តថា ចំពោះអ្នកចូលរួមប្រកួត ដែលទទួលបានជយលាភីក្ដី ឬអ្នកមិនទទួលបានជយលាភីក្ដី វាមិនសំខាន់ទេ ប៉ុន្តែអ្វីដែលសំខាន់នោះអ្នកចូលរួមប្រកួតទាំងអស់នឹងទទួលបានចំណេះដឹងទូទៅជុំវិញប្រវត្តិនៃរមណីយដ្ឋានអង្គរ ដែលមានអាយុកាលជាង ១ ពាន់ឆ្នាំមកហើយ ក៏ដូចជាបានយល់ដឹងបន្ថែមពីគុណតម្លៃអក្សរសាស្ត្រខ្មែរ និងការកែតម្រូវផ្នែកអក្ខរាវិរុទ្ធក្នុងការសរសេរអក្សរខ្មែរផងដែរ។
ដោយឡែកលោក យង់ ពៅ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា វាជាលើកដំបូងដែលកម្ពុជាបានរៀបចំកម្មវិធីប្រកួតបែបនេះឡើង ដូច្នេះប្រសិនបើបានធ្វើហើយ គួរតែអនុវត្តធ្វើវាឱ្យមាននិរន្តរភាព ជាពិសេសត្រូវពិនិត្យមើលទៅលើកម្មវិធីមធ្យមសិក្សាថា មានបញ្ចូលការសរសេរតាមអានអក្សរសាស្ដ្រខ្មែរ អក្សរផ្ចង់ ឬក៏កម្មវិធីដែលធ្វើឱ្យក្មេង និងយុវជនចូលចិត្តអាន ចូលចិត្តសរសេរអក្សរខ្មែរផងដែរ។
លោកបានបញ្ជាក់ថា៖ «អ្វីដែលសំខាន់ គឺយើងត្រូវឱ្យកម្មវិធីនេះមាននិរន្តរភាព ជាពិសេសត្រូវសង្កត់ធ្ងន់លើប្រព័ន្ធអប់រំមធ្យមសិក្សាដែរ ពីព្រោះនេះជាការដាស់ស្មារតីឱ្យយុវជនខ្មែរយើងមានការចងចាំក្នុងការប្រើប្រាស់អក្សរសាស្ដ្រខ្មែរយល់ពីតម្លៃនៃពាក្យពិតទាំងឡាយដែលបានយកទៅប្រើប្រាស់ហ្នឹង»។
លោកយង់ ពៅ បានបន្ថែមថា ហេតុនេះហើយការរៀបចំកម្មវិធីប្រកួតសរសេរតាមអានអក្សរខ្មែរនៅតំបន់ប្រវត្តិសាស្ត្របែបនេះ គឺវាពិតជាចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់កម្រិតអក្សរសាស្ត្រខ្មែរទៅកាន់ប្រជាពលរដ្ឋទូទៅ ជាពិសេសបណ្ដាសិស្សនិស្សិត។
សូមរំឭកផងដែរថា កម្មវិធីការប្រកួតសរសេរតាមអានជាសាធារណៈលើកទី១ ក្រោមចំណងជើងថា«សំណេរអង្គរ» នឹងត្រូវរៀបចំឡើងនៅស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្តចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់កម្រិតអក្សរសាស្ត្រខ្មែររបស់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសសិស្ស និស្សិត ក្នុងយុគសម័យឌីជីថលនេះ។
កម្មវិធីប្រកួតនេះដែរ ចំពោះអ្នកដែលទទួលបានជយលាភីពីលេខ១ ដល់លេខ៣ នឹងទទួលបានការស្នាក់នៅសណ្ឋាគារប្រណីត ថវិកា ក៏ដូចជារង្វាន់លើកទឹកចិត្ត និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ។
កម្មវិធីនេះបានទទួលការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អាជ្ញាធរជាតិអប្សរា, អង្គការស៊ីប៉ា និងសប្បុរសជនជាច្រើន ដែលស្រឡាញ់វិស័យអក្សរសាស្ត្រខ្មែរ៕