ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត គ្រោងជួបជុំអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានប្រចាំឆ្នាំ២០២៤ នៅដើមខែឧសភាខាងមុខ ពោលគឺនៅចំទិវាសេរីភាពសារព័ត៌មានសកល ដើម្បីថ្លែងសារនយោបាយ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថ្មីពាក់ព័ន្ធវិស័យសារព័ត៌មាន សិទ្ធិសេរីភាពបញ្ចេញមតិ និងការផ្តល់តម្លៃខ្ពស់លើវិស័យនេះ។
នាថ្ងៃទី៩ ខែមករា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមលក្ខណៈរៀបចំពិធីជួបប្រជុំរវាងនាយកមន្ត្រី ជាមួយនឹងអ្នកសារព័ត៌មានលើកទី៦ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ថា លោក ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ជាកម្មវិធីជួបជុំរវាងនាយករដ្ឋមន្ត្រីនិងអ្នកសារព័ត៌មានលើកទី៦ ប្រចាំឆ្នាំ២០២៤ ដែលជាការបន្តមរតកពីឪពុករបស់លោកដែលតែងមានកម្មវិធីជួបជុំអ្នកសារព័ត៌មានប្រចាំឆ្នាំក្នុងតំណែងជាប្រមុខរដ្ឋាភិបាល។
លោកបានបញ្ជាក់ថា កម្មវិធីជួបជុំនេះគ្រោងប្រព្រឹត្តទៅនៅចំទិវាសេរីភាពសារព័ត៌មានសកល នៅឯសាលពិព័រណ៍កោះពេជ្រដែលគ្រោងផ្តល់វត្តមានដល់អ្នកសារព័ត៌មានចន្លោះពី ៤ ពាន់ ទៅ ៥ ពាន់នាក់ ដោយសារទីកន្លែងមានកំណត់ ហើយមានរបៀបវារៈកម្មវិធីមិនខុសពីកម្មវិធីប្រព្រឹត្តទៅកាលពីបណ្តាឆ្នាំកន្លងទៅនោះឡើយ ខុសប្លែកត្រង់អតីតនាយករដ្ឋមន្ត្រីហ៊ុន សែន កំណត់កាលបរិច្ឆេទនៅថ្ងៃ១៤ ខែមករា ចំណែកលោកហ៊ុន ម៉ាណែត កំណត់យកថ្ងៃទី៣ ខែឧសភា។
លោក ផុស សុវណ្ណ បានថ្លែងថា៖ «ជំនួបនេះមានសារៈសំខាន់ណាស់ ដែលយើងមានលទ្ធភាពឱ្យអ្នកសារព័ត៌មានជួបផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី និងបណ្តាថ្នាក់ដឹកនាំ ហើយប្រមុខថ្នាក់ដឹកនាំថ្មីរបស់យើងនៅពេលជួបអ្នកសារព័ត៌មាន គាត់មានសារថ្លែងចំណាប់អារម្មណ៍នូវអ្វីដែលជាការប្តេជ្ញារក្សាសេរីភាពសារព័ត៌មាន សិទ្ធិបញ្ចេញមតិនៅកម្ពុជាយើងដែលនេះជាការយល់ឃើញរបស់ខ្ញុំ»។
ជាមួយគ្នានេះ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងដែរថា កម្មវិធីជួបជុំជាមួយអ្នកសារព័ត៌មាននេះ ជាគំនិតផ្តួចផ្តើមរបស់អតីតនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបង្កើតឱ្យមានទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំកំពូល ជាមួយអ្នកសារព័ត៌មាន ដែលឆ្លុះបញ្ចាំងពីការឱ្យតម្លៃខ្ពស់ដល់អ្នកសារព័ត៌មានពីរង្វង់ថ្នាក់ដឹកនាំ ដែលចំណាយពេល ១ ដង ក្នុង ១ ឆ្នាំ ដើម្បីជួបអ្នកសារព័ត៌មានក្នុងទ្រង់ទ្រាយធំ ហើយមិនមានប្រទេសច្រើនទេដែលរៀបចំកម្មវិធីបែបនេះ។
លោកបានប្រាប់ថា៖ «កន្លងមក ជំនួបនេះបានហុចផលដល់វិស័យសារព័ត៌មានផងដែរ។ ប្រទេសយើងតូច មានប្រជាជនជាង ១៧ លាននាក់ មានសារព័ត៌មានជាង ២ ពាន់អង្គភាពបានចុះបញ្ជី ហើយមានអ្នកសារព័ត៌មានអ្នកធ្វើការក្នុងវិស័យនេះរាប់ម៉ឺននាក់ ដែលជាលទ្ធផលបើកទូលាយដល់វិស័យសារព័ត៌មាន»។
លោក ប៉ែន បូណា បានបន្ថែមថា ជំនួបនេះបើកលទ្ធភាពឱ្យអ្នកសារព័ត៌មាននិងថ្នាក់ដឹកនាំរដ្ឋបង្កើនការស្វែងយល់ពីគ្នាកាន់តែច្បាស់ បានទំនាក់ទំនងគ្នាញឹកញាប់ មានការហូបអាហារសាមគ្គីដែលបង្កើនភាពស្និទ្ធស្នាលដល់គ្នា ជាចំណែកជំរុញវិស័យសារព័ត៌មានផងដែរ។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងគាំទ្រចំពោះការបន្តឱ្យមានកម្មវិធីជួបជុំរវាងនាយករដ្ឋមន្ត្រីនិងអ្នកសារព័ត៌មានប្រចាំឆ្នាំនេះ ដែលមានសារៈសំខាន់អាចឱ្យអ្នកសារព័ត៌មានដឹងពីគោលនយោបាយថ្មីរបស់ប្រមុខរដ្ឋាភិបាលថ្មីមានអ្វីប្រែប្រួល ឬរក្សាចំពោះវិស័យសារព័ត៌មាន ហើយជាការបង្ហាញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរដ្ឋមកលើអ្នកសារព័ត៌មាន។
