ភ្នំពេញៈ ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍អនឡាញ (Trip Advisor) បានដាក់ចំណាត់ថ្នាក់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា ជាប់លេខ ៩ ក្នុងចំណោមទិសដៅទេសចរណ៍ពេញនិយមបំផុតផ្សេងទៀតទាំង ២៥ នៅក្នុងពិភពលោក សម្រាប់ឆ្នាំ ២០២៤ ដែលចំណាត់ថា្នក់នេះ ក្រសួងទេសចរណ៍រំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តក្នុងប្រទេសកម្ពុជា បានច្រើនបន្ថែមទៀត។
យោងតាមការស្ទង់មតិរបស់ Trip Advisor ដែលជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍អនឡាញ ដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក បានឱ្យដឹងនៅថ្ងៃទី ៩ ខែមករាថា តាមរយៈការបោះឆ្នោតជ្រើសរើសគោលដៅទេសចរណ៍ដ៏ល្អបំផុតពីសំណាក់ភ្ញៀវទេសចរទាំងអស់ក្នុងរយៈពេល ១២ ខែកន្លងមកនេះដោយបានបង្ហាញថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានប្រទេសចំនួន ៥ បានជាប់ចំណាត់ថ្នាក់ក្នុងចំណោមទិសដៅទេសចរណ៍ពេញនិយមបំផុតផ្សេងទៀតទាំង ២៥ នៅក្នុងពិភពលោកសម្រាប់ឆ្នាំ ២០២៤។
ប្រភពដដែលបានបន្តថា ក្នុងនោះមាន ប្រទេសវៀតណាម ទីក្រុងសាប៉ា បានជាប់ចំណាត់ថ្នាក់ទី៥, ប្រទេសថៃ ទីក្រុងប៉ាតាយ៉ាបានជាប់ចំណាត់ថ្នាក់ទី៧, ប្រទេសកម្ពុជា ទីក្រុងភ្នំពេញ បានជាប់ចំណាត់ថ្នាក់ទី៩ និងប្រទេសម៉ាឡេស៊ី ទីក្រុងគូឡាឡាំពួ បានជាប់ចំណាត់ថ្នាក់ទី១០ ខណៈដែលប្រទេសឥណ្ឌូនេស៊ី ទីក្រុង Bandung បានជាប់ចំណាត់ថ្នាក់ទី១៥។
Trip Advisor បានបង្ហាញទៀតថា ភ្ញៀវទេសចរដែលមានបំណងចង់មកលម្ហែកម្សាន្ត នៅទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជានឹងពេញចិត្តចំពោះបន្ទប់សណ្ឋាគារ និងម្ហូបអាហារនៅតាមភោជនីយដ្ឋានដែលមានតម្លៃសមរម្យ។ ក្រៅពីនេះទីក្រុងភ្នំពេញ ក៏មានកន្លែងកម្សាន្តបែបវប្បធម៌ និងប្រវត្តិសាស្ត្រជាច្រើនទៀតផងដែរ។
លោក តុប សុភ័គ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១០ ខែមករាថា កន្លងមក Trip Advisor ដែលជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍អនឡាញ ធ្លាប់បានផ្ដល់ចំណាត់ថ្នាក់ច្រើនដងមកហើយសម្រាប់គោលដៅទេសចរណ៍នៅកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ក៏ដូចជាការផ្ដល់ចំណាត់ថ្នាក់លេខ ១ ដែលមានប្រជាជនមានភាពរួសរាយរាក់ទាក់ជាងគេសម្រាប់ទទួលភ្ញៀវទេសចរ។
លោកបានបន្តថា ការទទួលបានចំណាត់ថ្នាក់ជាច្រើនដងពី Trip Advisor នេះ ជាការរួមចំណែកផ្សព្វផ្សាយមួយដ៏ល្អក្នុងការទាក់ទាញសក្ដានុពលទេសចរណ៍នៅកម្ពុជា ក៏ដូចជារួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្សាន្តក្នុងប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។
លោក តុប សុភ័គ បានបញ្ជាក់ថា៖ «ជារួមមកការផ្ដល់ចំណាត់ថ្នាក់ដល់រាជធានីភ្នំពេញ វាជាកន្លែងមួយមានទាំងវប្បធម៌ ប្រវត្តិសាស្ត្រ ទាំងម្ហូបអាហារ និងសណ្ឋាគារ ដែលមានតម្លៃសមរម្យ គឺវាជួយរួមចំណែកយ៉ាងធំធេងក្នុងការផ្សព្វផ្សាយសក្ដានុពលរបស់កម្ពុជា មិនត្រឹមតែរាជធានីភ្នំពេញមួយទេ ប៉ុន្តែជារួមសម្រាប់កម្ពុជាផ្ទាល់តែម្ដង»។
បើតាមលោក តុប សុភ័គ ក្នុងឆ្នាំ ២០២៣ កន្លងមកនេះ លោកសង្កេតឃើញថា កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥ លាននាក់ ក្នុងអត្រាកំណើនប្រហែល ១៣៩,៥ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២២។
លោកបានបន្ថែមថា ដោយឡែកសម្រាប់គោលដៅទេសចរណ៍រាជធានីភ្នំពេញ ក្នុងឆ្នាំ ២០២៣ កន្លងមកបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួនជាង ១ លាននាក់ ហើយក្នុងនោះភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនានៅរាជធានីភ្នំពេញភាគច្រើនជាជនជាតិចិន បន្ទាប់មកកូរ៉េខាងត្បូង សហរដ្ឋអាមេរិក ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី តៃវ៉ាន់ បារាំង ជប៉ុននិងអង់គ្លេស៕