ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកត់សម្គាល់លើវឌ្ឍនភាពទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ ដែលស្តែងឡើងតាមរយៈការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនតួយ៉ាងពាណិជ្ជកម្ម, ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
ការកត់សម្គាល់របស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក និងលោក ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៤ នាវិមានសន្តិភាព។ នេះបើយោងតាមលទ្ធផលនៃជំនួបដែលបានផ្សព្វផ្សាយតាមរយៈតេឡេក្រាមរបស់លោក ហ៊ុន ម៉ាណែត។
លទ្ធផលដដែលលើកឡើងថា លោក ឆឺតកៀត អាត់ថាកន បានលើកឡើងនៅក្នុងជំនួបពីស្ថានភាពរីកចម្រើននៃទំនាក់ទំនងជាមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងថៃ នាពេលកន្លងមក ហើយឯកអគ្គរាជទូតថៃរូបនេះ ក៏បង្ហាញការប្តេជ្ញាចិត្តជំរុញទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំនិងជិតស្និទ្ធបន្ថែមទៀត។
ប្រភពដដែលបញ្ជាក់ថា៖ «ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជូន ឯកឧត្តមនាយករដ្ឋមន្ត្រីថៃក្នុងដំណើរ ទស្សនកិច្ចផ្លូវការនៅកម្ពុជាកាលពីខែកញ្ញាឆ្នាំ ២០២៣ កន្លងទៅ»។
លើសពីនេះ លោកក៏បញ្ជាក់ប្រាប់លោក ហ៊ុន ម៉ាណែត ផងដែរ ពីការទន្ទឹងរង់ចាំទទួលបដិសណ្ឋារកិច្ចរបស់ថៃ ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃ នាពេលខាងមុខ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានសម្តែងអំណរគុណដល់សមភាគីថៃ ជាពិសេសដល់ឯកអគ្គរាជទូតថៃ ចំពោះការប្តេជ្ញាចិត្តក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំនិងលូតលាស់បន្ថែម។
លទ្ធផលនៃជំនួបដដែលនេះបញ្ជាក់ថា៖ «សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការកត់សម្គាល់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំង ២ លើវិស័យសក្តានុពលជាច្រើនដូចជាពាណិជ្ជកម្ម ទេសចរណ៍និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន»។
លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ថា រដ្ឋាភិបាលកម្ពុជាមានគោលនយោបាយការបរទេស កសាងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង តួយ៉ាងការកសាងព្រំដែនមិត្តភាពកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ជាគោលនយោបាយតាំងពីសម័យលោកហ៊ុន សែន តមកជំនាន់លោក ហ៊ុន ម៉ាណែត។
លោកបន្តថា៖ «លើសពីនេះ ជាព្រំដែនសម្រាប់ការផ្តោះប្តូរពាណិជ្ជកម្ម ទេសចរណ៍ ជាពិសេសប្រទេសជិតខាងយើងមិនថា ឡាវក្តី វៀតណាមក្តី ថៃក្តី ជាអ្នកជិតខាងត្រូវបង្កើតទំនាក់ទំនងល្អជាមួយគ្នា ព្រោះយើងរស់នៅជិតខាងគ្នា ត្រូវកសាងទំនាក់ទំនងល្អនឹងគ្នា។ ជាមួយថៃ ក្រៅពីផ្នែកទេសចរណ៍ ទំនាក់ទំនងប្រជាជន ពាណិជ្ជកម្ម យើងមានការវិនិយោគ ដែលវិនិយោគរបស់ថៃក៏មានច្រើនដែរនៅកម្ពុជាយើង»។
លោក ប៉ែន បូណា បានបន្ថែមថា រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត បន្តមរតកនយោបាយការបរទេសរបស់ឪពុកបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាហើយជំរុញពង្រឹងទំនាក់ទំនងទាំងនេះឱ្យកាន់តែស្អិតល្មួតថែមទៀត។
លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា ទំនាក់ទំនងកម្ពុជានិងថៃ ជាទំនាក់ទំនងចាំបាច់និងត្រូវបន្តពង្រឹង ក្នុងនាមជាប្រទេសជិតខាងបើទោះបីភាគីទាំង ២ មិនទាន់ចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនឹងគ្នាក្តី ខណៈប្រជាជននៃប្រទេសទាំង ២ ត្រូវការគ្នាទៅវិញទៅមក ជាពិសេសប្រជាជនតាមបណ្តាខេត្តជាប់ព្រំដែន តួយ៉ាងសេដ្ឋកិច្ចពាណិជ្ជកម្ម។
លោកថា៖ «កម្ពុជាត្រូវការថៃពាក់ព័ន្ធសេដ្ឋកិច្ចពាណិជ្ជកម្ម និងការងារ ហើយកសិផលកម្ពុជាដូចជាដំឡូង ស្រូវ ពោត សណ្តែក ជាដើម ក៏មានទីផ្សារចម្បងនៅថៃផងដែរ។ កម្ពុជាត្រូវការថៃ ហើយថៃក៏ត្រូវការកម្ពុជាដែរ»។
ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ លោក ស៊ឺន សម យល់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់តាមវិស័យភាគីទាំង ២ គួរជួបពិភាក្សាគ្នា និងផ្លាស់ប្តូរទស្សនកិច្ចគ្នាស្វែងយល់ពីគ្នាឱ្យបានញឹកញាប់ ដើម្បីកាត់បន្ថយការយល់ច្រឡំពីគ្នាដោយប្រការណាមួយជាពិសេសពាក់ព័ន្ធនឹងការប៉ះទង្គិចផ្នែកវប្បធម៌និងជាតិនិយមជាដើម។
សូមជម្រាបថា កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានិងជួបពិភាក្សាជាមួយលោកហ៊ុន ម៉ាណែតពីការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មការវិនិយោគ ក៏ដូចជាកិច្ចព្រមព្រៀងពីបញ្ហាពលករដែលពលករកម្ពុជាប្រមាណ ៥២ ម៉ឺននាក់កំពុងធ្វើការនៅប្រទេសថៃ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង ២ សម្រេចបានប្រមាណ ៩,៨ ពាន់លានដុល្លារ៕