ភ្នំពេញៈ ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​.)​​ បានអនុម័ត​លើ​ផែនការ​សកម្មភាព​និង​ថវិកា​ឆ្នាំ​ ២០២៤ ប្រមាណ​ជិត ១ ៨០០​ លាន​ដុល្លារ ដោយ​ផ្តោតលើ​ការ​ពង្រឹង​ការអភិវឌ្ឍ​មូលដ្ឋាន និង​គណនេយ្យភាព​ក្នុង​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជា​ពល​រដ្ឋ​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​ការអនុម័ត​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​លើក​ទី ​២២ ​របស់ គ​.​ជ​.​អ​.​ប​.​កាលពី​ថ្ងៃទី​ ៩ ខែ មករា ក្រោម​អធិបតីភាព​លោក​ឧ​ប​នា​​យក​រដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គ​.​ជ​.​អ​.​ប​. ដោយមាន​ការចូលរួម​ពី​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី តំណាង​ក្រសួង ស្ថាប័ន និង​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជ​​ធានី​ខេត្ត ប្រមាណ ​១៥០ ​រូប​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​អ​.​ប​. បានឱ្យដឹងថា អង្គប្រជុំ​នេះ​បានអនុម័ត​លើ​របាយការណ៍​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​ ២០២៣​របស់ គ​.​ជ​.​អ​.​ប​. ដែល​បានសម្រេច​លទ្ធផល​ប្រមាណ​ ៨៥ ​ភាគរយ​នៃ​លទ្ធ​ផល​រំពឹងទុក​និង​សកម្មភាព​នៅ​សេសសល់​មួយចំនួន​ត្រូវ​លើក​យកមកអនុវត្ត​នៅ​ឆ្នាំ ២០២៤​។​

​សេចក្តីប្រកាស​បានបញ្ជាក់​ថា​៖ «​បន្ទាប់ពី​ការពិនិត្យ​ពិភាក្សា អង្គ​​ប្រជុំបាន​អនុម័ត​លើ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ ២០២៤ របស់ គ​.​ជ​.​អ​.​ប​. ដែលមាន​លទ្ធផល​រំពឹងទុក​ចំនួន​ ៣៤ សកម្ម​ភាពជា​អាទិភាព​ចំនួន​ ៨៧ និង​សូចនាករ ចំនួន​ ១៣៩ ក្រោម​ថវិកា​ប៉ាន់ស្មាន​ប្រមាណ​ជិត ១ ៨០០​ លាន​ដុល្លារ​»​។​

​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​ ២០២៤ របស់ គ​.​ជ​.​អ​.​ប​. គឺជា​ផែនការ​ឆ្នាំ​ទី ​៤ ​នៃ​ការ​អនុ​វត្ត​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​ដំណាក់កាល​ទី ​២ ដែល​បាន​បន្ត​ផ្តោតលើ​ការពង្រឹង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឱ្យ​កាន់​តែមាន​ភាពរឹងមាំ ស្អាតស្អំ មាន​សមត្ថ​​ភាព លទ្ធភាព និង​ការទទួលខុសត្រូវ​ច្បាស់លាស់​ក្នុងការ​អនុវត្ត​មុខងារ​ដែល​បាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​ជាមួយគ្នានេះ អង្គប្រជុំ​ក៏បាន​ពិនិត្យ ពិភាក្សា​លើ​របៀបវារៈ​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​ការ​​ជំរុញ និង​ពង្រឹង​ការគ្រប់គ្រង​ការវិនិយោគ​នៅ​រដ្ឋបាល​រាជធានី​-​ខេត្ត​ ដោយ​ស្នើឱ្យ​ក្រសួង ស្ថា​ប័ន​ថ្នាក់ជាតិ​ព​ន្លឿ​ន​ការធ្វើប្រតិភូកម្ម​សិទ្ធិអំណាច​ទៅឱ្យ​មន្ទីរ អង្គភាព​ខ្សែបណ្តោយ​របស់ខ្លួន​ដើម្បី​ធ្វើជា​សេនាធិការ​ឱ្យ​អនុគណៈកម្មាធិការ​វិនិយោគ​នៅ​រដ្ឋបាល​រាជធានី​-​ខេត្ត​ក្នុងការ​ពិនិត្យ និង​សម្រេច​លើ​គម្រោង​វិនិយោគ​ដែលមាន​ទុន​សមមូល ​៥ ​លាន​ដុល្លារ​ ចុះ​ក្រោម​យ៉ាងយូរ​ត្រឹម​ត្រីមាស​ទី ១ នៃ​ឆ្នាំ ២០២៤​។​