លោកថា៖ «ពេលខ្លះ អ្នកសារព័ត៌មានធ្វើសេចក្តីរាយការណ៍យោងទៅតាមសេរីភាពរបស់ខ្លួន តាមច្បាប់ស្តីពីរបបសារព័ត៌មាន សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិជាដើម។ តែពេលខ្លះ ខាងរដ្ឋាភិបាលពិនិត្យឃើញការអនុវត្ត ឬការផ្សព្វផ្សាយសព្វថ្ងៃដើរហួសពីព្រំដែននៃច្បាប់របបសារព័ត៌មាន ឬបានបំពានទៅលើច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈ ដែលអ្នកសារព័ត៌មានត្រូវការការឆ្លើយតប ដើម្បីកែតម្រូវ»។
លោកបន្ថែមថា កម្មវិធីនេះជាពេលវេលា ដែលភាគីរដ្ឋាភិបាល អ្នកសារព័ត៌មាន និងផ្នែកពាក់ព័ន្ធជជែកគ្នា ផ្តល់យោបល់គ្នា ក្នុងគោលដៅលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានផង និងសេរីភាពសារព័ត៌មានផង។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ថ្លែងថា ជំនួបនេះមានសារៈសំខាន់ដែលបង្ហាញពីទំនាក់ទំនងរវាងរដ្ឋាភិបាលនិងអ្នកសារព័ត៌មាន ហើយក៏អាចវេទិកាថ្លែងសារទៅមកផងដែរ បើសិនប្រមុខរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកសារព័ត៌មានថ្លែង ឬលើកឡើងពីកិច្ចការងាររបស់ខ្លួន ការប្រឈមរបស់ខ្លួន ក្នុងវិស័យសារព័ត៌មានឱ្យថ្នាក់ដឹកនាំបានជ្រាប។
លោកបានបន្តថា៖ «បើសិនជាកម្មវិធីនេះ គ្រាន់តែជាកម្មវិធីហូបអាហារសាមគ្គីធម្មតា ស្តាប់ការថ្លែងសាររបស់នាយករដ្ឋមន្ត្រី ហើយអ្នកសារព័ត៌មាន និងសង្គមស៊ីវិល អង្គការសារព័ត៌មាន មិនបានថ្លែងលើកឡើង សំណូមពរ ទៅកាន់រដ្ឋាភិបាលនោះ ជំនួបនេះក៏មិនសូវមានប្រយោជន៍អ្វីច្រើនដែរ សម្រាប់វិស័យសារព័ត៌មាន»។
លោក ណុប វី បន្តថា បើសិនមានការអនុញ្ញាតឱ្យមានការថ្លែង ខាងខេមបូចារបស់លោកអាចនឹងសំណូមពរឱ្យមានវគ្គបណ្តុះបណ្តាលផ្នែកសារព័ត៌មានឱ្យកាន់តែច្រើន ឱ្យមានការចូលរួមកាន់តែច្រើនពីសមាគម អង្គការសង្គមស៊ីវិលក្នុងការលើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ឱ្យមានការផ្សព្វផ្សាយពីអក្ខរក្រមប្រព័ន្ធផ្សព្វផ្សាយ សុវត្ថិភាពឌីជីថល ទៅកាន់សាធារណជនកាន់តែច្រើន។
លោកបន្ថែមថា៖ «យើងចង់ទទូចដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ដើម្បីឱ្យជួយពិនិត្យ និងដោះស្រាយបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាន បញ្ហានិទណ្ឌភាព ដែលកើតមានកន្លងមក ហើយឱ្យមានការបង្កើតច្បាប់មួយចំនួនដូចជាសិទ្ធិទទួលបានព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មានដែលគួរមានការពន្លឿនថែមទៀត»។
កម្មវិធីជួបជុំអ្នកសារព័ត៌មាននេះធ្វើឡើង ៥លើកមកហើយ ក្នុងពេលលោកហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដែលកាលពីលើកទី៥ ធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមជិត ៥ ពាន់នាក់។
ពិធីនេះបានខកខានធ្វើរយៈពេល៣ ឆ្នាំដោយសារវិបត្តិកូវីដ១៩ ហើយលោកហ៊ុន សែន ក៏បានកំណត់យកថ្ងៃ១៤ មករា ជាថ្ងៃជួបជុំអ្នកសារព័ត៌មានផងដែរ ជាថ្ងៃខួបលោកឡើងកាន់តំណែងនាយករដ្ឋមន្ត្រី៕