ភ្នំពេញៈ ក្រសួងព័ត៌មាន បានក្រើនរំឭកដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ខណៈក្រសួងសុខាភិបាល ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋកុំប្រើប្រាស់គ្រឿងស្រវឹង ដែលធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងសង្គម។
ការក្រើនរំឭកបែបនេះធ្វើ ឡើងតាមរយៈសេចក្ដីប្រកាសដែលបានចុះហត្ថលេខាដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី ៩ ខែមករាដោយលោកបានលើកឡើងថា បច្ចុប្បន្នក្រសួងសង្កេតឃើញមានការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមរយៈស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទយ៉ាងគគ្រឹកគគ្រេង។
ក្នុងនោះក៏មានការផ្តល់រង្វាន់ផ្សងសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានធ្វើបទសម្ភាសន៍ជាមួយអ្នកត្រូវរង្វាន់ដោយប្រើសកម្មភាពជំរុញលើកទឹកចិត្ត និងប្រើរូបភាពដើម្បីអូសទាញឱ្យប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវជនឈ្លក់វង្វេងសេពគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ដើម្បីផ្សងយករង្វាន់ធ្វើឱ្យប៉ះពាល់ដល់អនាគតយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី។
លោក នេត្រ ភក្ត្រា បានបន្តថា មួយវិញទៀតវាក៏បង្កផលប៉ះពាល់ដល់សង្គមមួយផ្នែក កើតចេញពីការទទួលទានគ្រឿងស្រវឹងដោយខ្វះការទទួលខុសត្រូវ ដូចជា គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ ក្នុងសង្គម និងប៉ះពាល់សុខភាពជាដើម។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា៖ «ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់រាល់ភាពអសកម្មទាំងនេះក្រសួងព័ត៌មានសូមធ្វើការក្រើនរំឭកជាថ្មីម្តងទៀតដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និងក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ក្រមប្រតិបត្តិ»។
គោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មាន គឺតម្រូវឱ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន,ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ដោយប្រើសកម្មភាពជំរុញលើកទឹកចិត្ត ឬអូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងពាក្យស្លោកដែលមានចរិតលើកទឹកចិត្តហួសហេតុពេក។
ក្រសួងព័ត៌មានបន្ថែមថា៖ «ហាមយកស្ត្រី និងអនីតិជនក្រោមអាយុ ១៨ ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ហើយរាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមកញ្ចក់ទូរទស្សន៍គ្រប់ប្រភេទ សារព័ត៌មាន តាមប្រព័ន្ធអនឡាញប៉ាណូផ្ទាំងផ្សាយពាណិជ្ជកម្មនានា ត្រូវដាក់សារព្រមាន «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ» ឬ «ពិសាដោយការទទួលខុសត្រូវ»។
ដោយឡែកក្រសួងសុខាភិបាលក៏បានជូនដំណឹងផងដែរ ពីការប្រើប្រាស់គ្រឿងស្រវឹងផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងសង្គម ជាពិសេសសមាជិកគ្រួសារ មិត្តភក្តិរួមការងារ និងអ្នកដទៃ។ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី ១០ ខែមករា បានឱ្យដឹងថា គ្រឿងស្រវឹងបង្កឱ្យមានផលប៉ះពាល់រយៈពេលវែងដូចជា ជំងឺក្រិនថ្លើម ខូចថ្លើម ជំងឺមហារីក ជំងឺបេះដូង និងសរសៃឈាម ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺខ្សោយសាច់ដុំ និងឆ្អឹង ជំងឺផ្លូវចិត្ត ហើយនិងកើតជំងឺមិនឆ្លងផ្សេងៗទៀតផងដែរ។