​នាឱកាស​នោះដែរ លោក ស សុខា ប្រធាន គ​.​ជ​.​អ​.​ប​. បាន​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ត្រូវ​បន្ត​ពង្រឹង​កិច្ច​សហការគ្នា​ក្នុងការ​ដឹកនាំ ការគ្រប់គ្រង ការ​រៀបចំ និង​ការអនុវត្ត​កំណែ​​ទម្រង់​វិមជ្ឈការ និង​វិ​ស​ហម​ជ្ឈ​ការ​ក្នុង​ក្របខ័ណ្ឌ​សមត្ថកិច្ច​របស់ខ្លួន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​​ភាព​បន្ថែមទៀត​បើទោះបីជា​ការអនុវត្ត​កន្លងមក​ទទួលបាន​ល​ទ្ធ​ផល​ល្អ​ក្តី​។​​ជាមួយ​គា្ន​នេះ លោក​បានបង្ហាញ​លទ្ធផល​លេចធ្លោ​នៃ​កំណែទម្រង់​ការអភិវឌ្ឍ​ប្រជា​​ធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដែល​សម្រេចបាន​ក្នុង​ដើម​នីតិ​កាល​ទី ​៧ នៃ​រដ្ឋសភា​។​

​លោក​បាន​ថ្លែងថា​៖ «​មិន​ត្រឹមតែ​បាន​បន្ត​និរន្តរភាព​ការ​​ងារ​របស់ខ្លួន​យ៉ាង​ល្អប្រសើរ​ពី​រាជរដ្ឋាភិបាល​នីតិកាល​ចាស់​ប៉ុណ្ណោះ​ទេ បន្ទាប់ពី​ការបង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​ ៧ រយៈ​ពេល ​៤​ ខែ​កន្លងមក គ​.​ជ​.​អ​.​ប​.​បាន​បន្តការងារ​កំណែ​ទម្រង់​ដោយ​សម្រេចបាន​លទ្ធផល​លេចធ្លោ​សំខាន់ៗ​ទាំង​នៅ​កម្រិត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​»​។​

​លោក​ក៏បាន​បង្ហាញ​ការ​កត់​​សម្គាល់​ដែរ​ថា នៅ​ដើម​នីតិកាល​​ថ្មី​នេះ យន្តការ​ច្រកចេញចូល​តែ ​១ ក៏បាន​បន្ត​ពង្រឹង​ការផ្តល់សេវា​ក្នុង​ដែន​សមត្ថកិច្ច​នៃ​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​នីមួយៗ​លើ​សេវា​ប្រមាណ​ជាង​៨០០​ប្រភេទ​ឱ្យ​កាន់​តែមាន​លក្ខណៈ​ងាយស្រួល ឆាប់រហ័ស មាន​តម្លាភាព និង​ប្រសិទ្ធភាព​។​

​លោក​បាន​បញ្ជាក់ទៀតថា ការងារ​ដូច​បានបញ្ជាក់​មកនេះ ក៏​ទទួល​ការកត់សម្គាល់ និង​កោតសរសើរ​ពី​រដ្ឋសភា​ផងដែរ​។​លោក ​អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គ​​ការ​លីកាដូ​បាន​ថ្លែងថា គណៈកម្មាធិការ​នេះ​ដើរតួនាទី​សំខាន់​ណាស់​ក្នុងការ​កែទម្រង់​ថ្នាក់​ក្រោម​ជាតិ​ឱ្យមាន​អភិបាលកិច្ច​ល្អ គណនេយ្យភាព បម្រើ សេវា​ដល់​ពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស និង​តម្លាភាព​។  

​លោក​ថា ការដែល​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ទី ៧ ​នេះ​បានអនុម័ត​លើ​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​ ២០២៤ ប្រមាណ​ជិត ១ ៨០០​ លាន​ដុល្លារ​ ដោយ​ផ្តោតលើ​ការពង្រឹង​ការអភិវឌ្ឍ​មូលដ្ឋាន​គឺជា​រឿង​មួយផ្នែក ប៉ុន្តែ​ក៏ត្រូវ​ពឹង​លើ​ការអនុវត្ត​របស់​មន្ត្រី​ផងដែរ​។​

​លោក ​អំ សំអាត បាន​បញ្ជាក់ថា​៖«​ប៉ុន្តែ​ការពង្រឹង​ការអភិវឌ្ឍ​មូលដ្ឋាន និង​គណនេយ្យភាព​ក្នុង​ការផ្តល់​សេវាសាធារណ​:​ជូន​ប្រជាពលរដ្ឋ គឺ​មិន​ផ្អែកលើ​ថវិកា​តែមួយ​ទេ គឺ​ផ្អែកលើ​ឆន្ទ​:​ការងារ​របស់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ មិនមាន​អំពើពុករលួយ តម្លាភាព និង​អភិបាលកិច្ច​ល្អ ដូច្នេះ​ទន្ទឹមនឹង​ការអនុម័ត​ថវិកា​គឺ​ត្រូវ​ពិនិត្យ​លើ​យន្តការ​ទាំងនេះ​ទៀតផង​ដែរ​»​។​

​សូម​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ​២០២៣ សមាជិក​រដ្ឋសភា​ជាច្រើនរូប​មានការ​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​បានផ្ដល់​អនុសាសន៍​ឱ្យ​គ​.​ជ​.​អ​.​ប​. បន្ត​ខិតខំ​ប្រឹងប្រែង​ជំរុញ និង​ពង្រឹង​ការអនុវត្ត​កម្មវិធី​កំណែ​​ទម្រង់​នេះ​ឱ្យបាន​កាន់តែ​មុត​ស្រួច​ស៊ីជម្រៅ និង​ឱ្យមាន​ប្រសិទ្ធ​ភាព​បន្ថែមទៀត​៕