ភ្នំពេញៈ លោក គង់ សំអុល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញផែនការណែនាំ ដល់គ្រប់ក្រសួងរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ឱ្យរៀបចំពិធីបុណ្យមាឃបូជា នៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ ដើម្បីឱ្យបុណ្យនេះប្រព្រឹត្តទៅបានយ៉ាងមហោឡារិក ស្របតាមប្រពៃណីព្រះពុទ្ធសាសនា។
តាមរយៈផែនការណែនាំ ស្តីពីការរៀបចំពិធីបុណ្យមាឃបូជា ដែលបានចេញផ្សាយនៅថ្ងៃទី៩ ខែមករា បានឱ្យដឹងថា បុណ្យមាឃបូជា គឺជាបុណ្យមួយនៃបណ្តាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសាសនាលើសកលលោក តែងតែប្រារព្ធធ្វើពុំដែលខាន។
ពិធីនេះប្រារព្ធធ្វើឡើងដើម្បីរំឭកដល់អភិលក្ខិតសម័យទាំង២ នៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើងនៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាស ដាក់ព្រះជន្មាយុសង្ខារ។ ជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកខ្មែរ តែងតែប្រារព្ធធ្វើបុណ្យមាឃបូជា នៅគ្រប់វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកថា ជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត។
លោក គង់ សំអុល បានបញ្ជាក់ថា៖«រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់ចែងរៀបចំពិធីបុណ្យនេះ នៅបរិវេណព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ អ្នកមុខ អ្នកការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស សីលវន្ត សីលវតី និងពុទ្ធបរិស័ទចូលរួមបំពេញកុសល ស្របតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា ដែលបានចែងថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ»។
បើតាមលោក គង់ សំអុល ឆ្នាំនេះ ពិធីបុណ្យមាឃបូជា នឹងត្រូវប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃសៅរ៍ ១៥កើត និងថ្ងៃអាទិត្យ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា នៅថ្ងៃទី១០ ខែមករា បានបដិសេធធ្វើអត្ថាធិប្បាយ ដោយលោកថ្លែងថា កំពុងជាប់ប្រជុំ។
ចំណែកលោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា លោកមិនទាន់ហ៊ានធ្វើអត្ថាធិប្បាយឱ្យបានស៊ីជម្រៅ ជុំវិញការរៀបចំពិធីបុណ្យមាឃបូជារបស់រដ្ឋបាលខេត្តក្នុងកម្រិតណានោះទេ ដោយលោករង់ចាំអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បើកកិច្ចប្រជុំ និងរៀបចំផែនការជាមុនសិន។
ទាក់ទិននឹងបញ្ហានេះដែរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងនៅថ្ងៃទី១០ ខែមករា ថា ពិធីបុណ្យមាឃបូជាគឺជាពិធីបុណ្យធំមួយនៅក្នុងព្រះពុទ្ធសាសនា នៅក្នុងប្រទេសកម្ពុជា ហើយកម្មវិធីបុណ្យនេះ តែងតែប្រារព្ធធ្វើនៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧដុង្គ)។
លោកថា ដូចរាល់ឆ្នាំដែរ រដ្ឋបាលខេត្ត តែងតែសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំពិធីបុណ្យ ចាត់ចែងនិមន្ត ព្រះសង្ឃ អញ្ជើញមន្ត្រីរាជការ សីលវន្ត សីលវតី ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សចូលរួម និងចាត់កម្លាំងសម្អាតទីតាំងប្រារព្ធពិធីបុណ្យ តុបតែងលម្អតាមដងផ្លូវ និងកម្លាំងការពារ រក្សាសន្តិសុខសណ្តាប់ ធ្នាប់សង្គម ចរាចរណ៍ មុន-ក្រោយ និងក្នុងពេលប្រារព្ធពិធីបុណ្យ ដើម្បីធានាឱ្យមានសុវត្ថិភាពល្អប្រសើរ។
លោក គង់ សោភ័ណ្ឌ បានថ្លែងថា៖«ដូចរាល់ឆ្នាំដែរ រដ្ឋបាលខេត្តនឹងរៀបចំប្រារព្ធធ្វើពិធីនេះឱ្យបានអធិកអធម ហើយបច្ចុប្បន្ននេះ យើងកំពុងសម្អាតនៅទីតាំងប្រារព្ធកម្មវិធីបណ្តើរៗដែរ។ ជាមួយគា្ននោះ យើងក៏នឹងត្រៀមកម្លាំងសន្តិសុខ ដើម្បីការពារសុវត្ថិភាពជូនដល់ពុទ្ធបរិស័ទចូលរួមផងដែរ»៕