សៀមរាបៈ ក្រុមអភិរក្សថ្ម (SCU) នៃអាជ្ញាធរជាតិអប្សរា បានជួសជុលបង្កាន់ដៃនាគប្រវែង ២៤ ម៉ែត្រ នៅជ្រុងឦសានខាងក្នុងរោងទងទី១ នៃប្រាសាទបន្ទាយសំរ៉ែ បញ្ចប់ជាស្ថាពរហើយ កាលពីចុងឆ្នាំ ២០២៣ កន្លងទៅ។
គម្រោងនេះមានរយៈពេលប្រមាណ ៦ ខែ ដោយបានចាប់ផ្តើមតាំងពីពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២៣ មក។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤។
ប្រធានក្រុមការងារអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា លោក ឡុង ណារី បានឱ្យដឹងថា រចនាសម្ព័ន្ធបង្កាន់ដៃនាគរបស់ប្រាសាទបន្ទាយសំរ៉ែ បានរងការខូចខាតធ្ងន់ធ្ងរដោយរលំបាក់បែកជាច្រើនបំណែក កន្លែងខ្លះធ្លាក់លើដី និងខ្លះទៀត ផ្អៀងទ្រេតមិនមានលំនឹងធ្លាក់ថ្មមកលើកម្រាលជាដើម។
លោក ឡុង ណារី ឱ្យដឹងទៀតថា រយៈពេល ៦ ខែ ក្រុមការងារបានប្រឹងប្រែងប្រមូលបំណែកថ្មបង្កាន់ដៃនាគ ដែលមាននៅនឹងកន្លែង និងស្វែងរកបំណែកខ្លះទៀតដែលចល័តទៅទីតាំងផ្សេងៗ យកមករៀបចំផ្គុំឡើងវិញទៅតាមលទ្ធភាពដែលអាចរកឃើញ។
រីឯ ទីតាំងមួយចំនួនដែលមិនអាចរកឃើញ គឺបានបន្ថែមថ្មថ្មីជំនួសដើម្បីឱ្យបង្កាន់ដៃនាគរក្សាបាននូវទម្រង់ដើម និងមានភាពរឹងមាំជាថ្មីម្តងទៀត។
ក្រោយពីក្រុមអ្នកជំនាញបានបញ្ចប់ការងារជួសជុលបង្កាន់ដៃនាគនេះ បានជួយលើកសោភណភាពនៃប្រាសាទនេះឡើងវិញ ព្រមទាំងមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរដែលទៅទស្សនានៅប្រាសាទបន្ទាយសំរ៉ែផងដែរ។
ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូប សូមកុំអង្គុយឬផ្អែកលើសំណង់បុរាណដែលចាស់ទ្រុឌទ្រោមនេះ ដើម្បីរួមគ្នាថែរក្សាបន្តទៅមុខទៀត ប្រយោជន៍សម្រាប់ភាពគង់វង្សយូរអង្វែងនូវមរតកដូនតារបស់យើងទាំងអស់គ្នា៕