ក្រសួងសុខាភិបាលបញ្ជាក់ថា៖ «សូមអំពាវនាវដល់សាធារណជនទាំងអស់ ជាពិសេសយុវវ័យត្រូវចៀសវាងពីការប្រើប្រាស់គ្រឿងស្រវឹង។ ចំពោះអ្នកមិនធ្លាប់ប្រើប្រាស់គ្រឿងស្រវឹង សូមកុំសាកល្បង ដោយឡែកអ្នកកំពុងប្រើប្រាស់គ្រឿងស្រវឹង សូមកាត់បន្ថយឱ្យបានជាអតិបរមា ដើម្បីសុខភាពរបស់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក»។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន គ្រួសារសាលារៀន និងសហគមន៍ចូលរួមបង្កើតបរិយាកាសកាត់បន្ថយ ការប្រើប្រាស់គ្រឿងស្រវឹងដោយអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងលើកទឹកចិត្តគាំទ្រអ្នកប្រើប្រាស់គ្រឿងស្រវឹងឱ្យលះបង់ការប្រើប្រាស់គ្រឿងស្រវឹង។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានថ្លែងនៅថ្ងៃទី ១០ ខែមករាថា ការផ្សព្វផ្សាយ និងចែកចាយផលិតផលគ្រឿងស្រវឹងបច្ចុប្បន្ននេះ ស្ថិតក្នុងរូបភាពមួយដែលអនាធិបតេយ្យខ្លាំងណាស់ ទាំងនៅក្នុងកម្មវិធីជួបជុំនានា ក៏ដូចជាក្នុងពិធីបុណ្យជាតិផងដែរ។ ក្នុងរូបភាពអនាធិបតេយ្យនេះហើយ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ស្រទាប់ បានសេពគ្រឿងស្រវឹងច្រើន ខណៈដែលឥឡូវនេះ ផលិតផលស្រាបៀរថ្មីៗ ក៏កំពុងកើនឡើងជាបន្តបន្ទាប់ផងដែរ។
លោកថ្លែងថា៖ «យើងសង្ឃឹមថា នាយករដ្ឋមន្ត្រីថ្មី លោកនឹងមានស្មារតីប្ដេជ្ញា កាត់បន្ថយហានិភ័យនៃគ្រឿងស្រវឹងកុំឱ្យខូចអនាគតដល់យុវជនខ្មែរជំនាន់ក្រោយ ដោយការបន្ថែមពន្ធលើផលិតផលគ្រឿងស្រវឹង និងការពន្លឿនអនុម័តច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ដែលជាប់គាំងជិត ១០ ឆ្នាំមកហើយ»។
លោក យង់ គិមអេង ថ្លែងទៀតថា ចំពោះការប្រកាសរបស់ក្រសួងព័ត៌មាន និងក្រសួងសុខាភិបាល គឺវារួមចំណែកជាស្មារតីមួយក្នុងការការពារសុខភាពរបស់ពលរដ្ឋ ក៏ដូចជាចង់រួមចំណែកកុំឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មអូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេង សេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ជាដើម។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ស្តីពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២ ដែលចេញផ្សាយកាលពីដើមខែមេសា ឆ្នាំ ២០២៣ បានឱ្យដឹងថា តាមរយៈការស្ទង់មតិថ្មីមួយដែលធ្វើឡើងដោយក្រសួងសុខាភិបាល និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធផ្សេងទៀត បានបង្ហាញថា បុរស ៧ នាក់ ក្នុងចំណោម ១០ នាក់ ដែលស្មើប្រមាណ ៧០% សេពគ្រឿងស្រវឹង។
ការស្ទង់មតិនេះដែរ បង្ហាញទៀតថា ក្នុង ១ ខែបុរស ១០% ពិសាគ្រឿងស្រវឹងជារៀងរាល់ថ្ងៃ ឬស្ទើរតែរាល់ថ្ងៃ។ ចំណែក ៦០% សេពគ្រឿងស្រវឹងពី ១ ថ្ងៃ ទៅ ៥ ថ្ងៃ, ១៨% ពិសាគ្រឿងស្រវឹង ៦ ថ្ងៃ ទៅ ១០ ថ្ងៃ និង ១២% ពិសាគ្រឿងស្រវឹងពី ១១ ថ្ងៃ ទៅ ២៤ ថ្ងៃ៕